កណ្តាល៖ នៅមុនប្រាក់ខែនិយោជិតកម្មករកម្មការិនីមន្ត្រីរាជការឡើងនៅឆ្នាំថ្មី២០១៤ បណ្តាទំនិញចិន តាមទីផ្សារ សម្ភារបរិក្ខារ និងគ្រឿងឧបភោគបរិភោគមួយចំនួនបែរជាឡើងថ្ងៃតាំងតែពីប៉ុន្មានខែ មុនមកម្ល៉េះ ខណៈកសិផលកសិកម្មអ្នកចម្ការស្រែហាក់នៅទ្រឹងហើយស្ទើរតែចុះថ្លៃជាងមុនថែមទៀត។
កសិករប្រកបរបរកសិកម្មនៅស្រុកមុខកំពូល ខេត្តកណ្តាល ពិសេសអ្នកនៅមាត់ទន្លេដែលប្រកបរបរ ដាំបន្លែតាមមាត់ទឹកបានរំឭកប្រាប់កាលពីម្សិលមិញនេះថា ពួកគាត់បានដាំដំណាំបន្លែជាច្រើនដូចជា សាលាដ ខាត់ណា ត្រកួន ស្ពៃក្តោប ស្ពៃក្រញាញ់ ម្ទេស ឆៃថាវ ននោងត្រឡាច ត្រសក់ ម្រះ សណ្តែកកួរ ឃ្លោក ល្ពៅ ជាដើម ប៉ុន្តែរបស់ទាំងនេះហាក់នៅទ្រឹង មិនឡើងថ្លៃដូចទំនិញចិនឡើយ។
ពួកគាត់ដែលជាប្រជាកសិកររស់នៅព្រែកអញ្ចាញ ព្រែកដំបង បាននិយាយប្រាប់កាលពីថ្ងៃអាទិត្យនេះ ថា ប្រសិនបើពួកគាត់ដឹកយកមកលក់ខ្លួនឯងនៅផ្សារនាក្រុងភ្នំពេញ ទំនិញទាំងនេះហាក់បានថ្លៃគ្រាន់ បើ តែបើលក់តាមឈ្មួញដែលចុះទៅទិញដល់ទីកន្លែងវិញ គឺថោកណាស់ មិនឡើងថ្លៃជាងមុនទេ ខណៈទំនិញចិនដូចជាគ្រឿងចាប់ហួយ និងសម្ភារបរិក្ខារប្រើប្រាស់របស់ចិននៅតាមផ្សារបែរជាឡើងថ្លៃតាំងតែពីពីរបីខែមុនមកម្ល៉េះ។
ដោយសារតែភាពផ្ទុយគ្នាបែបនេះ ទើបពួកគាត់បានបន្តថា ឈ្មួញកណ្តាលចេះតែដំឡើងថ្លៃទំនិញ គ្រាន់តែឮសូរថា ប្រាក់ខែនិយោជិតកម្មករកម្មការិនីមន្ត្រីរាជការឡើងនៅឆ្នាំថ្មី២០១៤នេះ ពួកឈ្មួញ បានដំឡើងថ្លៃតាំងពីខែកញ្ញា ឬតុលាមក ហើយគេថា ពន្ធឡើងថ្លៃឬដឹកជញ្ជូននិងការបង់សេវាផ្សេងៗ ប៉ុន្តែតាមពិតទៅកសិករក៏ប្រើសាំង ក៏ចំណាយលើឈ្នួលពលកម្មដូចគ្នាបែរជាគេថា បើស្រូវអង្ករ បន្លែ ឡើងថ្លៃទៀត វាពិតជាពិបាកជាមិនខាន។ ហេតុនេះកសិផលកសិកម្មនៅរក្សាតម្លៃតែដដែល។
បងស្រីម្នាក់កំពុងបេះបន្លែយកទៅលក់តាមទីផ្សារនិយាយថា កសិផល ឬទំនិញរបស់ប្រជាកសិករ មិនដែលឡើងថ្លៃខ្លាំងក្លានោះទេ។
តាមតម្លៃនៃកសិផល អាហារ ត្រីសាច់មួយចំនួនរួមមាន ស្ពៃចង្កឹះថ្លៃ១៥០០រៀលក្នុង១គីឡូក្រាម ខាត់ណាថ្លៃ៨៥០០ ស្ពៃបូកគោ៣០០០ ស្ពៃក្តោប២២០០ ឆៃថាវ១៧០០ ស្ពៃតឿ៣១០០ សាលាដ៤០០០ ត្រសក់២០០០ ម្ទេសប្លោក៤០០០ រៀល ។ ចំណែកប្រហុកសាច់១០០០០ ស្ករត្នោត៤០០០ ប្រេងសណ្តែក៦០០០ ពងទា៦៥០០ ក្នុង១០គ្រាប់ ធ្យូង១៣០០រៀលក្នុង១គីឡូក្រាម។
ដោយឡែកផលិតផលទំនិញចិនវិញឡើងថ្លៃតាំងតែពីប៉ុន្មានខែមុនមកម្ល៉េះ ដូចជា ទឹកដោះគោ ភេសជ្ជៈ គ្រឿងកំប៉ុង សូម្បីតែស្ករគ្រាប់ នំក្មេងៗក៏ឡើងថ្លៃដែរ។ អ្នកខ្លះនិយាយថា ទំនិញឡើងថ្លៃមកពី ប្រេងសាំងឡើងថ្លៃ តែជិត១ឆ្នាំនេះសាំងហាក់នៅដដែលតែទំនិញឡើងក្រឺតៗ។
សម្រាប់មន្ត្រីរាជការ ប៉ូលិស ទាហាន មួយចំនួននិយាយថា ប្រាក់ខែដដែលដូចសព្វថ្ងៃក៏បាន តែរដ្ឋ ធ្វើយ៉ាងណាទប់ស្កាត់ទំនិញកុំឲ្យឡើងថ្លៃ ឬក៏បញ្ចុះតម្លៃទំនិញឲ្យបានយ៉ាងតិចពាក់កណ្តាលទៀត នោះទើបអាចឲ្យពួកគាត់ទប់ទល់បញ្ហាជីវភាពបាន៕