ក្នុងជំនួបសំដែងការគួរសមជាមួយ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក Martin Jansen នាយកប្រចាំប្រទេសចិននិងអាស៊ីអាគ្នេយ៍ បានគោរពជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា៖ ក្រុមហ៊ុនរបស់លោក មានគម្រោងពង្រីក
រោងចក្រនៅកម្ពុជា ដែលមានទុនរហូតប្រមាណជា១០០លានដុល្លារនៅ២០១៤ដល់ឆ្នាំ២០១៨។លោក នាយកក្រុមហ៊ុន បានជំរាបជូនសម្តេចតេជោយ៉ាងដូច្នេះ ក្នុងខណៈដែលសម្តេច បានអនុញ្ញាតឱ្យលោកនាយក្រុមហ៊ុនរូបនេះ ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៧ខែវិច្ឆិកា។
លោក Martin Jansen បានបញ្ជាក់ថា តាមរយៈនៃការពង្រីករោងចក្រនេះ នឹងអាចបង្កើតការងារ ដែលនឹងរើសបុគ្គលិកថ្មីជាង៣០០នាក់បន្ថែមទៀត ដែលជាការ ចូលរួមចំណែកដល់វិស័យការងារនៅកម្ពុជា ។ លោក Martin បានបន្តថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ក្រុមហ៊ុនរបស់លោកមានការរីកចំរើនទ្វេជាពីរនៅក្នុងប្រទេសកម្ពុជា ហើយមានបុគ្គលិកសរុប ៦៥០នាក់ ក្នុងនោះ៦៤៨នាក់ជាកម្ពុជា គឺមានតែ២នាក់ទេ ជាជនជាតិបរទេស។
លោក Martin បានឱ្យដឹងដែរថា ក្រុមហ៊ុនរបស់លោកនៅកម្ពុជាគឺទទួលបានជោគជ័យធំជាងគេនៅក្នុងតំបន់ អាស៊ី នេះ ហើយមានកំណើនពី២០ ទៅ៣០% ក្នុង១ឆ្នាំចាប់តាំងពីឆ្នាំ២០១០កន្លងមក។ ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តធ្វើយ៉ាងណាឱ្យមានតម្លាភាព ព្រមទាំងគោរពតាមច្បាប់ ទម្លាប់របស់កម្ពុជា និងបង់ពន្ធជូនរដ្ឋ ក៏ដូចជាបានចុះហត្ថលេខាជាមួយអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ។ក្រៅពីនោះក្រុមហ៊ុននូវបានជួយដល់កិច្ច ការសង្គម ដូចជាវិស័យទឹកស្អាត វិស័យអប់រំ និង ការពង្រឹងសហគ្រិនសម្រាប់ស្ត្រីផងដែរ ។
លោកMartin Jansen បានបន្តថាក្រុមហ៊ុនរបស់លោកមានការគោរពច្បាប់យ៉ាងត្រឹមត្រូវនិងបានបង់ពន្ធជូនរដ្ឋ ជាក់ស្តែងក្នុងឆ្នាំ ២០១៣ កន្លងមកនេះបានបង់ពន្ធជូនរដ្ឋចំនួន ១០ លានដុល្លារអាមេរិក និង ឆ្នាំ២០១៤ បានបង់ពន្ធជូនរដ្ឋចំនួន១២លានដុល្លារអាមេរិក ថែមទៀតផង ។
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះ ជោគជ័យនៃអាជីវកម្ម របស់ក្រុមហ៊ុនកូកាកូឡានៅកម្ពុជា និងបានកោតសរសើរដល់ការចូល រួមចំណែកក្នុងការកសាងអភិវឌ្ឍ ពង្រឹងសហគមន៍ ជាពិសេសសហគមន៍ជាស្ត្រី ដែលនេះគឺជាប្រធានបទមួយដែលបានលើកយកមកពិភាក្សា នៅក្នុ្ងកិច្ចប្រជុំនៅទីក្រុងណៃពិដោ ប្រទេស មីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ ។ ជាមួយនេះ សម្តេចបានកោតសរសើរដល់ក្រុមហ៊ុនដែល បានប្រើប្រាស់បុគ្គលិកកម្ពុជារហូតដល់៦៤៨នាក់ លើ៦៥០នាក់។ជាទីបញ្ចប់ សម្តេចតេជោ បានស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការវិនិយោគ នៅក្នុងប្រទេស កម្ពុជាជាបន្តទៀត៕