Robin Van Persie បានក្លាយជាវិរៈបុរសនៅទឹកដី Old Traford កាលពីយប់មិញនេះបន្ទាប់ពីរូបគេស៊ុត បញ្ចូលទីបាន ហេត ទ្រីក (Hat Trick) ជួយឲ្យបិសាចក្រហម Manchester United យកឈ្នះ Olympiakos ៣-០ ដោយសរុបទាំងពីរជើង Manchester United ឈ្នះ ៣ ទល់នឹង ២ ។
Manchester United បើកការវាយសម្រុកយ៉ាងខ្លាំងលុះមកដល់នាទីទី ២៥ ពួកគេទទួលបានកាដូបាល់ប៉េណាល់ទី ១ គ្រាប់ដែលសម្រេចបានដោយខ្សែប្រយុទ្ធអន្តរជាតិហូឡង់ Robin Van Persie ។ រៀបនឹងបញ្ចប់តង់ទី១ទៅហើយ Robin Van Persie ស៊ុតបានមួយគ្រាប់ទៀតធ្វើឲ្យ Manchester United នាំមុខ ២-០ នៅតង់ទី១។ លុះចូលតង់ទី២បាន៧នាទី កីឡាករ Van Persie ដដែល រកបានគ្រាប់ទី៣របស់ខ្លួនបន្ថែមទៀត ហើយលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត ។
ចំណែកឯការប្រកួតមួយគូទៀតដំណាលគ្នានេះដែរ ម្ចាស់ផ្ទះ Dortmund ទោះបីជាចាញ់ក្រុមភ្ញៀវ Zenit ក៏ដោយក៏ពួកគេមានកៅអីមួយនៅវគ្គ ៨ ក្រុមចុងក្រោយដែរដែលសរុបទាំងពីរជើង Dortmund ឈ្នះ ៥-៤ ។ ១ គ្រាប់របស់ក្រុមម្ចាស់ផ្ទះគឺរកបានដោយកីឡាករ សេបបាស្ទៀន ឃែល (Sebastian Kehl) នៅនាទីទី ៣៨ ចំណែកឯពីរគ្រាប់របស់ក្រុមភ្ញៀវគឺស៊ុតដោយកីឡាករ ហ៊ុក (Hulk) នៅនាទី ១៦ និងកីឡាករ រ៉ុនដុន (Rondon) នៅនាទី ៧៣ ។
គួររម្លឹកថា ឆ្លងកាត់ការប្រកួតកន្លងមក ៨ ក្រុមដែលបានឡើងទៅវគ្គបន្តមាន Real Madrid, Barcelona, At.Madrid, Bayern Muich, Dortmund, Paris Sanit German, Chelsea និង Manchester United ហើយការផ្គូរផ្គងសម្រាប់វគ្គ ១៨ ក្រុមចុងក្រោយនឹងត្រូវធ្វើឡើងនៅយប់ថ្ងៃសុក្រ ៕






































