កំពង់ធំ÷ លោកឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមទទួលអគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១២ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនៅរសៀលថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៥។
ពិធីនេះប្រគល់ទទួលក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សុខ គឹមស៊ីន អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម ជាប្រធានក្រុមការងារ និងលោកឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរង លោកឧត្តមសេនីយ៍ត្រី ឯក វរ: ស្នងការរង លោកនាយការិយាល័យប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការនគរបាលក្រុង-ស្រុក លោកនាយ នាយរងប៉ុស្តិ៍ ព្រមទាំងមន្ត្រីនគរបាលចូលរួមប្រមាណ ១០០ នាក់ ។
អគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១២ រួមមាន ÷១-ស្រុកបារាយរាយណ៍ (ប៉ុស្តិ៍នគរបាលរដ្ឋបាលឈូកខ្សាច់ ) ។ ២-ស្រុកសន្ទុក(.ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងល្វា) ។
៣-ក្រុងស្ទឹងសែន (.ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រទេះ,.ប៉ុស្តិ៍នគរបាលរដ្ឋបាលដំរីជាន់ខ្លា) ។៤-ស្រុកប្រាសាទបល្ល័ង្ក(.ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រយា,.ប៉ុស្តិ៍នគរបាលរដ្ឋបាលផាន់ញើម,.ប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលគ្រើល) ។៥-ស្រុកកំពង់ស្វាយ(ប៉ុស្តិ៍នគរបាលរដ្ឋបាលនីពេជ្រ) ។
៦-ស្រុកស្ទោង(.ប៉ុស្តិ៍នគរបាលរដ្ឋបាលម្សាក្រង,.ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយស្ទោង,.ប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា) ។
៧-ស្រុកសណ្ដាន់-ប៉ុស្តិ៍នគរបាលរដ្ឋបាល សណ្ដាន់ ។
លោកឧត្តមសេនីយ៍ទោ សុខ គឹមស៊ីន អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ដោយក្ដីនឹករលឹកពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះបងប្អូនកងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល ដែលកំពុងមមាញឹកក្នុងការអនុវត្តតួនាទី ភារកិច្ច តាមគោលដៅភូមិសាស្រ្ត រៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះបេសកកម្មការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនសង្គមជាតិ និងប្រជាពលរដ្ឋ ។
លោកឧត្តមសេនីយ៍ទោ សុខ គឹមស៊ីន បានថ្លែងកើតសរសើរ ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងមន្ត្រីក្រោមឱវាទ ដែលបានចូលរួមសហការគ្នា រៀបចំ តុបតែងកែលម្អ អង្គភាព ឱ្យទទួលបានភាពស្រស់បំព្រងគួរជាទីមោទនៈ ។
បន្ថែមលើប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ទោ បានផ្ដាំផ្ញើ បន្ទាប់ពីពិធីប្រគល់ទទួលអគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល នេះតទៅ សូមបងប្អូនចូលរួមត្រូវថែរក្សា ឲ្យបានប្រសើរ ដើម្បីធានា ក្នុងការប្រើប្រាស់បានយូរអង្វែង ព្រមទាំងចាត់ទុកប្រៀបដូចជាគេហដ្ឋានទី២ របស់អស់លោក លោកស្រី ។
សូមបញ្ជាក់ថា រយៈពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំង ចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខមន្ត្រីនគរបាលរដ្ឋបាល ឃុំ-សង្កាត់ មួយចំនួនទូទាំងខេត្តកំពង់ធំ ក្នុងពិធីនោះ លោកស្នងការ បានថ្លែងសង្កត់ធ្ងន់លើការងារ .ពង្រឹងវិន័យ របស់កងកម្លាំងនគរបាលជាតិ សាមគ្គីភាពឯកភាពផ្ទៃក្នុង, .ពង្រឹងការគ្រប់គ្រង ដឹកនាំបញ្ជា អនុវត្តតួនាទី ភារកិច្ច តាមផែនការសកម្មភាព, ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបើកទ្វា ២៤ ម៉ោង លើ ២៤ម៉ោង ផ្លាស់ប្តូរវេនប្រចាំការ រង់ចាំផ្ដល់សេវា ជូនប្រជាពលរដ្ឋ និងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម,ប៉ុស្តិ៍នគរបាលរដ្ឋបាល សហការ ជាមួយអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ចុះធ្វើវេទិការសាធារណៈ ផ្សព្វផ្សាយគោលនយោបាយ”ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព” និងការងារនគរបាល និងសហគមន៍តាមគោលដៅងាយរងគ្រោះលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឱ្យមានលទ្ធផលល្អប្រសើរ,ថែរក្សា បង្កើនកិច្ចសហការជាមួយមន្ត្រីរាជាការ អាជ្ញាធរដែនដីគ្រប់ ស្រទាប់វណ្ណៈ សម្រាប់ការអនុវត្តលើការងារនគរបាល និងសហគមន៍ ជាប្រចាំ,.ពង្រឹងចលនាប្រជាការពារឃុំនីមួយៗ បំផុសចលនាឱ្យ មានការចូលរួមពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម៕






































