ខេត្តក្រចេះ៖ ពិធីបុណ្យទន្លេរត្រូវបានបញ្ជាប់ដោយបានដំណើរយ៉ាងល្អ គឺភ្ញៀវជាតិ អន្តរជាតិ ប្រមាណជាជិត១០ម៉ឺននាក់មកពីតាមបណ្តាខេត្ត ក្រុង រាជធានី ប្រារព្ធពិធីបុណ្យទន្លេលើកទី១ ប្រព្រឹត្តិទៅចំនួន៣ថ្ងៃនៅទីរួមខេត្តក្រចេះ ដែលមានការអញ្ជើញថ្លែងបើកពិធីបុណ្យទន្លេ
ដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ អាយ អាន្នី សុខ អាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឲ្យដឹងថាពិធីបុណ្យទន្លេ ត្រូវបានត្រូវប្រារព្ឋឡើង ក្នុងគោលបំណងបង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់បណ្តារខេត្តដែលជាប់ដងទន្លេ ពិសេស ដើម្បីរួមចំណែកដល់ការជម្រុញ និងការអភិវឌ្ឍន៍តំបន់តាមដងទន្លេកម្ពុជាឲ្យក្លាយទៅជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញ ស្របតាមយុទ្ធសាស្ត្រ ពិពិកម្មវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា លើកកំពស់គុណភាពសេវាកម្មទេសចរណ៍ បំផុសមហាជន ចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ រួមចំណែកសម្រាប់ផែនការយុទ្ធសាស្ត្រអាស៊ានឆ្នាំ២០១១ ២០១៥ ឲ្យឆ្ពោះទៅកាន់ផែនការក្រោយឆ្នាំ២០១៥របស់អាស៊ាន ក្នុងការជម្រុញការតភ្ជាប់លើគម្រោងភាពជាដៃគូ ពិសេស ក្នុងក្រមខណ្ឌមហាអនុតំបន់ទន្លេមេគង្គ និងមេគង្គ ជប៉ុន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរខេត្តក្រចេះ និងគណៈកម្មការអន្តរក្រសួង ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេជាលើកទី១ នាឆ្នាំនេះ ក្រោមប្រធានបទ «ទេសចរណ៍តាមដងទន្លេសម្រាប់ការអភិវឌ្ឍសហគមន៍» នៅលើទឹកដីខេត្តក្រចេះដ៏ស្រស់បំព្រង។
ឯកឧត្តម មានប្រសាសន៍ថា ការប្រាព្ធពិធីបុណ្យទន្លេនេះ ប្រព្រឹត្តឡើងបានជោគជ័យ គឺដោយសារកម្ពុជាមាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខនៅពេញផ្ទៃប្រទេស ដែលពុំធ្លាប់មាននៅក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្ត្រកម្ពុជា គឺអាស្រ័យដោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកនៃគោលនយោបាយ «ឈ្នះ- ឈ្នះ» និងគោលនយោបាយ «បើកចំហរជើងមេឃ» ព្រមទាំងគោលនយោបាយផ្សេងៗទៀតជាច្រើន ដើម្បីជំរុញការអភិវឌ្ឍមាតុភូមិ ប្រកបដោយចីរភាព។
កាលពី ឆ្នាំ២០១៤កន្លងទៅ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចមធ្យមប្រចាំឆ្នាំប្រមាណ ៧% និងនៅតែបន្តក្នុងរង្វង់ ៧% នៅឆ្នាំ២០១៥នេះ ហើយកំណើននេះ គឺមកពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃ វិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម ជាពិសេសវិស័យ ទេសចរណ៍។ ហើយនៅឆ្នាំ២០១៤ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួនជាង៤,៥លាននាក់ ដែលបាននាំមកនូវប្រាក់ចំណូលជាង ២,៥ពាន់លានដុល្លារ ហូរចូលទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដោយបានរួមចំណែកប្រមាណ ១៦% នៃផលិតផលក្នុងស្រុកសរុប ហើយបានបង្កើតការងារជូនប្រជាជនដោយផ្ទាល់ជាង េ៥០០ពាន់ និងដោយប្រយោលរាប់សិបពាន់ផ្សេងទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តរពិធីបុណ្យទន្លេលើកទី១ នៅខេត្តក្រចេះ ហើយលើកទី២ ឆ្នាំ២០១៦ ពិធីបុណ្យទន្លេនឹងត្រូវរៀបចំធ្វើនៅខេត្តកំពង់ចាម។ នេះគឺពិតជាសបញ្ជាក់ឱ្យឃើញពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់តាមដងទន្លេ ក៏ដូចជា ការអភិវឌ្ឍវិស័យទេសចរណ៍ សំដៅរួមចំណែកធ្វើឱ្យជាតិមាតុភូមិយើងមានការអភិវឌ្ឍលើគ្រប់វិស័យ និងគ្រប់តំបន់ទាំងអស់នៅទូទាំងប្រទេសផងដែរ ។





































