ខេត្តសៀមរាប៖ បើតាមការឲ្យដឹងពីសមត្ថកិច្ច និងជំនាញមន្ទីរពាក់ព័ន្ធបាន អះអាងថា ហាងនំបុ័ង យីហោ ពន្លឺព្រះអាទិត្យនៅខេត្ដសៀមរាប មិនមានជាតិពុលទៅលើពលរដ្ឋនៅស្រុកជីក្រែងនោះទេ ព្រោះលទ្ធផលចេញពីឡាបូរបស់ក្រសួងរ៉ែនិងថាមពលបានបង្ហាញឲ្យឃើញថា នំបុ័ងនោះគ្មានជាតិពុលនោះទេ។
ហេតុការដែលសមត្ថកិច្ចជំនាញចុះមកឲ្យហាងនំបុ័ង យីហោ ពន្លឺព្រះអាទិត្យ ដំណើការឡើងវិញនេះកាលពីថ្ងៃទី០២ខែមេសាឆ្នាំ២០១៥ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណៈស្ថាបន័តុលាការបានបញ្ជារឲ្យមន្ត្រីជំនាញចុះផ្អាកកាលពីថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៥ ។ហើយលទ្ធផលនៃការត្រួតពិនិត្យនោះបានបង្ហាញថា នំបុ័ងទាំងនោះគ្មានជាតិពុលប៉ះពាល់ដល់សុខភាពពលរដ្ឋនោះទេ។
ទាក់ទិនទៅនឹងករណីនេះដែរ លោក តុប ធឿន ប្រធានការិយាល័យឧស្សាហកម្ម សិប្បកម្មនៃមន្ទីរឧស្សាហកម្ម រ៉ែនិងថាមពលើខេត្តសៀមរាបបានមានប្រសាសន៍ ប្រាប់ ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដូចមានឯកសារបង្ហាញជូននៅខាងក្រោមនេះ បន្ទាប់ពីត្រួតពិនិត្យនំបុ័ងទាំងនោះទៅគ្មានឃើញជាតិពុលនោះទេ។
ជាមួយគ្នានោះដែរ ម្ចាស់ហាងផលិតនំបុ័ង ពន្លឺព្រះអាទិត្យ លោក គី ស៊ូឡុង បញ្ជាក់ថា ការផលិតនំបុ័ងរបស់លោកមានភាពស្អាតស្អំ និងធានាដល់សុខភាពពលរដ្ឋ ខណះដែលហាងមួយនេះ ផលិតនំបុ័ងបានជាង១ម៉ឺនដើមក្នុងមួយថ្ងៃ ដើម្បីបំរើដល់អតិថិជនរបស់ខ្លួន ហើយមិនដែលមានការធ្វេសប្រហែសម្តងណាឡើយ ។លោកបន្តថា ចំពោះការបិទហាងនំបុ័ងរបស់លោកមួយរយៈពេលខ្លីនេះ លោកមានការខាតបង់យ៉ាងច្រើន ដោយពុំមាននរណាម្នាក់ទទួលខុសត្រូវសោះឡើយ ជាពិសេសហាងរបស់គាត់ត្រូវបានដាច់ម៉ួយអស់មួយចំនួន។លោកបន្ថែមទៀតថា លោកស្នើឲ្យអតិថិជនទាំងអស់នៅក្នុងខេត្តសៀមរាប ត្រឡប់មករកទិញនំបុ័ងក្នុងហាងនេះបន្តទៀត ព្រោះពុំមានជាតិពុលដូចការសង្ស័យនោះទេ។
រហូតមកដល់ពេលនេះអ្នកជម្ងឺទាំងអស់នៅក្នុងស្រុកជីក្រែងដែលបានពុលជ្រក់ត្រសក់នោះបានធូរស្បើយទាំងស្រុងគ្រប់ៗគ្នាហើយ បន្ទាប់ពីមានការខិតខំប្រឹងប្រែងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យនិងអាជ្ញាធរ៕



































