ក្លិបអ្នកមាន Paris Saint-Germain កំពុងតែត្រៀមរៀបចំសំណើរដាក់ដល់ខ្សែបម្រើរបស់ក្លិបមេឃខៀវ Manchester City គឺកីឡាករ Pablo Zabaleta (ប៉ាប្លូ ហ្សាបាឡេតា) ក្រោយពេលក្លិបបារាំងមួយ នេះបរាជ័យលើការតាមទិញខ្សែការពារ បាការី សាកញ៉ា (Bacary Sagna ) របស់ក្លិបកាំភ្លើងធំ Arsenal ។ ជាមួយគ្នានោះ ក្លិបជើងឯកបារាំងមួយនេះក៏បានធ្វើការទាក់ទងជាមួយខ្សែការពាររបស់ក្លិបអ្នកមានបុណ្យ Barcelona គឺកីឡាករ Dani Alves (ដេនី អាល់វ៉េស) និងខ្សែការពារ Branislav Ivanovic (ប្រានីស្លាវ អ៊ីវ៉ាណូវីក) របស់តោខៀវ Chelsea ផងដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន SportsDirect News បានអះអាងថា គ្រូបង្វឹក PSG លោក ឡូរ៉ង់ ប្លង់ (Laurent Blanc) កំពុងតែមានចំណាប់អារម្មណ៍ខ្ពស់លើ Zabaleta ។ គួរបញ្ជាក់ថា កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះបានផ្លាស់ពីក្លិប Espanyol (អេស្ប៉ាញយ៉ុល) មកកាន់ Man City ក្នុងឆ្នាំ ២០០៨ ហើយនៅរដូវកាលនេះរូបគេចូលលេងបានចំនួន ៣០ ប្រកួតហើយ ៕