កំពង់ធំៈ បន្ទាប់ពីឈានចូលដល់រដូវទឹកសម្រក គឺជារដូវប្រមូលផលត្រីរបស់ប្រជានេសាទ ដែលកំពុងតែធ្វើសកម្មភាពនេសាទក្នុងបឹងទន្លេសាប ក្នុងនោះគេសង្កេតឃើញមាន ប្រជានេសាទមួយចំនួនតូច បានប្រើប្រាស់ឧបករណ៍ដែលត្រូវបានហាមឃាត់ ពីសំណាក់រដ្ឋបាលជលផល តែត្រូវបានខណ្ទរដ្ឋបាលជលផល កំពង់ធំ ដាក់វិធានការក្តៅក្នុងការបង្ក្រាបដូចភ្លៀងរលឹម។
ជាក់ស្តែងនៅថ្ងៃ១៦ ខែ មិនា ឆ្នាំ ២០១៥ លោក យ៉ាន់ វិសាក់ នាយផ្នែករដ្ឋបាលជលផល ផាត់សណ្តាយ ដឹកនាំកំលាំងសហគមន៍ ប៉ូលិស ប៉េអ៊ឹម និងស្កាត់រដ្ឋបាលជលផលផាត់សណ្តាយ ចុះបង្ក្រាបបទល្មើសដាក់ សម្រាស់ ដាក់អ៊ុយ និងដាក់លូស្បៃមុង បានជាច្រើនករណី ដោយមានការចង្អុលបង្ហាញពីលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ ។
លទ្ធផលនៃការចុះបង្ក្រាបបទល្មើសនេសាទសមត្ថកិច្ចបានរឹបអូសយកបាន វត្ថុតាងរួមមានចំនួន ៤របាំង២១០០ម ឆ្នុក១៤លូ បង្គោល១០០០ដើម ត្រី១០០គីឡូ នៅចំនុច ព្រែកក្សោប តំបន់អភិរក្សបាឡត បាន វត្ថុតាងទាំងអស់ត្រូវបាននាំយកមករក្សាទុកនៅផ្នែករដ្ឋបាលជលផល មួយចំនួន និងមួយចំនួនទៀតត្រូវបាន នាំយកទៅប្រើប្រយោជន៍របស់សហគមន៍ ។
លោក យ៉ាន់ វិសាក់ នាយផ្នែករដ្ឋបាលជលផល ផាត់សណ្តាយ បានឲ្យដឹងថា កិច្ចសហការជាមួយកំលាំង និងអាជ្ញាធរ ត្រូវបានធ្វើឡើងជាប្រចាំ ក្នុងការបង្ក្រាបបទល្មើសដែល អ្នកនេសាទមួយចំនួន បានលបលួច ធ្វើសកម្មភាពនៅពេលយប់ ដូចជាឆក់ត្រី រុញស៊ីប យ៉ាងកាវ ដែលសុទ្ធតែជាឧបករណ៍ដែលបាននេសាទដោយខុសច្បាប់ និងសហការបង្ក្រាបជាបន្តបន្ទាប់ ក្រោមការណែនាំរបស់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលជលផល ឲ្យគ្រប់ផ្នែកសង្កាត់រដ្ឋបាលជលផល រឹតបន្តឹង និងទប់ស្កាត់ការរាលដាល ដោយការប្រើប្រាស់ឧបករណ៍ដោយខុសច្បាប់។




































