(ឧត្តរមានជ័យ)ឯកឧត្តមឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការខេត្តឧត្តរមានជ័យ បានលើកឡើងថា បញ្ហាអសន្តិសុខនៅតាមមូលដ្ឋានភូមិឃុំ និងស្រុក ក្នុងខេត្តឧត្តរមានជ័យ បញ្ហាបទល្មើសចោរកម្ម និងករណីក្មេងទំនើង បានកើតឡើង គួរឱ្យព្រួយបារម្ភ។ ដោយចំពោះបញ្ហានេះ ឯកឧត្តម បានស្នើរដល់មន្ត្រីនគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ ធ្វើយ៉ាងត្រូវទប់ស្កាត់ឱ្យបាន គប្បីត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រជាការពារភូមិ។ឯកឧត្តមស្នងការខេត្តបានលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមអាជីវករ រកស៊ីចាក់ធុងបាស និងក្រុមភ្លេងតន្ត្រី នៅក្នុងស្រុកអន្លង់វែង នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ ដែលរៀបចំឡើងនៅទីតាំងអធិការស្រុកអន្លង់វែង និងមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងប្រជាការពារភូមិឃុំ ដើម្បីធ្វើការពិភាក្សា ពិគ្រោះយោបល់ជាមួយអាជីវករ ការចាក់ធុងបាស ឬតន្ត្រីភ្លេង នៅក្នុងកម្មវិធីរាំរែកផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងការរំខានទៅអ្នកជិតខាង និងក្មេងទំនើងបង្កអសន្តិសុខក្នុងកម្មវិធី។
ក្នុងឱកាសនោះឯកឧត្តមស្នងការ ក៏បានធ្វើការស្នើរសុំដល់បងប្អូនអាជីវករចាក់ធុងបាស និងក្រុមភ្លេងតន្ត្រីថា សូមឱ្យសហការផ្តល់ដំណឹងមកដល់ប៉ុស្តិ៍រដ្ឋបាលឱ្យដឹងជាមុន រាល់មានកម្មវិធីអ្វីក៏ដោយ ដែលមានការកំសាន្តរាំរែកនៅពេលយប់ ឬពេលថ្ងៃ ដើម្បីឱ្យកម្លាំងនគរបាល បានចុះទៅការពាររក្សាសន្តិសុខ រៀបចំសណ្ឋាប់ធ្នាប់ ហើយកំគិតថា មានការគាបសង្កត់យកលុយនោះ ហើយបើសិនជាឯកឧត្តមដឹងថា នៅពេលប្រជាពលរដ្ឋស្នើរសុំកម្លាំងការពារសន្តិសុខក្នុងកម្មវិធីកំសាន្ត ដោយមានមន្ត្រីនគរបាលរូបណាទាមទារលុយជាថ្នូរ ឯកឧត្តមនឹងចាត់វិធានការទៅលើមន្ត្រីនគរបាលនោះភ្លាម។
ឯកឧត្តមបានលើកឡើងបានបន្តថា ក្នុងចំណោមស្រុកចំនួន៤ ក្នុងខេត្តឧត្តរមានជ័យ ដោយប្រជាពលរដ្ឋដែលជាអាជីវករ ប្រកបរបរ ស៊ីឈ្នួលចាក់ធុងបាស និងក្រុមភ្លេងតន្ត្រីរាំកំសាន្ត ដែលបានលើកឡើងអំពីការស្នើរសុំទៅមន្ត្រីនគរបាល ដើម្បីការពារសន្តិសុខ តែមន្ត្រីនគរបាលមិនបានឆ្លើយតបឱ្យបានទាន់ពេលវេលានោះទេ ហើយចំណុចទាំងនេះហើយ បានធ្វើឱ្យក្មេងទំនើងដើរបង្កសន្តិសុខ បានកើតឡើងជាញឹកញាប់នៅក្នុងកម្មវិធីបាន។
ជាងនេះទៅទៀតឯកឧត្តមបានបញ្ជាក់ថា មិនថាតែបទល្មើសចោរកម្ម ឬក្មេងទំនើងនោះទេ និងរាល់បទល្មើសផ្សេងៗបានកើតឡើងនៅគ្រប់ទីកន្លែង ដែលស្ថិតនៅក្នុងភូមិឃុំមានសុវត្ថិភាព ដូច្នេះឯកឧត្តមបានស្នើសុំដល់អាជីវករ ចាក់ធុងបាស ឬក្រុមភ្លេងតន្ត្រី ឱ្យធ្វើភ្នាក់ងារផ្តល់ដំណឹងដល់មន្ត្រីនគរបាល និងជួយធ្វើផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋឱ្យដឹងបានអំពីសារសំខាន់ នៅពេលមានកម្មវិធីអ្វីមួយត្រូវផ្តល់ដំណឹងមកប៉ុស្តិ៍រដ្ឋបាលជាមុនសិន។
បន្ទាប់មកឯកឧត្តម ក៏បានផ្តល់លេខទូរស័ព្ទពីថ្នាក់មន្ត្រីប៉ុស្តិ៍រដ្ឋបាល រហូតដល់ស្នងការខេត្ត ក្នុងនោះឯកឧត្តម ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បើប្រជាពលរដ្ឋមានបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន ឬកំពុងជួបប្រទះ សូមឱ្យរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលដែលនៅជិតបំផុត តែបើមន្ត្រីនគរបាលពុំមានការឆ្លើយតបទូរស័ព្ទ សូមបន្តរាយការណ៍ទៅអធិការស្រុក តែពុំមានការឆ្លើយតបទៀត សូមឱ្យរាយការណ៍ទៅស្នងការខេត្ត ហើយបើឯកឧត្តមដឹងថា មូលដ្ឋានរដ្ឋបាលប៉ុស្តិ៍ណាមិនបានឆ្លើយតបទូរស័ព្ទពីប្រជាពលរដ្ឋ នោះឯកឧត្តមនឹងមានវិធានការភ្លាមៗទៅមន្ត្រីនគរបាលរូបនោះ ហើយក្នុងនោះឯកឧត្តមស្នងការ ក៏បានដាក់បញ្ចូលលេខទូរស័ព្ទរបស់ឯកឧត្តមផ្ទាល់ ទៅដល់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនៅពេលមានមន្ត្រីនគរបាលអសកម្មសន្តិសុខជាមួយប្រជាពលរដ្ឋ៕




































