(កំពង់ធំ)៖ ដើម្បីចូលរួមលើកកម្ពស់ និងគាំទ្រលើវិស័យសុខាភិបាលនៅកម្ពុជា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ក្រុមវេជ្ជបណ្ឌិតមកសហរដ្ឋអាមេរិករបស់អង្គការ Medical Mission Outreach តាមរយ:លោក ហ្វីលីព កាស្រ្តូ ជាប្រធានអង្គការ ប៊ីលេគ អភិវឌ្ឍន៍សហគមន៍អន្តរជាតិ
សហការជាមួយការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុកធ្វើការចុះពិនិត្យ ព្យាបាលជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកតាំងគោក ខេត្តកំពង់ធំដោយពុំគិតថ្លៃ។
សកម្មភាពរបស់ក្រុមវេជ្ជបណ្ឌិតបានធ្វើការពិនិត្យនិងព្យាបាលជាច្រើនប្រទេសមកហើយ លើកនេះដោយមានកិច្ចសហការបានល្អរបស់លោក ហ្វីលីព កាស្រ្តូ លោកបានអញ្ជើញក្រុមវេជ្ជបណ្ឌិតមកពិនិត្យ និងព្យាបាលជូនបងប្អូននៅប្រទេសកម្ពុជា។ លោកក៏មានការចាប់អារម្មណ៏ស្រុកតាំងគោក និងបានសន្យាអញ្ជើញក្រុមគ្រូពេទ្យដែលជាមិត្តភក្តិបរទេសរបស់គាត់ ចំនួន២ក្រុមផ្សេងទៀតមកពិនិត្យព្យាបាលនៅកំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៦។
នៅក្នុងពិធីនេះដែលលោក ហាក់ ម៉ុងហួត អភិបាលស្រុក ក៏ថ្លែងអំណរគុណដល់លោក ហ្វីលីព កាស្រ្តូ លោកតែងតែគៀងគរសប្បុរសជនចូលរួមអភិវឌ្ឍជាមួយអាជ្ញាធរស្រុក ជាពិសេសលោកបានគៀងគរមិត្តភក្តិបរទេសរបស់លោកដែលជាក្រុមគ្រូពេទ្យមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅពេលនេះ សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។
លោកអភិបាលស្រុកទាំងគោក ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទៅរកសេវាសុខភាព នៅមណ្ឌលសុខភាពដែលក្បែរផ្ទះ ព្រោះវាអាចកាត់បន្ថយនូវការចំណាយលើសេវាឯកជន ម្យ៉ាងទៀតតាមមណ្ឌលសុខភាពមានសម្ភារ:គ្រប់គ្រាន់ មានថ្នាំល្អៗ និងក្រុមគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវ។ លោកក៏បានផ្តាំផ្ញើរឱ្យប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាព ពិសេសចេះអនាម័យខ្លួនប្រាណ ហូបទឹកស្អាត។
សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើឡើងរយៈពេល១ថ្ងៃពេញ គឺចាប់ពីម៉ោង៨:០០នាទីព្រឹក រហូតដល់ម៉ោង៥:០០ល្ងាច ដោយក្រុមគ្រូពេទ្យអាមេរិកចំនួន៦០នាក់ ពេទ្យឯកទេសចំនួន៣០នាក់។ ការរាយការណ៍ពីការពិនិត្យនិងព្យាបាលជំងឺប្រជាពលរដ្ឋសរុបបាន៤៣៣នាក់ ជំងឺទូទៅ២៥៤ នាក់ ជំងឺភ្នែកចំនួន១៥៤នាក់ ជំងឺមាត់ធ្មេញ២៥នាក់ផងដែរ៕






































