ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥) និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ។
ពិធីនេះប្រារព្ធឡើងនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើបរិវេណសួន«តេជោសន្តិភាព» ខាងមុខសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងមានការនិមន្ត និងចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្ត យ៉ាងច្រើនកុះករ។
បុណ្យឯករាជ្យជាតិ៩វិច្ឆិកា តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ជាថ្ងៃមួយដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចងចាំមិនភ្លេចទេនូវ ព្រះរាជបូជនីយកិច្ច និងស្នាព្រះហស្តរបស់ព្រះករុណា ព្រះមហាវីរក្សត្រព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះវរាជបីតា ឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទាមទារឯករាជ្យពីអាណានិគមបារាំង នៅថ្ងៃ៩វិច្ឆិកា១៩៥៣។
ទិវាបុណ្យឯករាជ្យជាតិ ៩-វិច្ឆិកា និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដែលបានប្រារព្ធឡើងនាពេលនេះ បានឆ្លុះបញ្ចាំងពីជោគជ័យ ក្នុងកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរទាំងមូល ដែលបានឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល ៧២ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្តសញ្ញាណ ជាកម្លាំងប្រដាប់អាវុធរបស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែង។
«យើងខ្ញុំទាំងអស់គ្នា ជាប្រជារាស្ត្រខ្មែរ តែងតែចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រជាតិនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ»។
ព្រះករុណា សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែលបានបែកបាក់គ្នា ឬមាននិន្នាការនយោបាយផ្សេងៗគ្នា ឲ្យរួបរួមគ្នាវិញ បានប្រឹងប្រែងបម្រើប្រជាជនអស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្ត្រនិយម ដែលជាស្នាព្រះហស្ថដ៏មានតម្លៃ ពុំឤចកាត់ថ្ងៃបានឡើយ។
ប្រទេសកម្ពុជា បានស្ថិតក្រោមនឹមអាណានិគមបារាំង រយៈពេលជិតមួយសតវត្ស ទម្រាំទទួលបានឯករាជ្យពេញបរិបូរណ៍ឡើងវិញ ដោយសារកិច្ចខិតខំប្រឹងប្រែង និងការធ្វើព្រះរាជបូជនីយ៍កិច្ចរបស់សម្តេចព្រះ នរោត្តម សីហនុ។ ចាប់តាំងពីចុងសតវត្សទី១៩ បានអនុវត្តនយោបាយអាណានិគមនិយម ដោយបានបង្កើតតំបន់ឥណ្ឌូចិន ដែលរួមមាន៖ «ប្រទេសកម្ពុជា វៀតណាម និងឡាវ»៕ដោយ៖ឡុង សំបូរ








































