មណ្ឌលគិរីៈ កីឡាករកីឡាការនី របស់សាលាបឋមសិក្សាទូទាំងខេត្តមណ្ឌគិរី មានការហ្វឹកហាត់សំរាប់ត្រៀមទៅប្រកួតទូទាំងប្រទេស (ថ្នាក់ជាតិ )លើវិញ្ញាសារចំនួន ០៥ នៅខេត្តស្វាយរៀង ចាប់ពីរថ្ងៃទី ៣០ មីនា ឆ្នាំ២០១៥ដល់ថ្ងៃទី ០៧ មេសា ឆ្នាំ២០១៥ឥឡូវត្រូវបានខកខានដោយសារប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តជាអ្នកហាមឃាត់មិនអោយចេញទៅប្រកួត ។
តាមការបញ្ជាក់ប្រាប់ពីលោក ទូច ស៊ីណា ប្រធានការិយាល័យ អប់រំ យុវជន និង កីឡា ខេត្តព្រមទាំងគ្រូបង្វឹកជាច្រើនរូបទៀតបានសំដែងនូវការ មិនសប្បាយចិត្តចំពោះ លោកទឹម សង្វាត ប្រធានមន្ទីរអប់រំ ខេត្ត ដែលបានសំរេចយ៉ាងដាច់ខាតថា មិនអោយសិស្សនុសិស្ស ស្រី ប្រុស ក្មេង នៃសាលាបឋមសិក្សា ក្នុងខេត្តមណ្ឌលគិរី ចំនួន៧២នាក់និង មិនអនុញ្ញាត្តិអោយទៅប្រកួតសមត្ថភាពលើវិញ្ញាសារចំនួន០៥ប្រកួតទូទាំងប្រទេស (ថ្នាក់ជាតិ ) នៅខេត្តស្វាយរៀងតាមផែនការរបស់ក្រសួង ។ លោក ទូច ស៊ីណា ប្រធានការិយាល័យ ខាងលើបានបញ្ជាក់ថា ជាក់ស្តែងការហ្វឹកហាត់របស់កុមារ៉ា កុមារី នៃសាលាបឋមសិក្សាទូទាំងខេត្តចាប់តាំងពីពាក់កណ្តាលខែ កុម្ភៈ ២០១៥ មកក្នុងចំណោមកីឡាករ កីឡាការនី រាប់រយនាក់ត្រូវបានជំរុះ លោកគ្រូបង្វឹកបានសំរិតសំរ៉ាំងនៅត្រឹមតែចំនួន៧២នាក់តែប៉ុណ្ណោះ ដើម្បីត្រៀមចេញទៅប្រកួតទូទាំងប្រទេសនៅខេត្តស្វាយរៀង ប៉ុន្តែជាអកុសល់ត្រូវបានខកខានសិស្សមិនបានចេញទៅប្រកួតទៅវិញ ដោយសារលោក ទឹម សង្វាត ប្រធានមន្ទីរជាអ្នកសំរេចមិនអោយទៅប្រកួតដោយលើកហេតុផលថា មន្ទីរអត់មានខ្ទង់ថវិកាសំរាប់ចំណាយលើការផ្គត់ផ្គង់កីឡានេះឡើយ ។ លោកបានបន្តថា ការសំរេចចិត្តបែបនេះដូចជាការរៀរាំងនិងកាត់ផ្តាច់ពីកីឡានិងការអប់រំ អញ្ជឹងដែរ ម្យ៉ាងវិញទៀត លោក ទូច ស៊ីណាបានអះអាងថា ក្រសួងបានវិភាជន៏ធ្លាក់មកគ្រប់ខេត្ត ក្រុង រាជធានី អស់ហើយ ហេតុអ្វីបានជាលោកប្រធានមន្ទីអប់រំនៅខេត្តមណ្ឌលគិរី និយាយថាអត់ថវិកា ។
ការលើកឡើងនិងសម្រេចបែបនេះពីលោកប្រធាន វាអាចផ្ទុយទៅនិងគោលការណ៏របស់ក្រសួងដែលបានដាក់ជូន ។ ប៉ុន្តែលោក ទូច ស៊ីណា បានបញ្ជាក់យ៉ាងច្បាស់ថា លោក ទឹម សង្វាត ប្រធានមន្ទីរធ្វើអ្វីមិនដែលខ្លាចថ្នាក់លើឡើយដោយប្រធានមន្ទីររូបនេះនិយាយថាបើថ្នាក់លើចុះមកអង្កេតគឺគាត់ជាអ្នកចេញមុខដោះស្រាយ ។
លោក ទូច ស៊ីណា បានប្រាប់ថាមិនត្រឹមតែសិស្សានុសិស្សប្រុស ស្រី ក្មេងជាកីឡាករ កីឡាការនីខឹងសម្បាប្រធានមន្ទីរនោះទេ សូម្បីតែគ្រូបង្វឹកជាច្រើនព្រមទាំងលោកនាយកសាលាមួយចំនួនក្នុងខេត្តមណ្ឌលគិរីក៏មិនសប្បាយចិត្តចំពោះលោកប្រថានមន្ទីរយ៉ាងខ្លាំងដែរ ចំពោះការសំរេចចិត្តការរៀរាំងសិស្សមិនអោយចេញទៅប្រកួតកីឡាទូទាំងប្រទេសនៅខេត្ត ស្វាយរៀងនោះ ។ ដោយការស៊ូទ្រាំ និងការអាម៉ាសមុខយ៉ាងខ្លាំង
លោក ទូច ស៊ីណា ប្រធានការិយាល័យ អប់រំយុវជន និងកីឡាខេត្ត អៀនខ្មាស់ចំពោះគ្រូបង្វឹកជាច្រើនក៏ដូចជាសិស្សដែលមិនបានចេញទៅប្រកួតតាមការគ្រោងទុករបស់ក្រសួងនោះនៅថ្ងៃទី ០១ មេសា ឆ្នាំ២០១៥នេះបានសរសេរលិខិតសុំលាលែងពីតួននាទីជូនលោកប្រធានមន្ទីរ សម្រេច រីឯឃ្លាខាងក្រោមនៃលិខិតនោះលោក ទូច ស៊ីណា បានសរសេរថា ប្រធានមន្ទីរ បក្សពួកនិយម ពុករលួយ និងផ្តាច់ការ ឈ្មោះ ទឹម សង្វាត ។
ទាក់ទងទៅនិងការចោទប្រកាន់ខាងលើនេះអ្នកយកព័ត៍មានយើងបានសុំការបំភ្លឺនិងពន្យលពីលោក ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តនៅថ្ងៃទី ០៣ មេសា ឆ្នាំ២០១៥ វេលាម៉ោង១១ ១៥នាទីថ្ងៃត្រង់នេះលោកបានទទួលស្គាល់ថាពិតជាកីឡាករ កីឡាការនីនៅខេត្តមណ្ឌលគិរីមិនបានចេញទៅប្រកួតមែនដោយលោកប្រធានបានពញ្ជាក់ថា មកពីកម្រិតបច្ចេកទេស និងគ្មានថវិការ ៕
ដោយ ភុន កុម្ភះ



































