ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើរចនាសម្ពន្ធ័លើគ្រប់វិស័យ មានការអភិវឌ្ឍន៍ និងរីកចំរើនយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលនៅមានការខ្វះខាត របស់ក្រសួងមហាផ្ទៃ ជិត៣០ឆ្នាំមកនេះ គឺអាគារប៉ុស្តិរដ្ឋបាល នៅតាមបណ្តាមូលដ្ឋានមួយចំនួនធំ មិនទាន់បានគិតគូរ ជួយ
កសាងនៅឡើយ ដែលធ្វើអោយមន្ត្រីនគរបាលប៉ុស្តិមួយចំនួន ជួបការលំបាកអត់កន្លែងធ្វើការងារ និងទុកដាក់ឯកសារសំខាន់ៗ ។
ប៉ុស្តិនគរបាលរដ្ឋបាលឃុំក្បាលទឹក ស្រុកទឹកផុស ដែលមានទីតាំងចម្ងាយពីទីរួមខេត្តកំពង់ឆ្នាំង ប្រមាណជាង៥០គីឡូម៉ែត្រ អ្នកយកព័ត៌មានយើង បានជួបជាមួយមន្ត្រីនគរបាល បាននិយាយអោយដឹងថា ប៉ុស្តិរដ្ឋបាលឃុំក្បាលទឹក រយះពេលជាង២០ឆ្នាំនេះ បានផ្លាស់ប្តូរទីតាំងចំនួយ៣ដងរួចមកហើយ តាមបញ្ជារថ្នាក់លើ ។ គឺនៅមុនឆ្នាំ១៩៩៥ ទីតាំងប៉ុស្តិ ស្ថិតនៅក្នុងភូមិឡ ពីឆ្នាំ១៩៩៥ដល់ឆ្នាំ២០០២ ប្តូរមកនៅក្នុងភូមិតាំងខ្យា និងពីឆ្នាំ២០០២ដល់ឆ្នាំ២០១៥នេះ មកបោះទីតាំង នៅក្នុងភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ពេលនេះប៉ុស្តិមានដី សំរាប់សង់អាគារទំហំ៣០ម គុណនិង៦៥មហើយ។
ប៉ុស្តិសព្វថ្ងៃ មានផ្ទះឈើតូចៗ២ខ្នង គឺមួយខ្នង មានទំហំ៤មគុណនិង៥ម សំរាប់ធ្វើការ ប៉ុន្តែគ្មានទូរទុកដាក់ឯកសារ និងមួយខ្នងទៀត មានទំហំ៣មគុណនិង៤ម ជាកន្លែងសំរាក ផ្ទះឈើទាំង២ខ្នងនេះ គឺធ្វើបានដោយការរៃអង្គាសប្រាក់ ពីមន្ត្រីប៉ុស្តិ និងការសុំជំនួយមួយចំនួន ពីប្រជាពលរដ្ឋក្នុងឃុំ ។
លោកអនុសេនីយឯក ចិន ស៊ីម នាយនគរបាលប៉ុស្តិ រដ្ឋបាលឃុំក្បាលទឹក បាននិយាយអោយដឹងថាកងកម្លាំងរបស់ប៉ុស្តិរដ្ឋបាលឃុំក្បាលទឹក សព្វថ្ងៃសរុបមានចំនួនតែ៦នាក់ប៉ុណ្ណោះ ក្នុងនោះម្នាក់ ត្រូវគេចាត់អោយទៅយាម នៅធនាគារអេលីស៊ីដា ក្នុងទីរួមស្រុកទឹកផុស ដូច្នេះអ្នកដែលនៅធ្វើការផ្ទាល់ មានចំនួនតែ៥នាក់ប៉ុណ្ណោះ ដែលពីមុនមក មានគ្នា៩នាក់ដែរ តែចូលនិវត្តន៍អស់២នាក់ ផ្ទេរភារកិច្ចមកអធិការស្រុកម្នាក់ ។ បញ្ហាប្រឈមបច្ចុប្បន្ន គឺអត់មន្ត្រីជួយធ្វើការតែម្តង ដែលពេលខ្លះ មិនអាចទប់ទល់សភាពការណ៍បាន ដោយក្មេងទំនើងឬជនល្មើស មានគ្នាច្រើនជាងសមត្ថកិច្ច ។ ដោយឡែកស្ថិតិ ប្រជាពលរដ្ឋនៅក្នុងភូមិទាំង១០ របស់ឃុំក្បាលទឹក មានចំនួន១៣៨៩គ្រួសារ មានមនុស្សសរុបចំនួន៥.៨៤១នាក់ តាមក្របខណ្ឌ័មន្ត្រីនគរបាលប៉ុស្តិ ត្រូវមានពី៩ទៅ១២នាក់ ទើបគ្រប់គ្រងសភាពការណ៏ទូរទៅបាន ។
លោកនាយប៉ុស្តិ សំណូមពរដល់ថ្នាក់លើ ជួយបំពេញកម្លាំងមន្ត្រីប៉ុស្តិបន្ថែម អោយបានគ្រប់ចំនួនផង ចំណែកអាគារធ្វើការរបស់ប៉ុស្តិរដ្ឋបាល សូមថ្នាក់លើមេត្តាជួយកសាងឲ្យបានឆាប់ផង ព្រោះខែភ្លៀង ពិបាកក្នុងការទុកដាក់ឯកសារ និងស្នាក់នៅ ជួបការលំបាកខ្លាំងណាស់ ៕




































