សៀមរាប៖យុវជនកាកបាទក្រហមកម្ពុជាថ្មីមកពីបណ្តាគ្រឹះស្ថានចំនួន៨ក្នុងខេត្តសៀមរាបចំនួន៣៩៤រូប ត្រូវបានទទួលការបំពាក់នូវឯកសណ្ឋាន ជាយុវជនកាកបាទក្រហមកម្ពុជាក្រោមអធិបតីភាពរបស់ លោកឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកនូ ផល្លា
ប្រធានក្រុមប្រឹក្សាខេត្តដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តមលោកឧកញ៉ាលោកជំទាវ អស់ លោក លោកស្រី ជាសមាជិក គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កាលពីព្រឹកថ្ងៃទី១៧ ខែ កុម្ភះ ឆ្នាំ២០១៥នៅវិទ្យាល័យ១០ មករា ១៩៧៩ ។
តាមរបាយការណ៍របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងផងដែរពីការរៀបចំបំពាក់ឯកសណ្ឋានជូនយុវជនកាកបាទក្រហមកម្ពុជានេះមានចំនួន ១៦លើកមកហើយនៅតាមគ្រឹះស្ថានសិក្សាមានចំនួន៣ពាន់នាក់ហើយនេះជាលើកទី១៧ ត្រូវបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជា មានចំនួន៣៩៤រូបស្រី២៦១រូប ដែលមកពីវិទ្យាល័យ១០មករា ១៩៧៩ ចំនួន៦០រូប ,វិទ្យាល័យហ៊ុនសែនសៀមរាប៣៦រូប , វិទ្យាល័យហ៊ុន សែន វត្តស្វាយ ចំនួន៤០រូប ,វិទ្យាល័យសម្តេចឪចំនួន ៤៣រូប វិទ្យាល័យអង្គរចំនួន ៦៣រូបអនុវិទ្យាល័យសម្តេចតេជោហ៊ុនសែនគ្រួស ចំនួន ៤៧រូប ,អនុវិទ្យាមិត្តភាពខ្មែរជប៉ុនព្រះឥន្ទកោសាចំនួន៤៥រូប និងសាលាគរុកោសល្យនិងវិក្រិត្តការខេត្តចំនួន៦៣រូប។ ទាំងនេះក៏ជាការឆ្លើយតបទៅនិងដំណើរការនៃការអភិវឌ្ឍន៍របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ដែលជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជនហើយការបំពាក់ឯកសណ្ឋាន ក្នុងការកសាងយុវជនស្ម័ត្រចិត្តកាកបាទក្រហមកម្ពុជា ដើម្បីបំពេញបន្ថែមនៅគ្រប់វិទ្យាល័យ អនុវិទ្យាល័យ ដែលយុវជនបានឆ្លងកម្រិតសិក្សាទៅថ្នាក់ឧត្តមសិក្សាក្នុងការបំពេញបន្ថែមនៅតាម ការចូលរួមសកម្មភាពការងារមនុស្សធម៌ នៅក្នុងខេត្តសៀមរាប ក៏ដូច ទូទាំងប្រទេសផងដែរ ។ 
បន្តមកគណៈអធិបតី និង ភ្ញៀវកិត្តិយស ក៏អញ្ជើញធ្វើការបំពាក់នូវកន្សែង ជូនដល់ក្មួយៗក្រុមយុវជនកាកបាទ ក្រហមកម្ពុជាទាំង ៣៩៤រូប និង ការឡើងធ្វើចំណាប់អារម្មណ៍ និង ការប្តេជ្ញាចិត្តរបស់តំណាងយុវជនកាកបាទក្រហម កម្ពុជារួចមកមានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗយុវជនកាកបាទក្រហមកម្ពុជានិង ទីប្រឹក្សាយុវជននាឱកាសនោះលោកឃឹមប៊ុនសុងក៏បានបញ្ជាក់អំពីលទ្ធផល និងសកម្មភាពរបស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងការចុះសួរសុខទុក្ខនិង ចែកអំណោយដល់ជនរងគ្រោះក្នុងឆ្នាំ២០១៤ព្រមទាំងលើកឡើងពីប្រវត្តិនៃការបង្កើតកាកបាទក្រហមកម្ពុជា នាថ្ងៃ ទី១៨ កុម្ភះ ឆ្នាំ១៩៥៥ ដោយឈរលើគោលការណ៍ គ្រឹះនៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលផ្តោតជាសំខាន់លើមនុស្សធម៌ និង សកលភាផងដែរ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើង នូវបរិបទថ្មី នៃមហាសន្និបាតកាកបាទក្រហមកម្ពុជា ដាក់ចេញនូវយុទ្ធសាស្ត្រសំរាប់ឆ្នាំ២០២០ក៏ដូចទិសដៅអភិវឌ្ឍន៍សាខារយៈពេល៤ឆ្នាំ២០១៣.២០១៧ក្នុងទស្សនៈវិស័យ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និង ការពារតម្លៃ មនុស្សធម៌របស់ជនរងគ្រោះនិងដោយផ្តោតការយកចិត្តទុកដាក់លើវិស័យស្នូលទាំង៤ ជាសំខាន់លើការគ្រប់គ្រងគ្រោះមហន្តរាយសុខភាពនិងថែទាំសុខភាពក្នុងសហគមន៍ ព្រមទាំងលើកកម្ពស់គោលការណ៍គ្រឹះ និង តម្លៃមនុស្សធម៌របស់ចលនា និង អភិវឌ្ឍន៍ស្ថាប័ន អភិវឌ្ឍន៍ធនធាន ។ លោកឃឹម ប៊ុនសុងក៏បានផ្តាំផ្ញើដល់ក្មួយៗយុវជនកាកបាទក្រហមកម្ពុជាទាំង ៣៩៤រូប ត្រូវគោរពប្រតិបត្តិពីតួនាទី ភារកិច្ចឲ្យខ្ជាប់ខ្ជួនក្នុងសកម្មភាពមនុស្សធម៌និងធ្វើជាគំរូឈានមុខនៅក្នុងសាលារៀននិង ឧស្សាហ៍ព្យាយាមរៀនសូត្រធ្វើជាគំរូដល់មិត្តយុវវ័យត្រូវធើ្វការអប់រំអនាម័យសុខភាព ព្រមទាំងចូលរួមក្នុងការងារសង្គមពិសេសលើសុវត្ថិភាពចរាចរនិងបរិស្ថាន អនាម័យនៅក្នុងក្រុងប្រវត្តិសាស្ត្រនៃយើងផងដែរ។ក៏បានធ្វើការកោតសរសើរផងដែរដល់ក្មួយៗយុវជនកាកបាទក្រហមកម្ពុជាយើងដែលមានស្មារតីឆន្ទះចូលរួមក្នុងសកម្ម ភាពមនុស្សធម៌ព្រមទាំងលះបង់ពេលវេលារបស់ខ្លួនចូលរួមធ្វើចរាចរណ៍ជាមួយកម្លាំងសមត្ថកិច្ចផងដែរ ។ 
បន្ទាប់ពីការប្រគល់លិខិតថ្លែងអំណរគុណដល់បងប្អូនសប្បុរសជននិង ការប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្ស ពូកែ នៃវិទ្យាល័យ១០មករា១៩៧៩ក្នុងនោះដែរលោក ឃឹម ប៊ុនសុង ក៏បាននាំយកនូវថវិកាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចគត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូនដល់ក្មួយៗទាំង៣៩៤នាក់ម្នាក់ៗថវិកា ១ម៉ឺនរៀលផងដែរ ៕ដោយគឿនវ៉េត



































