ខេត្តកំពង់ឆ្នាំង៖ ជុំវិញការបង្កើតអោយមានការនេសាទ មងបង្ក្រាប ឬហៅថាមង៣ជាន់តាមការស្នើរសុំរបស់ខណ្ឌ័រដ្ឋបាលជលផល កំពង់ឆ្នាំង ដែលហេតុផលថាសិក្សាស្រាវជ្រាវនិងដោយមានការឯកភាពពីប្រធានរដ្ឋបាលជលផលដែរនោះ ស្រាប់តែបានតែ២ថ្ងៃប៉ុណ្ណោះក៏បានអោយ
ផ្អាកទៅវិញ ត្រូវបានក្រុមអ្នកដែលចុះឈ្មោះធ្វើនេសាទទាំងនោះមានការខកចិត្ត ព្រោះពួកគាត់បានចំណាយប្រាក់យ៉ាងច្រើនដើម្បីបានក្លាយជាសមាជិកក្រុមនេសាទនេះ ។
មន្ត្រីអង្គការអភិរក្សម្នាក់សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់អំពីគុណវិបត្តិរបស់មងបង្ក្រាបនេះអោយដឹងថា៖មងបង្ក្រាបឬមង៣ជាន់នេះមងនេះខុសពីមងពាក់ឬមងបណ្តែតដែលគេពាក់ឬបណ្តែតលើទឹក ។ ហើយមងនេះផងដែរគឺមានក្រឡាញឹក ក្រឡាល្មម និងក្រឡាធំ គឺគេដាក់ជាប់ជាមួយគ្នា ដោយគេដាក់លាតសន្ឋឹងនៅបាតទន្លេរ តាមកន្លែងដែលមានទឹកជ្រៅ និងមានសម្រាសនៅបាតទន្លេ បន្ទាប់មកគេប្រើម៉ាស៊ីនខ្យល់ ដោយមានអ្នកមុជទឹកចុះទៅបាទទន្លេហើយបាញ់ខ្យល់នោះដេញត្រីនៅបាទទន្លេអោយ ចេញពីកន្លែងលាក់ខ្លួនរបស់ត្រីមកក្រៅគឺជាប់មងរបស់គេតែម្តងតាមប្រភេទត្រីតូចធំជាប់តាមក្រឡាមង។ មងនេះមានទទឹង៤ទៅ៥ម៉ែត្រនិងបណ្តោយពី៥០ម៉ែត្រឡើងទៅ១០០ម៉ែត្រ ។ហើយ អ្នកជំនាញជលផល ក៏បានអោយដឹងដែរថាៈ មងប្រភេទនេះបំផ្លាញត្រីខ្លាំងណាស់ និងបំផ្លាញទាំងបរិដ្ឋាននិងជីវចំរុះ ក្នុងទឹក ទៀតផង ។
មងបង្ក្រាបនេះដោយមានការឯកភាពពីប្រធានរដ្ឋបាលជលផល បានអោយមានការសិក្សាស្រាវជ្រាវ តាមការស្នើសុំរបស់ខណ្ឌ័រដ្ឋបាលជលផល និងប្រជានេសាទ មានប្រជាពលរដ្ឋជាអ្នកនេសាទបានចុះឈ្មោះធ្វើជាសមាជិកចំនួន២៤ក្រុម ដោយចាប់ពីឃុំឆ្នុកទ្រូស្រុកបរិបូរណ៏ដល់ស្រុក កំពង់ត្រឡាច ជាប់ព្រុំប្រទល់ខេត្តកណ្តាល ។ អ្នកដែលមានឈ្មោះជាសមាជិក ត្រូវបានរៀបចំអោយមានឯកសណ្ឋាន និងមានទង់ដោតលើក្បាលទូកសម្រាប់ជាសំគាល់ថាមានច្បាប់ត្រឹមត្រូវ ។
លោក លន់ សុខា នៅឃុំតាជេសស្រុកកំពង់ត្រឡាច ដែលរងនូវការចោទប្រកាន់ពីប្រជានេសាទថាជាអ្នករត់ការប្រមូលប្រាក់ ពីទូកនេសាទនោះ លោកបានអោយអ្នកយកព័ត៏មានយើងដឹងថា៖លោកធ្លាប់បានប្រមូលប្រាក់ពីទូកនេសាទចំនួន៤ដើម្បីយកមកចំណាយទៅលើការស្រាវជ្រាវ ប៉ុន្តែនៅពេល ដែលមានការផ្អាកសកម្មភាពទៅវិញលោកក៏បានយកប្រាក់ ទាំងអស់នោះទៅប្រគល់ជូនម្ចាស់គេវិញគ្រប់ ចំនួនអស់ហើយ។
ពាក់ពន្ឋ័និងបញ្ហានេះ លោក សោម ភិរុណ នាយរងខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងបាននិយាយ
អោយដឹងថាៈ ជាគោលលការរបស់ខណ្ឌ័រដ្ឋបាលជលផលគឺបង្កើតអោយមានការស្រាវជ្រាវនិងមែនហើយគឺចំនួន២៤ក្រុម ពីស្រុកបរិបូណ៏ដល់ស្រុកកំពង់ត្រឡាច ប៉ុន្តែទើបធ្វើបាន១៧ក្រុម និងដំណើរការបាន២ថ្ងៃក៏ស្រាប់តែអោយផ្អាកទៅវិញ ចំណែករឿងប្រមូលលុយកាក់គឺគាត់មិនបានដឹងនោះទេ៕