(កំពង់ធំ)÷ ឯកឧត្តម ចាន់ ស៊ីណាត ប្រកាសជូនអគារសិក្សាថ្មីមួយខ្នង២ជាន់ មាន៩បន្ទប់ ជូនវិទ្យាល័យ ហ៊ុន សែនចំណាលើ ឯកឧត្តម ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ បានប្រកាសដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមបានជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាជ្ញាធរមូលដ្ឋាន កាលពីព្រឹក
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ចំណាលើ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាមួយគ្នានេះក្នុងនាមឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងក្នុងនាមឯកឧត្តមផ្ទាល់ បានណែនាំលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនបន្ថែមបែបឌីជីថលលើ ការសិក្សារៀនសូត្រដោយផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់លទ្ធភាពទាំងនៅសាលារៀន និងនៅក្នុងគេហដ្ឋាន ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋគំរូ ហើយទទួលបានលទ្ធផលជាប់និទ្ទេសAគ្រប់ៗគ្នា ជាពិសេសត្រូវ ខិតខំសិក្សារៀនសូត្រផង និងជួយធ្វើការងារឪពុកម្តាយផង គឺយើងទទួលបានទាំងចំណេះដឹង និងបានជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារមួយកម្រិតផងដែរ។
បន្ថែមលើនេះឯកឧត្តម បានណែនាំដល់លោកនាយក លោកគ្រូអ្នកគ្រូ ត្រូវលើកទឹកចិត្តបន្ថែមជាប្រចាំ ដល់សិស្សានុសិស្ស ត្រូវខិតខំសិក្សានិងស្វែងយល់បន្ថែមទៀតនូវតម្លៃគុណធម៌សីលធម៌វិន័យ ការគោរពនូវបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ការគោរពច្បាប់បទដ្ឋាននានា គោរពច្បាប់ចរាចរណ៍ផ្លូវគោកហើយនៅឱ្យឆ្ងាយពីគ្រឿងញៀន។
ជាមួយនេះផងដែរលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ចាន់ ស៊ីណាត ដែលបានប្រកាសជូននូវអគារសិក្សាថ្មីមួយខ្នង រួមនឹងសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលជាការឆ្លើយតបយ៉ាងទាន់ពេលវេលាបំផុតចំពោះតម្រូវការអគារសិក្សាក៏ដូចជាឆ្លើយតបទៅនឹងកំណើនសិស្សានុសិស្សដែលកំពុងកើននៅវិទ្យាល័យ ហ៊ុន សែន ចំណាលើដែលក្នុង១ថ្នាក់រហូតដល់ទៅជាង ៦០ទៅ៧០នាក់ឯណោះ។
លើសពីនេះឯកឧត្តមប្រធានក្រុមការងារក៏បានណែនាំបន្ថែមដល់ក្រុមបច្ចេកទេសវិស្វករ និងលោកនាយក អាជ្ញាធរដែនដី ត្រូវរួបរួមសហការសិក្សា និងសាងសង់អគារសិក្សាថ្មីនេះឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីជូនសិស្សានុសិស្សសិក្សារៀនសូត្រ កុំឱ្យខកខានឬអូសបន្លាយពេលវេលានិងខាតការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស។
សូមបញ្ជាក់ថា សព្វថ្ងៃវិទ្យាល័យ ហ៊ុន សែន ចំណលើ មានគ្រូសរុបចំនួន២៥ នាក់ ស្រី១៣នាក់ សិស្សានុសិស្សសរុប ១,២១២នាក់ ស្រី៧៨៦នាក់ ហើយមានអាគារ៣ខ្នង ស្មើនឹង២០បន្ទប់ផងដែរ៕






































