សមត្ថកិច្ចជំនាញកំពុងបន្តបើកការស្រាវជ្រាវ លើករណីសាកសពស្ត្រីម្នាក់ ដែលបានអណ្តែតទឹកទន្លេ មកជាប់សន្ទូចរបស់អ្នកនេសាទ នៅក្នុងខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ កម្លាំងការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រួមទាំងកម្លាំងនគរបាលជំនាញថ្នាក់ក្រសួងមហាផ្ទៃ កំពុងបន្តនីតិវិធីបើកការស្រាវជ្រាវ លើករណីស្ត្រីវ័យប្រមាណ ២០ឆ្នាំម្នាក់ ដែលបានស្លាប់ដោយពុំទាន់ដឹងពីមូលហេតុពិតប្រាកដ ហើយបានអណ្តែតទឹកទន្លេមេគង្គ មកជាប់សន្ទូចរបស់អ្នកនេសាទម្នាក់ ដែលអ្នកនេសាទនោះបានប្រទះឃើញ នាវេលាម៉ោងប្រមាណជា ៨ និង ៣០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។​

ក្រោយសាកសពនារីនោះ បានជាប់សន្ទូចនោះមក អ្នកនេសាទនាគ្រានោះ ត្រូវគេរាយការណ៍ថា បានសន្តោងសាកសពនាំយកមកដាក់នៅមាត់ច្រាំងទន្លេ ហើយរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ដើម្បីចុះពិនិត្យ។ ការស្លាប់របស់នារីរូបនោះ ត្រូវបានគេចោទជាសំនួរជាច្រើន ដោយចង់ដឹងអំពីដើមចម ដែលបណ្តាលឲ្យនារីនោះស្លាប់ពិតប្រាកដ។

សាកសពនារីរងគ្រោះ ត្រូវបាន​គេ​ស្គាល់​ ឈ្មោះ ធា មិថុនា បើតាមការប៉ាន់ប្រមាណ មាន​វ័យ​ប្រហែល ២០ឆ្នាំ។ នៅមុន​ពេល​ស្លាប់ គេបានដឹងថា នាងធា មិថុនា គឺ​ជា​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​អាហារដ្ឋាន​មួយកន្លែង​យីហោ «ទន្លេខៀវ» ស្ថិតក្នុង​ក្រុង​ស្ទឹងត្រែង។

ជុំវិញការស្លាប់របស់ នាង ធា មិថុនា នាយការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លោកវរសេនីយ៍ទោ ខឹម វិបុល បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី១០វិច្ឆិកា២០២៥ នេះថា មន្ត្រីជំនាញការិយាល័យរបស់លោក បានសហការណ៍ជាមួយក្រុមគ្រូពេទ្យ បានចុះពិនិត្យ ធ្វើកោសលវិច្ច័យរួចរាល់ និងត្រឹមត្រូវអស់ហើយ ហើយលោកបានសន្និដ្ឋានតាមជំនាញលោកថា សាកសពខាងលើនោះ បានស្លាប់ដោយសារលង់ទឹកពិតប្រាកដកមែន។

លោកវរសេនីយ៍ទោ ខឹម វិបុល បានបញ្ជាក់ទៀតថា នៅពេលនេះ កម្លាំងជំនាញថ្នាក់លើ បាននិងកំពុងបន្តនីតិវិធីស្រាវជ្រាវ លើករណីនេះបន្ថែមទៀត ជុំវិញការស្លាប់របស់នារីម្នាក់ខាងលើនោះ។

មហាជនកំពុងរង់ចាំ និងសង្ឃឹមយ៉ាងមុតមាំថា កម្លាំងសមត្ថកិច្ចនគរបាលជំនាញថ្នាក់ជាតិ នឹងបន្តបើកការស្រាវជ្រាវយ៉ាង​ល្អិតល្អន់​បំផុត ទាំង​នៅ​កន្លែង​កើតហេតុ និង​ប្រមូល​ភស្តុតាង​ផ្សេងៗ ដើម្បី​ស្វែងរក​ការពិត ដោយធានា​ថា ​ក្រុម​គ្រួសារ​នារីរងគ្រោះនឹង​ទទួល​បាន​ទំនុកចិត្ត ដោយស្ងប់ចិត្ត​លើការស្លាប់របស់នាង ធា មិថុនា ខាងលើនោះ៕ដោយ៖ឡុង សំបូរ