ប៉ៃលិន៖ កាលពីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅបរិវេណសាខាគយ និងរដ្ឋាករ ខេត្តប៉ៃលិន មានការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាង កីឡាករគយកម្ពុជា សាខាខេត្តប៉ៃលិន និងកីឡាករគយថៃ សាខាខេត្តចាន់បូរី ប្រទេសថៃ ជាលទ្ធផលកីឡាករគយកម្ពុជាបានឈ្នះលើកីឡាគយថៃ ៣ទល់១ ។
ការជួបគ្នាប្រកួតកីឡាបាល់ទាត់នេះប្រព្រិត្តទៅក្រោមអធិបតីភាពលោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ប្រទេសកម្ពុជា ព្រមទាំងភាគីប្រទេសថៃ លោកផុងថេប ផួសាប់ (Pongthap Bousub) ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាន់បូរី ប្រទេសថៃ, លោកអ៊ុក វណ្ណច័ន្ទ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តប៉ៃលិន ប្រទេសកម្ពុជា និងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រមាណជាង ៦០០ នាក់ ក្នុងនោះកម្លាំងគយខេត្តបាន់បូរី ប្រទេសថៃ ចំនួន៤៥នាក់។
លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិនេះ គឺដើម្បីបង្កើនការ ទំនាក់ទំនង និងពង្រឹង ចំណងសាមគ្គីភាព រវាងសាខាគយ និងច្រកទ្វារអន្តរជាតិ តំបន់ ព្រំដែន កម្ពុជា-ថៃ រួមមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង ព្រមទាំងបន្តកិច្ចសហការគ្នាយ៉ាងស្អិតរមួត រវាងប្រទេសទាំង២(ថៃ និងកម្ពុជា) ។
លោក អ៊ុក វណ្ណច័ន្ទ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តប៉ៃលិន បានឲ្យដឹងថា៖ការប្រកួតកីឡាបាល់ទាត់នៅថ្ងៃនេះ គឺជាលក្ខណៈមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ព្រមទាំងដើម្បីរឹតចំណង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងច្រកទ្វារអន្តរជាតិ ច្រកតំបន់ នៅតាមព្រំដែនកម្ពុជា-ថៃ ។
លោកបន្តទៀតថា៖ កម្លាំងគយ និងរដ្ឋាករ សាខាខេត្តចាន់បូរី ប្រទេសថៃ ដែលមានលោក ផុងថេប ផួសាប់ (Pongthap Bousub) ជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តចាន់បូរី ប្រទេសថៃ ដែលទើប បានផ្លាស់ មកកាន់តំណែងថ្មីនេះ បានដឹកនាំកម្លាំងមន្ត្រីគយ ចំនួន៤៥នាក់ ព្រមទាំងមានគ្រូពេទ្យមកជាមួយផងដែរ ។លោក ផុងថេប ផួសាប់ (PongthapBousub) បានឲ្យដឹងថា៖ ការប្រកួតកីឡា បាល់ទាត់មិត្តភាពនេះ គឺដើម្បីស្គាល់គ្នា និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងច្រកទ្វារអន្តរជាតិ និងច្រកតំបន់ នៅជាប់ព្រំដែន ក្នុងខេត្ត បន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិសាត់ និងបន្តទំនាក់ទំនងល្អជាមួយគ្នាពិសេសដើម្បីរឹតចំណង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ (កម្ពុជា-ថៃ)។ក្នុងការប្រកួតនេះកីឡាករគយកម្ពុជា បានទទួលជ័យលាភី ឈ្នះ ៣ទល់១ ទៅលើកីឡាករគយថៃ ។
សូមបញ្ជាក់ថា៖មុនការប្រកួតកីឡាមិត្តភាពអន្តរជាតិ ក៏មានការចែកថ្នាំពេទ្យ និងសម្ភារៈសិក្សា និងថវិកាមួយចំនួន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណជិត ៣០០ នាក់ ដែលជាអំណោយពីសប្បុរសជនរបស់សាខាគយ និងរដ្ឋាករនៃខេត្តទាំងពីរផងដែរ ហើយនៅចុងក្រោយ គឺបានចូលរួមពិសាអាហារសាមគ្គី និងមានការរាំ លេងកំសាន្តជាមួយគ្នាផងដែរ៕








































