ខេត្តប៉ៃលិន ៖ ក្រោយពីមានសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋ និងមន្ត្រីជំនាញចុះត្រួតពិនិត្យពីផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ ដែលបង្កឡើងពីម្ចាស់ស្តង់ដំឡូងមីបង្ហូរទឹកស្អុយចូលអូរធម្មជាតិ រួចមក លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់ ព្រមទាំងធ្វើការព្រមានដល់ម្ចាស់ស្តង់ដំឡូងមីទាំងអស់ឱ្យបញ្ឈប់ការបង្ហូរសារធាតុស្អុយ (ជាតិពុល) ចូលក្នុងអូរធម្មជាតិជាបន្ទាន់ ហើយបើធ្វើលើសកិច្ចសន្យានឹងបិទអាជីវកម្ម ។ ការដែលលោកអភិបាលខេត្តចុះត្រួតពិនិត្យ និងឱ្យម្ចាស់ស្តង់ដំឡូងមីទាំងអស់ធ្វើការបញ្ឈប់បង្ហូរទឹកស្អុយនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និ៣០រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិសួរស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្ត្រីមន្ទីរបរិស្ថានខេត្ត មន្ទីរធនធានទឹក មន្ទីររ៉ែ និងថាមពលខេត្ត ព្រមទាំ ងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តជាច្រើននាក់ផងដែរ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរតាវៅ ក្រុងប៉ៃលិន និងប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រែង ស្រុករតនៈមណ្ឌល បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា៖ស្តង់ដំឡូងមីប្រមាណ១០កន្លែងដែលរងការចោទប្រកាន់ពីប្រជាពលរដ្ឋថាបាន បង្អូរ ទឹកស្អុយដំឡូងមីចូលអូរ ក្នុងនោះមានក្រុមហ៊ុនមួយឈ្មោះប៉ៃលិន អ៊ិនធឺថេត ខូអិលធីឌី មានទីតាំងជាប់និងបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងសង្កាត់អូរតាវៅ ក្រុងប៉ៃលិន ដែលគេស្គាល់ ម្ចាស់ក្រុមហ៊ុន ជាជនជាតិថៃ បានបង្កផល ប៉ះពាល់ធ្ងន់ធ្ងរ ជាងគេ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដដែលបានប្រាប់ឱ្យដឹងទៀតថា សកម្មភាពនៃ ការបង្អូរទឹកដំឡូងមីចូលអូរបានកើតឡើងជាច្រើនខែមកហើយ ។ ជារៀងរាល់ថ្ងៃពួកគាត់មានការលំបាកយ៉ាងខ្លាំង ដោយខ្វះទឹកប្រើប្រាស់ ដូចជាយកមកបរិភោគ ដាំបាយ សម្ល ស្រោចស្រពបន្លែ ជាដើម។បន្ទាប់ពីមានការបង្អូរទឹកស្អុយដំឡូងមីចូលអូរនេះមកពួកគាត់ត្រូវ បង្ខំចិត្តនាំគ្នាជិះ កង់ ម៉ូតូ អ្នកខ្លះដើរ ទៅដងទឹកស្រះមួយកន្លែងទៀតដែលគ្មានសារធាតុពុល នៅខាងត្បូង អូរនេះ ចម្ងាយប្រហែល២ទៅ៣គីឡូម៉ែត្រដើម្បីយកទឹកនោះមកប្រើប្រាស់ជំនួស វិញ។ការ បង្អូរទឹកស្អុយមិនត្រឹមតែរងផលប៉ះពាល់ដល់មនុស្សប៉ុណ្ណោះទេ ទោះបីប្រជា ពលរដ្ឋយក ទឹកអូរនោះទៅស្រោចស្រពដំណាំក៏មិនអាចស្រោចបានដែរ ដោយកន្លងមកមាន ប្រជាពលរដ្ឋ ខ្លះដងទឹកអូរស្រោចដំណាំបង្កឱ្យដំណាំខ្លោចខាប់អស់ផងដែរ ។
ក្នុងនោះក៏មានសត្វគោរបស់ប្រជាពលរដ្ឋជិត១០ក្បាលបានពុលងាប់ បន្ទាប់ពីចុះផឹកទឹកអូរនេះ រួចនិងមានត្រីជាច្រើនបាន ពុលងាប់អណ្តែបពេញអូរនេះផងដែរ។ ទឹកអូរធម្មជាតិដែលរង់ផលប៉ះពាល់មានឈ្មោះ អូរតាគ្រួសនិងអូរអ៊ីឈាន អូរទាំង២នេះហូរតភ្ជាប់គ្នា។អូរទាំង២នេះដែរបច្ចុប្បន្ននេះគេសង្កេតឃើញប្រែពណ៌ពីទឹកថ្លាឆ្វង់មកជាទឹកខ្មៅកង្វក់។
សូមបញ្ជាក់ថា នៅចំណុចអូរធម្មជាតិ ដែលរងផលប៉ះពាល់នេះ អាជ្ញាធរនៃខេត្តទាំងពីរ (ខេត្តបាត់ដំបង និងខេត្តប៉ៃលិន) បានធ្វើការចុះត្រួតពិនិត្យផ្ទាល់ ដើម្បីឲ្យដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋផងដែរ ៕




































