កំពង់ឆ្នាំង៖នៅក្នុងមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៥ គណៈកម្មការកំណត់អត្តសញ្ញាណកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ចូលបាត់បង់សមត្ថភាពការងារ ពិការ និងគ្រួសារជនពលី មរណៈ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក សៀក គឹមលៀង ជាប្រធានគណៈកម្មការ បានធ្វើការប្រជុំតាមតួនាទីរបស់ខ្លួន ដើម្បីពិនិត្យពិភាក្សាវាយតម្លៃ លើការស្នើសុំដីសម្បទានសង្គមកិច្ចសំរាប់ធ្វើលំនៅដ្ឋាន និងដីកសិកម្មរបស់អតីតៈយុទ្ធចំនួន៣៥នាក់ ប៉ុន្តែជាលទ្ធផលមិនទាន់សម្រេចជាផ្លូវការ ព្រោះឯកសារស្នើសុំមិនទាន់គ្រប់គ្រាន់និងត្រឹមត្រូវ ដែលក្រុមការងារត្រូវធ្វើការចុះទៅពិនិត្យជាក់ស្តែងដល់មូលដ្ឋានជាថ្មីម្តងទៀត។
លោក សៀក គឹមលៀង ជាប្រធានគណៈកម្មការកំណត់អត្តសញ្ញាណកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ចូលបាត់ បង់សមត្ថភាពការងារ ពិការ និងគ្រួសារជនពលី មរណៈ ខេត្តកំពង់ឆ្នាំង បានថ្លែងនៅក្នុងកិច្ចប្រជុំវាយតម្លៃនេះថា៖ការប្រជុំគណៈកម្មការក្នុងថ្ងៃនេះ គឺក្នុងគោលបំណងរួមគ្នាពិនិត្យនិងវាយតម្លៃអោយបានសុក្រិត្យ ដើម្បីផ្តល់ដីសម្បទានសំរាប់សង់លំនៅដ្ឋានជូនអតីតៈយុទ្ធជនចំនួន៣៥នាក់ដែលបានស្នើសុំ អោយបានចំគោលដៅពិតប្រាកដចំពោះអតីតយុទ្ធជនក្រីក្រនិងដែលខ្វះដីពិតប្រាកដ។
នៅក្នុងកិច្ចប្រជុំនេះ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង និងជាអនុប្រធានគណៈកម្មការកំណត់អត្តសញ្ញាណកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ចូលបាត់ បង់សមត្ថភាពការងារ ពិការ និងគ្រួសារជនពលី មរណៈ ខេត្តកំពង់ឆ្នាំង បានអានអនុក្រិតលេខ១៩ អនក្រ ចុះធ្ងៃទី១៩ ខែមិនា ឆ្នាំ២០០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីសម្បទានដីសង្គមកិច្ច។ អានសេខក្តីសម្រេចលេខ០៣ សសរ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១០ របស់រាជរដ្ឋាភិបាល ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង សំរាប់កំណត់កំណត់អត្តសញ្ញាណកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ចូលបាត់ បង់សមត្ថភាពការងារ ពិការ និងគ្រួសារជនពលី មរណៈ ដែលត្រូវទទួលដីសម្បទានសង្គមកិច្ច។ អានសេចក្តីសម្រេចលេខ៨៣ សសរ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ របស់សាលាខេត្តកំ
ពង់ឆ្នាំង ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការកំណត់កំណត់អត្តសញ្ញាណកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ចូលបាត់ បង់សមត្ថភាពការងារ ពិការ និងគ្រួសារជនពលី មរណៈខេត្តកំពង់ឆ្នាំង។
ក្រោយពីបានអានអនុក្រិត្យ និងសេចក្តីសម្រេចខាងលើ កិច្ចប្រជុំពិភាក្សាវាយតម្លៃរបស់គណៈកម្មការនិងសមាជិកគណៈកម្មការ បានដំណើរការជាបន្តបន្ទាប់ និងបានធ្វើការត្រួតពិនិត្យឯកសារស្នើសុំដីសម្បទានសង្គមកិច្ចរបស់អតីតៈយុទ្ធជនទាំង៣៥នាក់ យ៉ាងល្អិតល្អន់។
លោក ថោង ចំរើន អនុប្រធានគណៈកម្មការបាននិយាយអោយដឹងថា៖លទ្ធផលចុងក្រោយនៃកិច្ចប្រជុំនេះគណៈកម្មការ មិនទាន់បានសម្រេចជាផ្លូវការចំពោះការស្នើសុំដីសម្បទានសង្គមកិច្ចសំរាប់សង់លំនៅដ្ឋានរបស់អតីតៈយុទ្ធជនទាំង៣៥នាក់នៅឡើយទេ ព្រោះឯកសារស្នើសុំមិនទាន់ត្រឹមត្រូវនិងគ្រប់គ្រាន់តាមទម្រង់ច្បាប់កំណត់នៅឡើយ ដែលលេខាធិការដ្ឋាននិងក្រុមការងារត្រូវចុះទៅពិនិត្យជាក់ស្តែងកសាងឯកសារដល់មូលដ្ឋានជាថ្មីម្តងទៀត។ ព្រោះថាមានមុខសញ្ញាអតីតៈយុទ្ធជនខ្លះគាត់សុំដីសង់លំ នៅដ្ឋានផង និងសុំដីធ្វើកសិកម្មផង ដែលអ្នកខ្លះគាត់មានគ្រប់គ្រាន់ទៅហើយនោះ ដែលមានដូចនេះ គណៈកម្មាការមិនអនុញ្ញាតិអោយឡើយ ហេតុនេះហើយទើបតម្រូវចុះធ្វើការស្រាវជ្រាវជាថ្មីទៀត ជៀសវាងការចោទប្រកាន់ពីមជ្ឈដ្ឋានផ្សេងៗថាគណៈកម្មការស៊ុំគ្រលុំ និងខុសពីគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការផ្តល់ដីសម្បទានសង្គមកិច្ច៕



































