ភ្នំពេញៈ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំមន្ត្រីជាន់ខ្ពស់កម្ពុជាមួយក្រុម អញ្ជើញទៅបំពេញទស្សនកិច្ច ក្នុងប្រទេសគុយវ៉ែត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិការ ដល់ថ្ងៃទី៣ ខែធ្នូ គោលបំណងធំបំផុត របស់ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងពេលបំពេញទស្សនកិច្ច រយៈពេល៥ថ្ងៃនោះ គឺចង់ពង្រីកពាណិជ្ជកម្មប្រទេសកម្ពុជា ក្នុងការនាំចេញកសិផលរបស់ខ្មែរ ពិសេសគឺអង្ករ ទៅកាន់ប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជាតំបន់អារ៉ាបនេះតែម្តង ។
ក្នុងពេលបំពេញទស្សនកិច្ចនោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រួមដំណើរដោយឯកឧត្តម ទ្បុង កែង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសគុយវ៉ែត បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយព្រះចៅ Al Sabah នាយករដ្ឋមន្ត្រី នៃរដ្ឋគុយវ៉ែត ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកទ្បើង អំពីទំនាក់ទំនងយ៉ាងល្អ រវាងកម្ពុជា និងគុយវ៉ែត ដូចជា៖ ផ្នែកការទូត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការផ្លាស់ប្តូរទស្សនកិច្ចជាផ្លូវការ របស់ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈ នៃ ការយោគយល់ នៃប្រទេសទាំងពីរជាច្រើនផងដែរ ។
ឯកឧត្តមក៏បានស្នើ ដល់នាយករដ្ឋមន្ត្រីគុយវ៉ែត គាំទ្រ ក្នុងការពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងសំណូមពរឲ្យប្រទេសគុយវ៉ែត នាំអង្ករពីប្រទេសកម្ពុជា ដើម្បីយកទៅចែកចាយបន្ត នៅតាមបណ្តាលប្រទេសមជ្ឍឹមពូព៌ាផងដែរ ។ ស្របពេលដែលកំពុងតែបំពេញទស្សនកិច្ច ក្នុងប្រទេសគុយវ៉ែតនោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីពាណិជ្ជកម្ម រួមដំណើរគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិសិត្សខ្មែរ ដែលសិក្សាបានអារូបករណ៍ ចំនួន៣៩នាក់ ដែលកំពុងតែសិក្សា នៅសាកលវិទ្យាល័យនានា ក្នុងប្រទេសគុយវ៉ែត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកទ្បើងអំពីស្ថានភាពនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ និងបានផ្តាំផ្ញើរដល់និសិត្សខ្មែរ ទាំង៣៩នាក់នោះថា ៖ ប្អូនៗគឺជាទំពាងស្នងឬស្សី ដូចច្ឆេះ ប្អូនៗត្រូវខិតខំសិក្សារៀនសូត្រឲ្យចេះស្ទាត់ជំនាញ ហើយត្រូវយកចំណេះរបស់ខ្លួន ទៅជួយអភិវឌ្ឍប្រទេសកម្ពុជា ដែលជាស្រុកកំណើតរបស់ខ្លួន នៅពេលដែលសិក្សាចប់ ត្រលប់ទៅប្រទេសកម្ពុជាវិញ ។
គួរបញ្ជាក់ផងដែរថា៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញបំពេញទស្សនកិច្ច នៅតាមប្រទេសជាច្រើន ដែលមានសេដ្ឋកិច្ចជឿនលឿន ដើម្បីពង្រីកពាណិជ្ជកម្ម និងស្នើឲ្យប្រទេសទាំងនោះ នាំចូលផលិតផល កសិផល របស់ប្រទេសកម្ពុជាផងដែរ ៕





































