ខេ ត្តសៀមរាប៖ខ្លោងទ្វារអង្គរសង្គ្រាន្តនឹងត្រូវលេចរូបរាងសារជាថ្មីទៅតាមរចនាបថរបស់ខ្មែរពិត បន្ទាប់ពីនៅយប់ម៉ិញនេះមានជនមិនស្គាល់អត្តសញ្ញាណលួចដុតខ្លោងទ្វារអង្គរសង្គ្រាន្តនៅខាងលិចប្រាសាទអង្គរវត្តឆេះអស់មួយចំនួន ហើយករណីនេះសមត្ថកិច្ចកំពុងដុតដៃដុតជើងស្វែងរកជនបង្កមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ហេតុការការដ៏ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ខែមេសា នៅចំនុចខាងលិចប្រាសាទអង្គរវត្ត ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
ប្រភពបានឲ្យដឹងថា នៅយប់ថ្ងៃទី០៦ឈានចូលទី០៧ខែមេសា ត្រូវបានជនមិនស្គាល់មុខលួចដុតខ្លោងទ្វារអង្គរសង្គ្រាន្តឆេះអស់សល់តែគ្រោងដែក ហើយបច្ចុប្បន្ននេះក្រុមការងារ ស ស យ ក កំពុងរៀបចំកសាងខ្លោងទ្វារថ្មីមួយទៀតទៅតាមរចនាបថរបស់ខ្មែរពិតៗ និងត្រូវយកដាក់នៅពេលឆាប់ៗនេះផងដែរ។ប្រភពបានបន្តទៀតថា នៅយប់ម៉ិញនេះគាត់ឃើញភ្លើងឆេះខ្លោងទ្វារអង្គរសង្គ្រាន្តនេះយ៉ាងសន្ធោ សន្ធៅ ហើយពួកគាត់នាំគ្នាចេញមកដើម្បីជួយពន្លត់ដែរ ប៉ុន្តែជាអកុសលខ្លោងទ្វារនោះត្រូវបានភ្លើងឆាបឆេះអស់ នៅសល់តែគ្រោងដែកប៉ុណ្ណោះ។ប្រភពបានបន្តថា ស្នងការនគរបាលបេតិកភណ្ឌនៅក្បែរនោះ ក៏ត្រូវបានគេរិះគន់ថា អសមត្ថភាពក្នុងការជួយពន្លត់ផងដែរ។
ចំពោះករណីនេះលោក ឃឹម ប៊ុន សុង បានមានប្រសាសន៍នៅកន្លែងកើតហេតុប្រាប់អ្នកកាសែតថា ខ្លោងទ្វារអង្គរសង្គ្រាន្ត នេះត្រូវបាន ជនមិនស្គាល់មុខលួចដុតកាលពីយប់មិញ ហើយករណីនេះ លោកកំពុងឲ្យសមត្ថកិច្ចតាមដានដើម្បីស្វែងរកមុខសញ្ញាជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕ដោយ កុសល



































