សារព័ត៌មានយុនហាបរបស់កូរ៉េខាងត្បូងបានផ្សព្វផ្សាយថា កូរ៉េខាងជើងទើបតែធ្វើការសាកល្បងមីស៊ីឆ្លងទ្វីបរយៈចម្ងាយខ្លីចំនួន១០ដើម ទៅកាន់តំបន់សមុទ្រស្ថិតនៅភាគខាងកើតប្រទេសនេះកាលពីរសៀលថ្ងៃទី១៦មីនា។
សកម្មភាពសាកល្បងរបស់កូរ៉េខាងជើងត្រូវបានភាគីកូរ៉េខាងត្បូងចាត់ទុកថាជាការតបតទៅនិងសកម្មភាពធ្វើសមយុទ្ធរបស់អាមេរិកនិងកូរ៉េខាងត្បូង។ ការសាកល្បងធ្វើឡើងនៅវេលា ម៉ោង៦និង២០នាទី ម៉ោងក្នុងតំបន់ ហើយការបាញ់សាកល្បងធ្វើឡើងរយៈពេល១០នាទី។ប្រភេទកាំជ្រួចមីស៊ីលដែលសាកល្បងនោះមានរយៈចម្ងាយជាង៧០គីឡូម៉ែត្រ ។
ពេលកន្លងមកថ្មីៗកូរ៉េ ខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លី ចំនួន ៤ដើម ដោយបាញ់ចេញពីឆ្នេរប៉ែកខាងកើត ឆ្ពោះទៅទីសមុទ្រ។ ការសាកល្បងមីស៊ីលនេះទំនងជាត្រូវធ្វើឡើង ដើម្បីជាការតបតទៅនឹងសមយុទ្ធ ដែលកងទ័ពកូរ៉េខាងត្បូងកំពុងធ្វើជាមួយអាមេរិក។
មីស៊ីលទាំង ៤ ដើម ដែលកូរ៉េខាងជើងបាញ់សាកល្បង គឺជាប្រភេទមីស៊ីលរយៈចម្ងាយជិត ដែលអាចបាញ់បានចម្ងាយប្រមាណជា ២០០គីឡូម៉ែត្រ។ នេះបើយោងតាមការអះអាងរបសឮមន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិ កូរ៉េខាងត្បូង ដែលបានបញ្ជាក់ផងដែរថា កងទ័ពកូរ៉េខាងត្បូងរក្សាការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជាប់ជានិច្ច ដើម្បីចាំទប់ទល់នឹងទង្វើបង្កហេតុណាមួយពីសំណាក់កូរ៉េខាងជើង។
គេសង្កេតឃើញថា ការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយជិតដោយកូរ៉េខាងជើង មិនមែនជារឿងចម្លែកនោះទេ។ កន្លងមក របបដឹកនាំក្រុងព្យុងយ៉ាងតែងតែយកការបាញ់សាកល្បងមីស៊ីលនេះ ដើម្បីជាការឆ្លើយតបទៅនឹងសមយុទ្ធយោធាប្រចាំឆ្នាំ រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ដូច្នេះ ការបាញ់សាកល្បងមីស៊ីលនៅពេលនេះ ក៏ទំនងជាធ្វើឡើង ដើម្បីឆ្លើយតបនឹងសមយុទ្ធប្រចាំឆ្នាំ ដែលកំពុងប្រព្រឹត្តទៅកូរ៉េខាងត្បូង នៅពេលនេះដែរ។
កាលពីយប់ថ្ងៃចន្ទ ថ្ងៃដែលកូរ៉េខាងត្បូងចាប់ផ្តើមបើកធ្វើសមយុទ្ធជាមួយអាមេរិក ទូកល្បាតរបស់កូរ៉េខាងជើងបានបើកឆ្លងចូលមកក្នុងដែនទឹករបស់កូរ៉េ ខាងត្បូងជាច្រើនលើក។ ការបាញ់សាកល្បងមីស៊ីល កាលពីថ្ងៃព្រហស្បតិ៍ គឺជាសកម្មភាពមួយបន្ថែមទៀត ដែលអាចនឹងធ្វើឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េ កាន់តែតានតឹងខ្លាំងឡើងថែមទៀត ក្នុងពេលដែលសមយុទ្ធប្រចាំឆ្នាំកូរ៉េខាងត្បូង-អាមេរិក ត្រូវបន្តធ្វើរហូតដល់ថ្ងៃទី១៨ ខែមេសា។
ក៏ប៉ុន្តែ សាស្ត្រាចារ្យម្នាក់ នៅសកលវិទ្យាល័យកូរ៉េខាងត្បូង ហើយដែលមានជំនាញលើកិច្ចការកូរ៉េខាងជើង បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា កូរ៉េខាងជើងទំនងជានឹងបញ្ឈប់ត្រឹមការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយ ជិតនេះ ដោយមិនធ្វើទង្វើណាមួយ ដែលនាំឲ្យភាពតានតឹងកាន់តែរាលដាលធំជាងនេះទៀតទេ ដោយសារតែរបបដឹកនាំក្រុងព្យុងយ៉ាងមិនចង់បាត់បង់ផលប្រយោជន៍ ដែលខ្លួនអាចទាញយកពីភាពធូរស្រាល ក្នុងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ក្រោយពីខ្លួនបានសុខចិត្តធ្វើសម្បទាន អនុញ្ញាតឲ្យមានជំនួប រវាងសាច់ញាតិកូរ៉េ ដែលបែកគ្នាតាំងពីសម័យសង្គ្រាមរួចទៅហើយ៕