សៀមរាប នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៥នេះលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការងារពារជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ព្រមទាំង លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈអភិបាលខេត្តមេបញ្ជាការយោធភូមិភាគទី៤ព្រមទាំងអស់លោក លោកស្រីជាភរិយាថ្នាក់ដឹក នាំមន្ទីរ ស្ថាប័ន អង្គភាព បានអញ្ជើញចុះសួរសុខទុក្ខ និង ធ្វើការសំណេះសំណាលជាមួយក្មួយៗកុមារ នៃសាលាកុមារគថ្លង់ និង ពិការភ្នែក ខេត្តសៀមរាប ។
ក្នុងកិច្ចស្វាគមន៍របស់លោកស្រីហុងធារីនាយិកាសាលាកុមារគថ្លង់និងពិការភ្នែកខេត្ត បានគូសបញ្ជាក់ឲ្យដឹងថា ឆ្លងកាត់រយៈពេល១៥ឆ្នាំមកនេះ សាលាកុមារគថ្លង់ និង ពិការភ្នែកខេត្ត មានបុគ្គលិកចំនួន ៣៩នាក់ ស្រី១៦នាក់ និង មានសិស្សសរុប ១១៥នាក់ ស្រី៤១នាក់ ក្នុងនោះសិស្សគថ្លង់ ៨៧នាក់ ស្រី៣០នាក់ សិស្សពិការភ្នែក ២៨នាក់ ស្រី១១ នាក់ និង ស្នាក់នៅរៀនសូត្រក្នុងសាលាចំនួន ៧២នាក់ ស្រី៣៧នាក់ ក្នុងនោះដែរក៏មានអ្នកគ្រូនាងផល្លាដែលបាននាំមកនូវមហាកិត្តិយសដ៏ធំធេងជូនប្រទេសកម្ពុជា ដែលជាប់បេក្ខភាពជម្រើស១០នាក់ប្រកួតប្រជែងពានរង្វាន់គ្រូឆ្នើមទូទាំងពិភពលោក។ បច្ចុប្បន្ននេះសិស្សមានអាយុ១៨ឆ្នាំមានបំណងចង់ចូលធ្វើការ ដើម្បីបានប្រាក់កម្រៃដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើការតាមក្រុមហ៊ុន ទៅតាមលទ្ធភាពរបស់ពួកគេមានចំនួន ៨៦នាក់ ស្រី៣៧នាក់ សិស្សគថ្លង់ ៧១នាក់ ស្រី៣១នាក់ សិស្សពិការភ្នែក ១៥នាក់ ស្រី ៦នាក់ ។
បន្ទាប់ពីធ្វើចំណាប់អារម្មណ៍ និង ថ្លែងអំណរគុណរបស់តំណាងសិស្សពិការភ្នែក ចំពោះគណៈប្រតិភូរួចមក មានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗជាកុមារគថ្លង់ និង ពិការភ្នែក នាឱកាសនោះ លោកទៀ បាញ់ ក៏បាន នូវការអាណិតអាសូរ ចំពោះក្មួយៗកុមារ គថ្លង់ និង ពិការភ្នែក ពីកំណើត ដែលត្រូវបានទទួលការអប់រំ រៀនសូត្រ នៅ តាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និង បច្ចេកទេស ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ ដែលជាម្តាយទី២របស់ក្មួយៗហើយទាំងនេះក៏ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិង សម្តេចគត្តិព្រឹទ្ធបណ្ឌិតព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងបានធ្វើការផ្គត់ផ្គង់ជាប្រចាំខែ ដល់ក្មួយៗនៃសាលាកុមារគថ្លង់ និង ពិការភ្នែក និង បាន ធ្វើការរៀបចំជួបជុំលេងសប្បាយជាមួយក្មួយៗទៀតផង ។ ម្យ៉ាងទៀតដែលក៏មានកិត្តិយសផងដែរដែលមានអ្នកគ្រូនាងផល្លា