កំពង់ធំៈ ដោយមានការយកចិត្តទុកដាក់របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មកលើកងកម្លាំង ដើម្បីឲ្យមានគុណភាពនិងសណ្តាប់ធ្នាប់និងវិន័យ សេចក្តីថ្លៃថ្នូរតាមកាណែនាំ របស់ឯកឧត្តម មេបញ្ជាការ ក្រសួងការពារជាតិ ក្នុងការហ្វឹកហ្វឺនបំប៉នរបៀប និងសណ្តាប់ធ្នាប់ក្នុងជួរទ័ព ទើបឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានចាត់ឲ្យមានការហ្វឹកហ្វឺនជាបន្តបន្ទាប់។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ប្រារព្វពិធីបិទវគ្គហ្វឹកហ្វឺនដល់ជួរកងទ័ព បន្ទាប់ពីសិក្ខាមទាំង៦៣នាក់មាននាយទាហាន និងពលទាហាន បានឆ្លងកាត់ការហ្វឹកហ្វឺនរបៀបសណ្តាប់ធ្នាប់ និងវិន័យ អស់រយះពេល១០ថ្ងៃកន្លងមក ព្រមទាំងបានធ្វើពិធី បិទវគ្គនៅថ្ងៃនេះ ដោយមានការចូលរួមជាអធិបតីភាពរបស់ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងមេបញ្ជាការង នាយទាហាន និងពលទាហានចូលរួមជាច្រើននាក់។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះឯកឧត្តម អភិបាលខេត្ត ដែលបានផ្តល់កិត្តិយសក្នុងពិធីបិទវគ្គហ្វឹកហ្វឺននៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឯកឧត្តមបានមានប្រសាសន៍ថា ក្នុងវគ្គហ្វឹកហ្វឺននេះត្រូវបានណែនាំឲ្យសិក្ខាមទាំងអស់ ចេះប្រើប្រាស់នូវបច្ចេកទេសអាវុធ និង អប់រំចិត្តសាសន៍ដល់កងកម្លាំង ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ និងបង្កើនស្មារតីស្នេហាជាតិ គោរពនូវ បទបញ្ជាផ្ទៃក្នុងអង្គភាព គឺជាសារៈសំខាន់បំផុតសម្រាប់ការចេះសាមគ្គីគ្នានៅក្នុងអង្គភាព។
ជាពិសេសការហ្វឹកហ្វឺននេះគឺជាការអនុវត្តតាមផែនការដាក់ចេញរបស់យោធភូមិភាគ ក៏ដូចជាផែនការការងារប្រចាំឆ្នាំ របស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងទិសដៅរំលឹកវិន័យ សណ្តាប់ធ្នាប់កងទ័ពឲ្យកាន់តែស្ទាត់ជំនាញ ក៏ដូចជាការពង្រឹងនូវតួរនាទីរបស់ខ្លួន ជាកងយោធពលខេមរភូមិន្ទ ចំណែកលទ្ធផលដែលទទួលបានគឺ និទ្ទេសល្អ ៣១នាក់ និទ្ទេសល្អបង្គួរមាន ១៩នាក់ និទេ្ទសមធ្យោមមាន ១៣នាក់ ។
ឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បាមមានប្រសាសន៍ កោតសរសើរចំពោះ ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំជម្រុញឲ្យនាយទាហាន និងពលទាហាន ចំណុះឲ្យតំបន់សឹកទាំងអស់ ចូលរួមក្នុងការហ្វឹកហ្វឺនទាំងទាំងយុទ្ធសាស្ត្រ និងសណ្តាប់ធ្នាប់ វិន័យ ជាកងកម្លាំង ដើម្បីបង្កើននូវគុណភាព ក្នុងការត្រៀមសម្រាប់ជួយអន្តរាគមន៍ ក្នុងពេលមានបទបញ្ជាពីថ្នាក់ដឹកនាំ និង
ជាស្នារដៃដ៏ល្អជាគំរូសម្រាប់អង្គភាព ក៏ដូចជាបទពិសោធន៍ដល់ថ្នាក់ដឹកនាំជំនាន់ក្រោយក្នុងការសំលៀងនូវមុខវិជ្ជារបស់កងទ័ព ទោះបីជាប្រទេសគ្មានសង្គ្រាមក្តី តែក្នុងនាមជាកងកម្លាំងដែលជាសរសៃឈាមរបស់ ប្រទេសជាតិ ជម្រុញឲ្យកងកម្លាំងទាំងអស់មានភាពរ៉ឹងមាំ មានសណ្តាប់ធ្នាប់ មានវិន័យ និងត្រៀមចុះជួយ ដល់ប្រជាពលរដ្ឋ គ្រប់ឧបស័គ្គទាំងអស់ ជាចុងក្រោយឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានឧបត្ថម្ភថវិកាចំនួន ១លានរៀល និងអង្ករ៥០០គ.ក សម្រាប់ក្នុងការហ្វឹកហ្វឺននេះ។ ដោយ ប៊ុន រដ្ឋា





































