ខេត្តរតនគិរី ៖ លោក អ៊ូ សុធី ជាប្រធានដែនជម្រក សត្វព្រៃលំផាត់ ត្រូវបានប្រជាពលរដ្ឋសហគមន៍ចោទប្រកាន់ថាមានការបើកដៃឲ្យឧកញ៉ាចំនួន២ នាក់ ចាំឈរជើងប្រមូលទិញឈើប្រណីត និងជួលកម្មករ ឲ្យចូលព្រៃកាប់ឈើក្នុងដែនជម្រកនេះ គ្មានក្រែងញញើត ពីច្បាប់ទម្លាប់អ្វីឡើយ ។ យោងតាមប្រជាសហគមន៍បានឲ្យដឹងថា ក្នុងពាក្យបណ្តឹងនោះ បានប្តឹងចំឈ្មោះឧកញ៉ាពីរនាក់ គឺឧកញ៉ា ថៃ និងឧកញ៉ា ពិសី ជាមេឈ្មួញរកស៊ី ដឹកឈើខុសច្បាប់ទ្រង់ទ្រាយធំជាងគេ ពីតំបន់នានា ក្នុងដែនជម្រកសត្វព្រៃលំផាត់ យកទៅស្តុកទុក តាមទីតាំងដីសម្បទានចំនួន ២កន្លែង គឺទីតាំងដីរបស់ក្រុមហ៊ុន ប៉ាស៊ីហ្វិក និងក្រុមហ៊ុន ហុងអាញ់ អណ្តូងមាស របស់យួន។
ប្រជាសហគមន៍ បានឲ្យដឹងទៀតថា ឧកញ៉ា ថៃ និង ពិសី ដោយមានការឃុបឃិត ត្រូវដៃត្រូវជើងជាមួយ ក្រុមមន្ត្រីបរិស្ថាន ក្រោមការគ្រប់គ្រងរបស់លោក អ៊ូ សុធី កំពុងតែកាប់បំផ្លាញឈើប្រណីត ក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រង់ចំណុចកំពតតានវៀន ក្នុងឃុំស្រែអង្គ្រង ខ្លាំងជាងពេលមុនៗទៅទៀត ហើយឈើប្រណីតដែលបាន កាប់បំផ្លាញនៅតំបន់នោះ ត្រូវបានដឹកជញ្ជូន តាមរថយន្តច្នៃចូលទៅកាន់ទីតាំងដីសម្បទាន ទាំងពីរកន្លែងខាងលើនេះ។
អ្នកភូមិបានអះអាងទៀតថា សកម្មភាពកាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃលំផាត់នេះ កើតមានយ៉ាងខ្លាំងក្លា ប្រមាណ ២ឆ្នាំមកហើយ ប្រព្រឹត្តដោយឧកញ៉ា ថៃ និងឧកញ៉ា ពិសី ប្រើប្រាស់កម្មករ ប្រមាណ៥០ ទៅ៦០ នាក់ ឲ្យចូលព្រៃប្រើរណារយន្ត កាប់ឈើប្រណីត ហើយកម្មករទាំងនោះ មិនដែលខ្វល់ខ្វាយអ្វីទេ ឲ្យតែឃើញឈើប្រណីត គ្រប់ប្រភេទ ពួកគេកាប់បំផ្លាញ យ៉ាងអនាធិបតេយ្យ គ្មានគិតពិចារណានោះទេ ពោលគឺឈើធ្នង់ បេង នាងនួន និងសុក្រំ ឲ្យតែកម្មករទាំងនោះ ជួបប្រទះកាប់បំផ្លាញខ្ទេចខ្ទី។
សកម្មភាពដែល កម្មករប្រមាណ ៥០ទៅ៦០ នាក់ចូលកាប់ព្រៃ កាប់ឈើលាន់ឮកងរំពង ក្នុងដែនជម្រកសត្វព្រៃលំផាត់ ធ្វើនៅក្បែរច្រមុះមន្ត្រីបរិស្ថាន ប៉ុន្តែគ្មាននរណាអើពើបង្ក្រាប ទេ នាំឲ្យគេសង្ស័យថា លោក អ៊ូ សុធី ជាប្រធានដែនជម្រក សត្វព្រៃលំផាត់ ទទួលបានផលប្រយោជន៍ យ៉ាងច្រើនក្រាស់ក្រែល ពីសកម្មភាពកាប់បំផ្លាញ ព្រៃឈើខុសច្បាប់របស់ឧកញ៉ាថៃ និងឧកញ៉ា ពិសី។
អ្នកភូមិបានរៀបរាប់ទៀតថា យ៉ាងហោចណាស់ រថយន្តច្នៃប្រភេទរ៉េវ ប្រមាណ ១០គ្រឿង ត្រូវបានប្រើប្រាស់ សម្រាប់ការអូសឈើចេញពីក្នុងព្រៃ ដឹកជញ្ជូនយកទៅលាក់ទុក នៅតាមទីតាំងដីសម្បទាន ទាំងពីរខាងលើនេះ ហើយក្រោយពេលបែកធ្លាយ រឿងកាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ ថ្នាក់លើបានចុះ ទៅត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅក្នុងដែនជម្រកសត្វព្រៃលំផាត់
ប៉ុន្តែមិនសម្រេចបំណងទេ ព្រោះស្ពានឈើទំហំ ៣ម៉ែត្រគុណនឹង៦ ម៉ែត្រ នៅត្រង់ចំណុច ព្រំប្រទល់ក្រុមហ៊ុន ហុងអាញ់អណ្តូងមាស និងជម្រក សត្វព្រៃលំផាត់ ត្រូវបានជនទុច្ចរិត ដែលគេសន្និដ្ឋានថា ជាកម្មករ ឬជាមន្ត្រីអភិរក្ស បានគរសំរាមដុតឆេះខ្ទេចខ្ទី កុំឲ្យថ្នាក់លើចុះទៅដល់ តំបន់ដែលមានការកាប់បំផ្លាញ ព្រៃឈើយ៉ាងរាលដាលនោះ។
ពាក់ព័ន្ធនឹងសកម្មភាព កាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ ក្នុងខេត្តរតនគិរីនេះផងដែរ លោក ប៉ាវ ហមផាន ជាអភិបាលខេត្ត បានចេញបញ្ជាឲ្យ សមត្ថកិច្ចចម្រុះចុះបង្ក្រាប និងរឹបអូសឈើខុសច្បាប់ ទ្រង់ទ្រាយធំ នៅក្នុងស្រុកតាវែង ដោយរឹបអូសបានឈើប្រណីត មានមុខកាត់ចាប់ពី ៣តឹក រហូតដល់ ៥តឹក ជាង៣០០ដុំ ហើយឈើទាំងនោះ ជារបស់ឧកញ៉ា ពិសី និងមេឈ្មួញចំនួន ៣នាក់ទៀត។ ក្រោយការបង្ក្រាប និងរឹបអូសឈើប្រណីតទាំងនោះ នៅមិនទាន់មានវិធានការ កោះហៅម្ចាស់ឈើ ទៅសួរនាំ ឬកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅឡើយទេ ។