កម្លាំងជំនាញចម្រុះ បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរបាំងស្បៃមុង១៥របាំង ប្រវែង២.៦១៥ម៉ែត្រ ឡុក៥៥គ្រឿង លូ៨១មាត់ បង្គោល១.២៤៧ដើម និងចាក់លែងកូនត្រីចម្រុះ៦០គីឡូក្រាមចូលទន្លេវិញ

0

(កំពង់ធំ)÷ លោក យ៉េង យ៉ាន នាយរងសង្កាត់រដ្ឋបាលជលផលស្ទឹងសែន បានចូលរួមជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្ទឹងសែន ដឹកនាំដោយលោក ឆូយ កុសល អភិបាលរង និងជាអនុប្រធានគណៈបញ្ជាការឯកភាពក្រុងស្ទឹងសែន ដឹកនាំកម្លាំងទីបញ្ជាការស្រាលក្រុងស្ទឹងសែន ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចខាងលិចបឹងប្រវែង សង្កាត់អូរគន្ធរ និងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះបានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចកម្ពោតរពាក់ លំអិត និងសចំណង់ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំស្រឡៅ និងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ចំណែកឯលោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង បានដឹកនាំកម្លាំងសហគមន៍នេសាទស្ពានគ្រង និងប្រជាការពារឃុំចំណាក្រោម ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុចខ្សែរខ្លែង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាមួយគ្នាទេផងដែរ កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷-របាំងស្បៃមុងចំនួន១៥របាំង ប្រវែង២.៦១៥ម៉ែត្រ ឡុកចំនួន៥៥គ្រឿង លូចំនួន៨១មាត់ បង្គោលចំនួន១.២៤៧ដើម និងចាក់លែងកូនត្រីចម្រុះ៦០គីឡូក្រាមចូលទន្លេវិញ។