ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ,សមាជិកក្រុមប្រឹក្សាខេត្ត លោកខូយ ឃុនហ៊ តំណាងលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សាលាដំបូងខេត្ត មន្ទីរ អង្គភាព កងកម្លាំងទាំង៣ រដ្ឋបាលក្រុង/ស្រុកទាំង៨ អតីតយុទ្ធជន និវត្តន៍ជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ«៩ វិច្ឆិកា១៩៥៣-៩ វិច្ឆិកា២០២៥» និងព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ខួបលើកទី២១ ព្រះវស្សារបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្តូបវិមានឯករាជ្យ ស្ថិតក្នុងក្រុងព្រះវិហារ។
នៅក្នុងឱកាសនោះ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានមានប្រសាសន៍ បង្ហាញពីអារម្មណ៍រំភើបឥតឧបមា ពីការប្រារព្ធពិធីដ៏មានសារសំខាន់ទាំងពីរនេះឡើងនាពេលនេះ ដើម្បីបង្ហាញឲ្យឃើញពីការរំលឹកដល់គុណូបការៈ និងស្នាព្រះហស្ដដ៏ឧត្តុង្គឧត្តមឧត្តម ថ្លៃថ្លា ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំកម្លាំងប្រដាប់អាវុធ ក្នុងព្រះរាជបេសកកម្ម របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ដែលព្រះអង្គទ្រង់ បានលះបង់នូវព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ជូនប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប រហូតទទួលបានឯករាជ្យពេញ បរិបូរណ៍ទាំងស្រុង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
លោកអភិបាលខេត្តព្រះវិហារ មានប្រសាសន៍ទៀតថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ទូទាំងខេត្តព្រះវិហារ ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាដង្ហែរតាមព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រយ៉ាងពេញទំហ៊ឹងក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព ជាពិសេស គឺគន្លឹះជាអាទិភាពទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ នាខណៈនោះ អង្គពិធីក៏បានគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រលែងសត្វព្រាប និងបង្ហោះប៉ោង ប៉ោង តំណាងពីសេរីភាព ថែមទៀតផង៕ដោយ៖ឡុង សំបូរ






































