ខេត្តកំពង់ឆ្នាំង: លោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋ បាលជលផលកំពង់ឆ្នាំង បានដឹកនាំ កំលាំងសមត្ថកិច្ចចំរុះ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ រយះពេល២ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី ២៤និង២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅស្រុក៤ក្នុងខេត្តកំពង់ឆ្នាំង គឺស្រុកកំពង់ត្រឡាច,ជលគីរី,កំពង់ លែងនិងស្រុកបរិបូណ៍។
ជាលទ្ធផល នៃការបង្ក្រាបរយះពេល២ថ្ងៃ គឺបានរុះរើរបាំងសាច់ទំនើបចំនួន៨កន្លែង ស្មើនឹង ១៤០០ម៉ែត្រ ,លបលូ ៤៣មាត់ ,របាំងស្បៃមុងចំនួន២៣កន្លែង ស្មើនឹង២៥០ម៉ែត្រ ,បង្គោលចំនួន ១៤០ដើម ដែលជនប្រព្រឹត្តបទល្មើសនេសាទកាត់ពន្លិចក្នុងផ្ទៃទឹក ដើម្បីបំភ័ន្ធភ្នែកសាធារណជន និងបានចាក់លែងកូនត្រីចំរុះទម្ងន់៥៧០គីឡូក្រាម។
ដោយឡែកនៅស្រុកបរិបូណ៍ នារសៀលថ្ងៃទី២៥ ជាថ្ងៃបញ្ចប់បេសសកម្មនេះ លោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំកំលាំងចំរុះ បោសសំអាតរបាំងសាច់ អួន នៅតំបន់ក ដប ដែលជាចំណុចបំពង់ ក បឹងទន្លេសាប ស្ថិតនៅព្រុំប្រទល់៣ខេត្តគឺខេត្តកំពង់ ឆ្នាំង,កំពង់ធំនិងខេត្តពោធិ៍សាត់ ជាមួយគ្នានេះ លោកសេង ប៊ុនឈឿន បានពិនិត្យមើលផល នេសាទ របស់ប្រជានេសាទ ជាលក្ខណគ្រួសារ នៅតំបន់ ក ដប នេះផងដែរ។
លោកសេងប៊ុនឈឿនបាននិយាយឲ្យដឹងថារាល់ការបង្ក្រាបនិងទប់ស្កាត់ បទល្មើសនេសាទ នេះគឺមានការចង្អុលបង្ហាញ ណែនាំពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងជាគណបញ្ជាការ ឯកភាពខេត្តផងដែរ ហើយក្នុងរយះ២ថ្ងៃនេះ លោកបានបែងចែក ជាកំលាំង៤ក្រុម ចុះបង្ក្រាបបទ ល្មើសនេសាទនៅ៤ស្រុកខាងលើ ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោក។
លោក សេង ប៊ុនឈឿន បានបន្តថា ការបង្ក្រាបបទល្មើសនេសាទ គឺនៅតែបង្ក្រាបបន្ត ល្គឹក ណាបទល្មើសនេសាទនៅតែកើតមាននោះ។ សាធារណជន សង្កេតឃើញថា ទោះបីជាបទល្មើសនេសាទ បានកើតមានជាច្រើន ករណី ក្នុងដែននេសាទខេត្តកំពង់ឆ្នាំង ក៏ដោយក៏គេសង្កេតឃើញថា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាគណមេបញ្ជាការឯកភាពខេត្ត និងលោកសេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលកំពង់ ឆ្នាំង បានស្រូបយក
ព័ត៌មាននិងចំណាត់ការចំគោលដៅ ដែលធ្វើឲ្យជនប្រព្រឹត្តបទល្មើស ដែលមាន ឃុបឃិតគ្នាជាមួយមន្ត្រីជំនាញ ប្រចាំមូលដ្ឋននិងសមត្ថកិច្ចអាជា្ញធរនោះ ភ័យស្លន់ស្លោជាច្រើន ករណី ប៉ុន្តែក្នុងនោះ ក៏មានបទល្មើសនេសាទទ្រង់ទ្រាយធំដុំខ្លះ ត្រូវបានរួចខ្លួនពីការបង្ក្រាប ដោយ សារ ល្បែងថ្ពិនភ្នែក របស់មន្ត្រីដែលនាំកំលាំងចុះបង្ក្រាបនោះ។
ដោយឡែក ប្រជានេសាទល្មើសច្បាប់ ដែលរងការបង្ក្រាប បាននិយាយឲ្យដឹងថា ពួកគាត់ មិនខឹងនឹងការបង្ក្រាបនោះទេ ប៉ុន្តែសូមឲ្យតែការបង្ក្រាបនោះ គឺប្រព្រឹត្តទៅដោយតម្លាភាពនិងស្មើ ភាពគ្នាចំពោះមុខច្បាប់ ព្រោះកន្លងមកគឺនៅកន្លែងតែមួយ គឺបង្ក្រាបតែរបស់គាត់ ចំណែករបស់គេ គឺមិនបង្ក្រាប។
ប្រជានេសាទទាំងនេះ បានបន្តថា ពួកគាត់ដឹងពីផលត្រី កាន់តែខ្សត់ទៅៗ ដោយសារតែការ ប្រើឧបករណ៍នេសាទល្មើសច្បាប់នេះ ប៉ុន្តែមកពី ឃើញគេធ្វើបាន ហេតុនេះ ធ្វើតៗតាមគ្នាទៅ ព្រោះថា ពួកគាត់មិនរក ក៏ត្រីនៅតែអស់៕



































