ខេត្តសៀមរាបនៅបរិវេណសាលាបឋមសិក្សាដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បានប្រារព្ធទិវាជនពិការ កម្ពុជាលើកទី១៦ និងទិវាជនពិការអន្តរជាតិ លើកទី៣២ ក្រោមប្រធានបទ ( ផ្តល់លទ្ធភាព អាចប្រើប្រាស់បាន រួម បញ្ចូលទាំង
មុខរបរ ការងារ និងបច្ចេកវិទ្យា ដើម្បីការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព ) កាលពីរសៀលថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៤ ដែលប្រព្រឹត្តទៅ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯ.ឧ វង សូត រដ្ឋមន្ត្រីសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងមានការអញ្ជើញចូលរួម ពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈអភិបាលខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ និងបងប្អូនជាជនពិការ ចំនួន៣០០នាក់ ចូលរួមផងដែរ ។
ក្នុងកិច្ចស្វាគមន៍នោះ ឯ.ឧ ភា សុផាត ទីប្រឹក្សាអមក្រសួង និងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ខេត្តសៀមរាប បានបញ្ជាក់ថា ជនពិការនៅខេត្តសៀមរាប មានចំនួន៦ពាន់៦៤៦នាក់ កុមារពិការចំនួន១ពាន់២១៥នាក់ ហើយជនពិការ ទទួលបានគោលនយោបាយ ពីរាជរដ្ឋាភិបាល សរុប ២ពាន់៣០៥នាក់ ព្រមទាំងបានផ្តល់សេវា ស្តារលទ្ធភាពពលកម្មកាយសម្បទា ដោយឥតគិតថ្លៃ ជូនជនពិការ ក្នុងឆ្នាំ២០១៤នេះ មានចំនួន១ពាន់៦២៥នាក់ និងសាងសង់ផ្ទះជូនជនពិការ បាន១៣ខ្នង ក្នុងសកម្មភាពសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត លើកការប្រឡងប្រណាំង បីពូកែ សមាជិកដែលមានស្នាដៃ ចំនួន៣៩នាក់ ទទួលរង្វាន់លំដាប់លេខ១ ដល់លេខ៤ ព្រមទាំងសហការ ជាមួយអង្គការដៃគូ បានធ្វើការស្តារលទ្ធភាព ពលកម្មកុមារពិការតាមផ្ទះ ចំនួន១៤៤នាក់ ។
ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ក៏បានកោតសរសើរ ដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងបណ្តាអង្គការដៃគូពាក់ព័ន្ធ ក្នុងការរួមចំណែក ដល់ការស្តារ និងអភិវឌ្ឍន៍សង្គមជាតិ លើគ្រប់វិស័យ ។ ឯកឧត្តមក៏បានបន្តទៀតថា អង្គពិធីនេះ គឺគាំទ្រចំពោះជនពិការភាព ដែលតម្រូវការចាំបាច់ សម្រាប់បងប្អូនជនពិការ នៅក្នុងស្ថានភាពបច្ចុប្បន្ន និងទៅអនាគត ធានាសំដៅលើកកម្ពស់ឲ្យកាន់តែមានការរីកចម្រើន នូវជីវភាពប្រចាំថ្ងៃ និងទទួលបានសិទ្ធិស្មើភាពគ្នា ព្រមទាំងបំបាត់ភាពរើសអើង ក្នុង សង្គមទាំងមូល ដែលជាបញ្ហាប្រឈម នាពេលកន្លងមក ។
ឯកឧត្តម វង សូត រដ្ឋមន្ត្រីសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ក៏បានសម្តែងនូវការដឹងគុណ ដល់វីរៈជនយុទ្ធជន ដែលបានលះបង់អាយុជីវិត ហើយបានបាត់បង់នូវអវៈយវៈ ក្លាយជាជនពិការ ក្នុងការពារសន្តិសុខ សុវត្ថិភាព ទប់ស្កាត់កុំឲ្យមានការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាលើកទី២ ហើយបាននាំមកនូវសុខសន្តិភាព ដល់សព្វថ្ងៃនេះ ។ ដោយគុណបំណាច់ទាំងនេះហើយ រដ្ឋាភិបាលបានគិតគូរជានិច្ច ចំពោះបងប្អូនជនពិការ ដោយបានផ្តល់ដីលំនៅដ្ឋាន ដីស្រែចំការ បណ្តុះបណ្តាលជំនាញ នៅតាមមណ្ឌលជនពិការ ផងដែរ ។
ឯកឧត្តម វង សូត ក៏បានបន្តទៀតថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ ចំពោះបងប្អូនជាជនពិការ ដោយសង្គ្រាម ពិការពីកំណើត និងគ្រោះថ្នាក់ដោយសាគ្រប់មីន និងរងគ្រោះយុត្តិភ័ន្តមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសង្គ្រាម និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការណែនាំមួយចំនួន ដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក៏ដូចជាអាជ្ញាធរខេត្ត ត្រូវធ្វើការបង្កើន នូវជំនាញបច្ចេកទេស ដល់បងប្អូនជនពិការ ដូចជា៖ បើកនូវសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស សិប្បកម្មចន្លាក់ ដើម្បីបង្កើននូវប្រាក់ចំណូលប្រចាំក្រុមគ្រួសារ ព្រោះខេត្តសៀមរាបជាជង្រុក នៃការប្រមូលផ្តុំភ្ញៀវទេសចរណ៍ ជាពិសេសជាងនេះទៅទៀតនោះ ត្រូវលុបបំបាត់ នូវការរើសអើងជនពិការ ។
ឯកឧត្តមក៏បានបញ្ជាក់ថា នៅឆ្នាំក្រោយៗ មន្ទីរសង្គមកិច្ចខេត្ត ត្រូវរួមសហការជាមួយអាជ្ញាធរខេត្ត រៀបចំពិធីនេះឡើង ឲ្យបានជារៀងរាល់ឆ្នាំ ដើម្បីឲ្យបងប្អូនជនពិការ បានយល់ដឹង ពីកិច្ចគាំទ្រអំពីច្បាប់ បទប្បញ្ញត្តិនានា ដូចប្រជាពលរដ្ឋទូទៅ និងសិទ្ធិសេរីភាព ក្នុងការរស់នៅរបស់បងប្អូនជនពិការ ព្រមទាំងសិទ្ធិចូលរួម ប្រាស្រ័យទាក់ទង រាល់សកម្មភាពនានា ពាក់ព័ន្ធនយោបាយ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងសេដ្ឋកិច្ចសង្គម រួមចំណែកយ៉ាងសកម្ម ដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ។
ចុងបញ្ចប់កម្មវិធី ឯកឧត្តម វង សូត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាល នូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ចែកជូនបងប្អូនពិការទាំង៣០០នាក់ ក្នុងម្នាក់ៗ អង្ករ២៥គក្រ មុង១ ភួយ១ កន្ទេល១ មី១កេស និងប្រាក់២ម៉ឺនរៀលផងដែរ ។
បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានអញ្ជើញកាត់ខ្សែបូរ ប្រគល់លំនៅដ្ឋានមួយខ្នង ធ្វើអំពីថ្ម ប្រកហ្វីប្រូរ ជូនដល់គ្រួសារជនពិការក្រីក្រ១គ្រួសារ រស់នៅក្នុងភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ឲ្យប្រើបាស់ជាផ្លូវការចាប់ពីពេលនេះតទៅ ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានទទួលយកបងប្អូនជនពិការ ចូលបម្រើការងាររដ្ឋ ប្រមាណ១,៧% ហើយ ៕





































