កំពង់ធំ ៖ ជាការពិតណាស់ ដែលជនល្មើសមួយចំនួនធំ សុទ្ធតែមានការយល់ថា សមត្ថកិច្ចជំនាញរដ្ឋបាល ជលផលទីណាក៏ដូចទីណាដែរ សុទ្ធតែបានទទួលសំណែនពីពួកឈ្មួញ ហើយការធ្វើសកម្មភាពរបស់ពួកគេ ក៏សុទ្ធតែមានការឯកភាពគ្នា ពីសំណាក់សមត្ថកិច្ចជំនាញ និងកងកម្លាំងប៉ូលិស ប៉េអ៊ឹម នាំគ្នាបើកភ្លើងខៀវ ឲ្យពួកគេចូលទៅឆក់ត្រី ឬប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ទើបជនប្រព្រឹត្តបទល្មើសហ៊ាន ឌឺដង ផ្លែផ្កាថា សមត្ថកិច្ចជលផល មិនហាមបង្ក្រាបពួកគេ តែបើមានជលផលណា ហ៊ានបង្ក្រាប នឹងថែម៥០ម៉ឺនដល់ ជលផលដែលបានចុះបង្ក្រាប។
ជាក់ស្តែង សង្កាត់រដ្ឋបាលជលផល កំពង់ស្វាយលើ ត្រូវបានប្រជាពលរដ្ឋ ផ្តាំផ្ញើរ ជាហូរហែរថា លោក នាយ សង្កាត់ពិតជា អសមត្ថភាព ក្នុងការអភិរក្សនិងថែរក្សា ធនធានមឆ្ឆាជាតិ ព្រមទាំងបណ្តែតបណ្តោយ ឲ្យមាន ការប្រើប្រាស់ ឧបករណ៍ នេសាទខុសច្បាប់ ទាំងលូស្បៃមុង និងបទល្មើសឆក់ត្រី នៅតាមបណ្តោយស្ទឹងសែន ដែលត្រូវបានគេជឿថា មានការឃុបឃិត និងបើកភ្លើងខៀវពីសំណាក់ នាយសង្កាត់កំពង់ស្វាយលើ ទើបជនល្មើសមានឳកាសឌឺដងដាក់សមត្ថកិច្ច ថាមិនហ៊ានបង្ក្រាបពួកគេទេ ព្រោះត្រូវបានពួកគេ ចិញ្ចឹមឆ្នាំបាយ ។
ភាពឌឺដង ផ្លែផ្កាទាំងនេះ បានចូលត្រជាក់ លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល កំពង់ធំ បញ្ជារហាស់ដូចភ្លែកអន្ទោល ឲ្យលោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជល់ផល ស្ទឹងសែន សហការ ជាមួយលោក សៀង ហុកឃាន់ មេបញ្ជាការសឹករងក្រុងស្ទឹងសែន ដឹកនាំកម្លាំងមន្ត្រីក្រោម ឳវាទចំនួន ១០ នាក់ ទៅពួនស្ទាក់ ចាប់ជនល្មើស ដែលកំពុងតែ ធ្វើសកម្មភាព ឆក់ត្រីនៅចំនុច បឹងព្រះអំពឹស ក្នុងភូមិសាស្ត្រ ឃុំ កំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាតំបន់ឆក់ត្រី និងប្រើប្រាស់ ឧបកណ៍នេសាទ ដោយសេរី និងគ្មានការទប់ស្កាត់ បង្ក្រាបបទល្មើសពីលោក នាយសង្កាត់។
សកម្មភាពរបស់សមត្ថកិច្ច ជលផល និងសឹករងក្រុងស្ទឹងសែន បានឆ្មក់ចាប់បាន ជនល្មើសចំនួន ២ នាក់ ភេទ ប្រុស រស់នៅភូមិ ម្នាវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឧបករណ៍ ដែលរឹបអូសបាន មាន ដុំឆក់២គ្រឿង ដងឆក់២គូរ អាគុយ ២គ្រឿង វត្ថុតាងត្រូវបាន រក្សាទុកនៅកន្លែងសុវត្តិភាព ចំណែកជន ប្រព្រឹត្តបទល្មើស ត្រូវបាន កសាងសំណុំរឿង បញ្ជូនទៅកាន់តុលការ នៅព្រឹកថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៤ ស្អែកនេះ ។
លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល កំពង់ធំ បានមានប្រសាសន៍ថា បទល្មើសឆក់ត្រី និងការ ប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់ និងត្រូវបាន ចុះបង្ក្រាបជាប្រចាំ និងដូចភ្លៀងរលឹម ដោយបាន សហការ ជាមួយកំលាំងសឹករង គ្រប់ស្រុកក្រុង ក្នុងការទប់ស្កាត់ ការពារធនធានមឆ្ឆាជាតិ តាមអនុសាសន៍ របស់ ឯកឧត្តម ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានរដ្ឋបាល ជលផល និងមានការណែនាំ ចង្អុល បង្ហាញពី សំណាក់ ឯកឧត្ត អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។
លោកប៉ែន វណ្ណរិទ្ធ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចរដ្ឋបាលជលផលគ្រប់ផ្នែកសង្កាត់ សហការបង្ក្រាបបទល្មើសនេសាទ និងមិនឲ្យមន្ត្រីជលផលណាម្នាក់ មានការពាក់ព័ន្ឋ នឹងការសូកប៉ាន់នោះឡើយ ។ ជាចុងក្រោយលោក បានសំណូមពរឲ្យ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ចូលរួមលុបបំបាត់ចោលទាំងស្រុង នូវឧបករណ៍ឆក់ត្រី ព្រោះវាអាចផ្តល់នូវទោសកំហុសដល់ ខ្លួនយើង និងមានគ្រោះថ្នាក់ស្លាប់ ជាច្រើនករណី មកហើយដោយការឆក់ខ្លួនឯង ។ វីដេអូhttp://youtu.be/TGv6mehX18U