ម្ចាស់ផ្ទះនិងពលរដ្ឋ ដែលនៅជិតគំនរកន្ទុយបារី១០តោន នៅសៀមរាប ស្នើអាជ្ញាធរយកទៅរក្សាទុកនៅកន្លែងផ្សេង

0

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះដែលនៅក្បែជីកន្ទុយបារី១០តោន ក្រោមរូបភាពជីកសិកម្មធម្មជាតិ នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ស្នើឲ្យអាជ្ញាធរខេត្ដ និងស្ថាប័នពាក់ព័ន្ធ បញ្ជូនយកទៅទុកកន្លែងផ្សេង ដោយសារកាកសំណល់នោះជះក្លិនមិនល្អទៅលើពួកគេ បណ្ដាលឲ្យប៉ះពាល់សុខភាព។
លោក ជា បញ្ញា ជាម្ចាស់ផ្ទះនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ប្រាប់ នៅរសៀលថ្ងៃនេះថា កន្ទុយបារីចំនួន២០តោន ដែលអាជ្ញាធរថា ជាជីកសិកម្មក្លែងនោះ បានជះក្លិនស្អុយមកលើក្រុមគ្រួសារលោក និងពលរដ្ឋដែលជួលផ្ទះនៅក្បែនោះជារៀងរាល់ថ្ងៃ បើទោះបីអាជ្ញាធរបានរុំកៅស៊ូក៍ដោយ ។លោកថា ក្លិនកន្ទុយបារីនោះកាន់តែធំក្លិនដល់ការរស់នៅរបស់ពួកគេខ្លាំងឡើងៗ ដែលធ្វើឲ្យពួកគេបារម្ភ ប៉ះពាល់សុខភាព ។លោកស្នើឲ្យស្ថាប័នពាក់ពន្ធ ពិសេសក្រសួងកសិកម្មដឹកបន្ដទៅរក្សាទុកនៅកន្លែងផ្សេងដែលមានសុវត្ថិភាព។
ពលរដ្ឋជួលផ្ទះនៅក្បែនោះ ឲ្យដឹងស្រដៀងគ្នាថា កុមារតូចៗជាច្រើននាក់ អាចប៉ះពាល់ដល់សុខភាពពួកគេ បើសិនអាជ្ញាធរមិនយកចិត្ដទុកដាក់យកទៅរក្សាទុកនៅកន្លែងផ្សេងនោះទេ។ ពួកគាត់រិះគន់ថា ជារឿយៗកម្លាំងសម្ថកិច្ចនៅពេលរកឃើញវត្ថុខុសច្បាប់ ដូចជាឈើប្រណិត ឬរបស់មានតម្លៃ តែងតែដឹកយកទៅរក្សាទុកនៅស្ថាប័នរបស់ខ្លួន ប៉ុន្ដែនៅពេលឃើញរបស់មិនមានប្រយោជន៍សម្រាប់ពួកគេ មន្ដ្រីជំនាញមិនយកទៅរក្សារទុកឡើយ ដោយលើកហេតុផ្សេងៗមកអំណាស់អំណាល។11042091_862575427142553_1662261932_n
ទោះជាយ៉ាងណា ប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាប លោក ភួង លីណា ធ្លាប់មានប្រសាសន៍ថា ជីកាកសំណល់នេះមានក្លិនមិនល្អដែលបង្កឲ្យប៉ះដល់សុខភាពពលរដ្ឋ និងទៅលើគុណភាពទឹកដីធ្លី និងខ្យល់ផងដែរ។លោកថា កាកសំណល់នេះនឹងយកទៅចោលនៅទីលានចាក់សំរាម បន្ទាប់ពីរកឃើញពីសារធាតុពិតប្រាកដ។
ទាក់ទងករណីនេះ មន្ត្រីម្នាក់នៅមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ចំពោះពលរដ្ឋនិងម្ចាស់ផ្ទះណាដែលចង់យកសំណាកកន្ទុយបារីនេះចេញ ត្រូវធ្វើលិខិតមួយទៅកាន់មន្ទីរនឹងក្រសួងកសិកម្មទើបអាចយកចេញទៅបាន។
លោក ស៊ូ ប្លាតុង អភិបាលក្រុងសៀមរាបបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទឲ្យដឹងនៅរសៀលថ្ងៃទី២៥ខែមិនានេះថា ចំពោះកាកសំណល់កន្ទុយបារីនេះ លោកមិនទាន់បានទទួលដំណឹងពីមន្ទីរពាក់ព័ន្ធជុំវិញខេត្តពីករណីយកកាកសំណល់ទាំងនេះទៅត្រួតពិនិត្យនៅភ្នំពេញបាននៅឡើយទេ។លោកបន្តថា បច្ចុប្បន្នលោកកំពុងរង់ចាំចំណាត់ការពីថ្នាក់លើ ។
គួររំលឹកថា ជីកន្ទុយបារីចំនួន៨០តោន ដែលក្រុមហ៊ុន ប៉ែន លឹមត្រេឌីង នាំមកចោលនៅកម្ពុជា ក្រោមរូបភាពជីកសិកម្មធម្មជាតិនោះ ត្រូវអ្នកស៊ីឈ្នួលបើករថយន្ដដឹកមកទម្លាក់ទុកចោល នៅស្រុកអន្លង់វែងចំនួន២០តោននិងនៅខេត្ដសៀមចំនួន១០តោន ដែលមកដល់ពេលនេះ មានរយៈពេលបីខែហើយ ប៉ុន្ដែអាជ្ញាធរមិនទាន់ចំណាត់ការនៅឡើយទេ៕