ដែលបាននាំមកនូវមហាកិត្តិយសដ៏ធំធេងជូនប្រទេសកម្ពុជាដែលជាប់បេក្ខភាពជម្រើស១០នាក់ប្រកួកប្រជែង ពានរង្វាន់គ្រូឆ្នើមទូទាំងពិភពលោក ដែលស្ថិតនៅក្នុងសាលាកុមារគថ្លង់ និង ពិការភ្នែក ខេត្តសៀមរាប ។ លោកទៀ បាញ់ ក៏បានធ្វើការកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀនដល់ក្មួយៗទាំងអស់ រហូតបានរកនូវការងារជូនដល់សិស្សគថ្លង់និងនិងពិការភ្នែកបានធ្វើនៅតាមបណ្តាក្រុមហ៊ុនឯកជន ក្នុងការរកនូវកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន។កត្តាទាំងនេះក៏សបញ្ជាក់ផងដែរ ចំពោះបណ្តាក្រុមហ៊ុនឯកជនដែលមិនមានភាពរើសរអើងចំពោះជនពិការមកពីកំណើត ពីព្រោះថាមនុស្សយើងគ្រប់រូបកើតមកគឺមានទេពកោសល្យទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន មិនថាជាជនពិការឬមិនពិការឡើយ ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកនូវដំបូន្មានល្អៗមួយចំនួន សម្រាប់ក្មួយៗ កុមារគថ្លង់ និង ពិការភ្នែកទាំងអស់ត្រូវគោរពត្រង់ត្រាប់នូវដំបូន្មានរបស់លោកគ្រូអ្នកគ្រូនឹង ចេះជួយនូវទុក្ខធុរះមិត្តភ័ក្ត ចេះស្រឡាញ់សាមគ្គីគ្នាឲ្យបានល្អនៅក្នុងមជ្ឈមណ្ឌលព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រនិង ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម ។ ក្នុងនោះដែរលោក ទៀ បាញ់ និង ប្រតិភូ ក៏បានឯកភាពផ្តល់នូវថវិកា តាមការស្នើសុំរបស់សាលា ក្នុងការទូទាត់ថ្លៃភ្លើងប្រចាំខែនៅក្នុងសាលាទៀតផង ។
ក្នុងនោះដែរឯកឧត្តម ក៏បាននាំយកនូវអំណោយ ចែកជូនដល់សិស្សគថ្លង់ ដោយម្នាក់ៗ សៀវភៅ ៥ក្បាល ប៊ិច២ដើម សារុង១ ក្រម៉ា១ ថវិកា ៣ម៉ឺនរៀល សិស្សពិការភ្នែក ម្នាក់ៗសារុង១ ក្រម៉ា១ ថវិកា ៣ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ម្នាក់ៗសៀវភៅ ១៥ក្បាល ប៊ិច៥ដើម សារុង១ ក្រម៉ា១ ថវិកា ៥ម៉ឺនរៀល និង ផ្គត់ផ្គង់ស្បៀងអាហារនិង គ្រឿងឧបភោគបរិភោគដល់សាលា នូវអង្ករ ៥តោន ត្រីខ ៥កេស, មី២០កេស , ទឹកក្រូច ៧កេស ភួយ ៥០ មុង ៥០ និង កន្ទេល ៥០ ផងដែរ ។ ក្នុងឱកាសនោះក៏មានរៀបចំ ជួបជុំពិសារអាហារថ្ងៃត្រង់ជូនដល់ក្មួយៗពិការ ដោយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានធ្វើការឌួសអាហារ បញ្ចុកអាហារដល់ក្មួយៗកុមារគថ្លង់ និង ពិការភ្នែកក្នុងភាពទឹកចិត្តជាម្តាយឳពុករបស់ក្មួយៗប្រកបដោយភាពរីករាយ ក្នុងការអាណិតអាសូរដល់ក្មួយៗកុមារពិការបំផុតព្រមទាំងបានទស្សនាការសម្តែងរាំនូវចង្វាក់ម៉ាឌីហ្សុន របស់ក្មួយៗកុមារគថ្លង់ផងដែរ ៕



































