សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ បរិស្ថាន

0

សៀមរាប៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ បរិស្ថាន ប្រកបដោយបរិយាបន្ន នៅក្នុងតំបន់រៀបចំកម្មវិធីផ្សារទឹក ដែលមានគោលបំណងចូលរួមទប់ស្កាត់ កាត់បន្ថយអត្រាស្លាប់ របួស និងពិការដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងចូលរួមពង្រីកការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិកលើបរិស្ថាន និងសុខភាព នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប រយៈពេល ៣ថ្ងៃ ដែលមានការចូលរួមពីទីប្រឹក្សាយុវជន និងយុវជន កក្រក មកពី ៣គ្រឹះស្ថានសិក្សា (ក្នុងនោះ វិ. ១០មករា១៩៧៩ ចំនួន ៦រូប, វិ.បាយ័ន ចំនួន ៦រូប, និង វិ.ហ៊ុន សែនសៀមរាប ចំនួន ៦រូប) សរុប ១៨រូប ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
យុទ្ធនាការប្រព្រឹត្តទៅតាមរយៈ ការរៀបចំបញ្ជីសំណួរ-ចម្លើយផ្ដល់នូវមួកសុវត្ថិភាព ការចែកខិត្តប័ណ្ណសារអប់រំស្ដីពីប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ និងរបៀបប្រើប្រាស់និងជ្រើសរើសមួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ព្រមទាំងការអប់រំផ្សព្វផ្សាយពីបរិស្ថានស្អាត និងការការពារបរិស្ថានដល់សាធារណជនដែលដើរកម្សាន្តនៅក្នុងតំបន់រៀបចំកម្មវិធីផ្សារទឹក។ ជាលទ្ធផល ខិតប័ណ្ណអប់រំពីប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវជាង ១៥០០សន្លឹក និងខិត្តប័ណ្ណពីរបៀបប្រើប្រាស់និងជ្រើសរើសមួកសុវត្ថិភាពឱ្យបានត្រឹមត្រូវជាង ១៥០០សន្លឹក ត្រូវបានចែកចាយ ហើយមួកសុវត្ថិភាពចំនួន ១០ ត្រូវបានផ្តល់ជូនអ្នកឆ្លើយនឹងសំណួរបានត្រឹមត្រូវ៕