ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)បានចុះមកពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលបានរងរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ

0

ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃនេះ បានបង្ហោះសារទៅកាន់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជុំវិញករណីប្រជាជនស៊ីវិលកម្ពុជាត្រូវបានរងរបួសដោយសារការបាញ់ប្រហារ របស់យោធាថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ។

យោងតាមប្រភពដដែលបានបញ្ជាកថា នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង០៧:៥៨នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហារ របស់យោធាថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ។

គួររំលឹកផងដែរថា កាលពីម្សិលមិញនេះ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា ចំនួនពីរលើកគឺ៖ លើកទីមួយ នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី និងលើកទីពីរនៅវេលាម៉ោង ១៧:៥៤នាទីល្ងាច និងបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់៕