បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥នេះ ស ស យ ក ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត រៀបចំកម្មវិធីប្រឡងប្រណាំង គំនូរ និងនិពន្ធអត្ថបទកំនាព្យ ប្រកួតយកស្នាដៃផ្ទាល់ នៃសិស្សានុសិស្ស បានបើកកិច្ចនៅតាមសាលាវិទ្យាល័យ និងអនុវិទ្យាល័យទាំងអស់៨០ សាលា រួមទាំង
សាលារៀន សាលាឯកជនជាច្រើននៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយការដឹកនាំគណះកម្មាធិការ ដោយលោកទូច ម៉ានី អភិបាលរងក្រុងប៉ោយប៉ែត លោកសាន វិជ្ជាសារ៉ាវុធ អនុប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានសាខាកាំកុងត្រូលខេត្ត លោក អ៊ុង សាម៉ន ជានាយកវិទ្យាល័យអូរជ្រៅ និងក្រុមការងារជាច្រើននាក់ និងសិស្សានុសិស្សចូលរួមប្រកួតស្នាដៃ ផ្នែកគំនូរ និងនិពន្ធអត្ថបទកំនាណ្យ ជាច្រើននាក់ផងដែរ។
ការបង្កើតកម្មវិធីប្រលងស្នាដៃគំនូរ សរេសរអត្ថបទឆ្នើម និងនិពន្ធកំណាព្យ សម្រាប់ប្អូនៗ សិស្សានុសិស្សទាំងពីរភេទ នៃវិទ្យាល័យ និងអនុវិទ្យាល័យក្នុងក្រុងប៉ោយប៉ែត ប្រមាណ ១០០នាក់ នាថ្ងៃនេះ គឺផុសចេញពីគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជខេត្តបន្ទាយមានជ័យ ដោយមានកិច្ចសហការយ៉ាងពេញលេញផ្នែកបច្ចេកទេសរៀបចំពីមន្ទីរអប់រំយុវជន និងកីឡាទូទាំងខេត្តបន្ទាយមានជ័យផងដែរ។
ក្នុងឱកាសកម្មវិធីលោក សាន វិជ្ជាសារា៉វុធ អនុប្រធាន សសយកបជ និងជាអនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមាន ជ័យបានមានប្រសាសន៍ថា ការបង្កើតកម្មវិធីនេះ មានគោលបំណងឲប្អូនៗសិស្សានុសិស្សទាំងអស់ មានភាពក្លាហានរស់រវើក ចេះស្គាល់តម្លៃពិតរបស់ខ្លួនក្នុងការបង្កើតគំនិតថ្មី ការសិក្សាចំណេះដឹងទូទៅតាមសាលា យល់ដឹងអំពីសង្គមដែលពេញដោយសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចនាសម័យបច្ចុប្បន្ន ពិសេសយល់ច្បាស់ឈានមុខលះបង់គ្រប់សកម្មភាពក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជារាស្ត្រ ក្រោមប្រធានបទ (កម្ពុជាក្នុងសុបិន្ត ក្តីសង្ឃឹម និងសកម្មភាពរបស់ខ្ញុំ) ដោយខិតខំរួមចំណែក ចែករំលែកការងារសង្គមដល់ប្អូនៗឲមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការក្រេបជញ្ជក់ចំណេះដឹងឲឈានដល់កម្រិតស្តង់ដារជាតិរយៈពេល ១២ឆ្នាំ មុននឹងបន្តចូលថ្នាក់ឧត្តមសិក្សាបន្ថែមទៀត រួមចំណែកបណ្តុះធនធានមនុស្សប្រកបដោយបញ្ញាញាណ និងទេព្យកោសល្យ ដើម្បីស្តារ និងអភិឌ្ឍប្រទេសជាតិឲសំបូររុងរឿង។
នីតិវិធីនៃការប្រលងនេះ លោក សាន វិជ្ជាសារា៉វុធ បានបន្ថែមថា សម្រាប់សិស្សអនុវិទ្យាល័យ វិញ្ញាសារគូរគំនូរ ត្រូវជ្រើសយកស្នាដៃឆ្នើម ៥នាក់ រីឯវិទ្យាល័យ វិញ្ញាសារសរេសរអត្ថបទឆ្នើម និងវិញ្ញាសារតែងកំណាព្យ យកស្នាដៃឆ្នើម ៥នាក់ៗដូចគ្នាពីសាលានីមួយៗ យកមកជម្រុះថ្នាក់ក្រុង ហើយត្រូវជ្រើសយក មួយវិញ្ញាសារ ១០នាក់ពីថ្នាក់ស្រុក ក្រុងទូទាំងខេត្ត ទៅជម្រុះបញ្ចប់នៅថ្នាក់ខេត្ត សរុបបេក្ខជនប្រមាណ ២៧០នាក់ ទូទាំងខេត្តបន្ទាយមានជ័យ នាពាក់កណ្តាលខែ កុម្ភៈ ២០១៥ ខាងមុខនេះ។ គ្រប់ស្នាដៃឆ្នើមជ័យលាភីនឹងទទួលបានពានរង្វាន់ពី សហភាព សហព័ន្ធ យុវជនកម្ពុជាខេត្តបន្ទាយមានជ័យ។
លោកសាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា ស ស យ កបានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត រៀបចំកម្មវិធីប្រឡងប្រណាំង គំនូរ និងនិពន្ធអត្ថបទកំនាព្យ ក្នុងប្រធានបទ “កម្ពុជាក្នុងសុបិន្ត ក្តីសង្ឃឹម និងសកម្មភាពរបស់ខ្ញុំ” គឺមានគោលបំណង និងគោលដៅលើកស្ទួយយុវជន និងចែករំលែកការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យអប់រំ។
លោកបានបន្តថា នៅក្នុងក្រុងប៉ោយប៉ែត លោកជាអ្នកដឹកនាំ និងសហការណ៍ចូលរួម រួមមាន វិទ្យាល័យអូរជ្រៅ សិស្សានុសិស្ស ១៣នាក់ អនុវិទ្យាល័យសិស្សានុសិស្ស ៥៦នាក់ អនុវិទ្យាល័យប៉ោយប៉ែតក្រុង សិស្សានុសិស្ស ជាង៣០ និងវិទ្យាល័យឯកជននៅក្នុងក្រុងជាង១០០នាក់ផងដែរ៕ដោយ:ឃិន គន្ធា



































