កំពង់ធំៈ ចោរប្លន់ប្រដាប់ បានធ្វើសកម្មភាព ប្លន់ឆៅៗនៅក្នុងផ្សារស្ទោង បង្ករភាពភ័យខ្លាច ដល់អជីវករ ក្នុងផ្សារ ដោយសារតែមានករណីចោរសប្លន់ទូរមាសចំនួន ៤ទូរហើយបានវិញមាសរត់ទៅដោយសុវត្តិភាព កាលពីវេលារសៀលម៉ោង ៤ ល្ងាច ថ្ងៃទី ៨ ខែ មិនាឆ្នាំ២០១៥ ស្ថិតនៅភូមិ កំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុក ស្ទោង ខេត្តកំពង់ធំ។
តាមការឲ្យដឹងពីលោក វរៈសេនីយ៍ត្រី យ៉ង់ សំ អធិការស្រុកស្ទោង បានឲ្យដឹងថា មុនពេលកើតហេតុ មាន ក្រុមចោរចំនួន ៦ នាក់បានបន្លំខ្លួនធ្វើជាអ្នកទិញមាស លុះបានឳកាសស្ងាត់ ក៏យកកាំភ្លើង អាកា ចំនួន ២ដើម ភ្ជង់ម្ចាស់ ទូរមាស ព្រមទាំងបានវាយបំបែកទូរយកមាស រត់ទៅ ក្រោយពីចោរបានធ្វើសកម្មភាពប្លន់រួច លោកបាន សហការជាមួយ កម្លាំង
កងរាជអាវុធហត្ថស្រុក និងកំលាំងផ្នែកសឹករងស្រុកស្ទោង និងកំលាំងអធិការ ចុះតាមយ៉ាងកកិតពីក្រោយចោរទាំង៦នាក់ លោកបានបន្តទៀតថា មុខសញ្ញាចោរទាំងនេះ បាននាំគ្នារត់មក ផ្នែកខាងក្រោម នៃបឹងទន្លេសាប រហូតមកដល់វេលាម៉ោង ១០យប់ថ្ងៃកើតហេតុ សមត្ថកិច្ចកំពុងតែហុំព័ទ្ធ ព្រៃរនាមនៅឡើយ ដោយសង្ស័យថា ក្រុមចោរបានលាក់ខ្លួននៅក្នុងព្រៃនេះលិចទឹកនេះ។
ចំណែកលោកវរៈសេនីយ៍ឯក កែ ខាន់ណារ៉ា ស្នងការរង ទទួលព្រហ្មទណ្ទ បានដឹកនាំកំលាំងព័ទ្ធនៅឃុំ ប្រឡាយ ព្រមទាំងកំលាំងដ៏ទៃ បានស្ទាក់គ្រប់ច្រកល្ហក ដើម្បីចាប់ឧក្រិដ្ឋជនទាំងនេះមកផ្តន្ទាទោសតាមច្បាប់ ។
សូមបញ្ជាក់ផងដែរថា ករណីចោរប្លន់នេះ សមត្ថកិច្ចនៅមិនទាន់ សរុបចំនួននូវការបាត់បង់នោះទេ គឺរងចាំ ឲ្យម្ចាស់អជីវករលក់មាស មានអារម្មណ៍ល្អសិន ដោយសារតែខណៈនេះ ភាពព្រួយបារម្ភណ៍ និងក្តីកង្វល់ កំពុងតែធ្វើឲ្យពួកគាត់តក់ស្លុត ។
ដោយ ប៊ុន រដ្ឋា



































