ខេត្តកំពង់ធំ៖ ដោយអនុវត្តន៍តាមការណែនាំរបស់ឯកឧត្ដម ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួម
ជាមួយអាជ្ញាធរដែនដី និងសប្បុរសជន ទៅប្រគល់ផ្ទះថ្មីមួយខ្នងសាងសង់ពីបេតុង ទំហំ ៥ម៉ែត្រ គុណនិង ១០ម៉ែត្រ ដែលជាអំណោយរបស់សប្បុរសជន ទើបសាងសង់រួច ជូនក្រុមគ្រួសារលោកពលបាលត្រី គង់ លីហ៊ូវ វីរយុទ្ធជនការពារព្រំដែនកម្ពុជា-ថៃ នៅអង្គភាពកងពលតូចលេខ៦ កងពលធំអន្តរាគមន៍លេខ២ ដែលឪពុកជាអតីតយុទ្ធជនពិការ មិនមានផ្ទះស្នាក់នៅសមរម្យ នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោក តាំង គីមឡេង តំណាងក្រុមយុវជន សប្បុរសជន បានមានប្រសាសន៍ថា៖ ដោយអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីរួមគ្នាជួយដោះស្រាយការលំបាកខ្វះខាតជូនវីរយុទ្ធជនការពារព្រំដែនកម្ពុជា-ថៃ ។ ក្រុមយុវជនរបស់លោក បានគៀងគរសប្បុរសជន ដើម្បីជួយសាងសង់ផ្ទះស្នាក់នៅជូនក្រុមគ្រួសារវីរយុទ្ធជនការពារព្រំដែនកម្ពុជា-ថៃ បានជាច្រើនខ្នងរួចមកហើយ ។ ជាក់ស្តែងថ្ងៃនេះ ក្រៅពីផ្ទះថ្មីមួយខ្នង ក្រុមការងារយុវជនរបស់លោក បានជួយឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់ក្រុមគ្រួសារលោកពលបាលត្រី គង់ លីហ៊ូវ ទៀតផង ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយលោក សន វឿន អភិបាលរងស្រុកសន្ទុក បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមការងារសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសាងសង់ផ្ទះជូនវីរយុទ្ធជនការពារព្រំដែនកម្ពុជា-ថៃ ក៏ដូចជាក្រុមគ្រួសារអតីតយុទ្ធជនពិការ នៅស្រុកសន្ទុក ខេត្តកំពង់ធំ នៅពេលនេះ ។ ហើយនៅក្នុងឱកាសនេះ ក្នុងនាមអាជ្ញាធរដែនដី នៅសមរភូមិក្រោយ គាំទ្រសមរភូមិមុខ ក៍បានចូលរួមចំណែកក្នុងការជួយឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់ក្រុមគ្រួសារលោក គង់ លីហ៊ូវ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងពេលទទួលបានផ្ទះថ្មីនេះផងដែរ ។
ក្រុមគ្រួសារលោកពលបាលត្រី គង់ លីហ៊ូវ រំភើបចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ដែលបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយសប្បុរសជននានា ដែលបានជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់គាត់នាពេលកន្លងទៅ ក៍ដូចជានៅពេលនេះ និងសូមគោរពជូនពរសម្តេច លោកជំទាវ និងសប្បុរសជននានា សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕




































