​​ប្រជាពលរដ្ឋ​រង់ចាំ​ដោយ​អន្ទះសារ នូវ​ដំណោះស្រាយ​រឿង​”​បឹង​តា​អឿ​”

0

បាត់ដំបង​: ប្រជាពលរដ្ឋ​ចំនួន​67​គ្រួសារ​ដែល​រស់នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ​
ខេត្តបាត់ដំបង បាននិងកំពុង​រង់ចាំ​ដោយ​ក្តី​អន្ទះសារ នូវ​ការរក​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​ដោយសារតែ​រដូវភ្លៀង​កាន់តែ​ខិតជិត​មកដល់​ហើយ បន្ទាប់ពី​ផ្ទៃដី​បឹង​តា​អឿ​ដែលមាន​ទំហំ​ជិត​មួយ​ហិកតា​នេះ ត្រូវបាន​បុគ្គល​មួយរូប​ខំប្រឹង​រត់ការ​ដើម្បី​ជ្រែ​យក​បឹង​នេះ​មក​ធ្វើជា​កម្មសិទ្ធិឯកជន​។​
គួរ​រំលឹក​ដែរ​ថា តាម​ការស្រាវជ្រាវ​មួយរយ​:​កន្លងមក​ទាំងចាស់​ព្រឹទ្ធាចារ្យ​នៅក្នុង​ភូមិ​
ទាំង​លោក​ចៅ គិ​ម​អូន អនុប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម ដែល​បាន​ចូលនិវត្តន៍ ក៏ដូចជា​លោក​សួន សា​វ៉េ​ត អភិបាលស្រុក​សង្កែ សុទ្ធតែ​បាន​អះអាង​យ៉ាង​មុតមាំ​ថា ដី​ឡូ​តិ៍​ដែលមាន​ក្បាលដី​លេខ​67ស្ថិតនៅ​ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង ពិតជា​ដី​”​បឹង​តា​អឿ​”​ដែលមាន​តាំងពី​បុរាណកាល​មក​យ៉ាងពិត​ប្រាកដ ហើយក៏​ជា​សម្បត្តិ​រដ្ឋ​ដែល​មិន​អាចអោយ​បុគ្គល​ណាមួយ​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​បានឡើយ ម្យ៉ាងទៀត​ប្លង់ដី​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ចងក្រង​ជា​ប្រព័ន្ធ​ដោយ​មន្ទីរ​ដែនដី​នគរូបនីយកម្ម​កាល​ពី​អំឡុង​ឆ្នាំ​2008​ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​នូវ​ព្រំប្រទល់​ប្លង់​នីមួយៗ​សុទ្ធតែ​ជាប់​ជាមួយនឹង​នឹង​តា​អឿ​ទាំងអស់ ដែល​គ្មានអ្វី​អាចមក​ប្រកែក​បានឡើយ​។​image (1)
ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បានកើត​មាននូវ​ចម្ងល់​យ៉ាងខ្លាំង​អំពី​ដំណោះស្រាយ​របស់​អាជ្ញាធរ​តាំងពី​ជំនាន់​លោក​អភិបាលខេត្ត​ប្រាជ្ញ ចន្ទ រហូតមកដល់​លោក​អភិបាលខេត្ត​ច័ន្ទ សុផល ក៏​នៅតែ​មិនទាន់​រក​ច្រកចេញ​បាន ព្រោះ​បើ​គេ​រំលឹក​ឡើងវិញ​នូវ​ឯកសារ​មួយចំនួន​ក្នុង​ការចុះ​រក​ដំណោះស្រាយ​កាលពី​រសៀល​ថ្ងៃទី​10​ខែមិថុនា​ឆ្នាំ​2013 នៅក្នុង​បរិវេណ​វត្ត​បឹង​ឈូក ដែល​កាលណោះ​សមាសភាព​ចូលរួម​មាន លោក​អុ​ិ​ន ប៊ុន​ម៉ាត់​នាយករង​ទីចាត់ការ​អន្តរ​វិស័យ​នៃ​សាលាខេត្ត​បាត់ដំបង លោក​សួន សា​វ៉េ​ត អភិបាលស្រុក​សង្កែ​លោក​មេឃុំ​ង៉ែត សឿ ព្រមទាំង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​300​នាក់​ផង​។​
ក្នុង​វេទិការ​សាធារណ​:​នាឱកាស​នោះ ប្រជាពលរដ្ឋ​បានលើកឡើង​នូវ​3​ចំនុច​ដោយ​ទីមួយ​
សុំអោយ​ក្រុមហ៊ុន​ចិន​ដែល​កាយ​ប្រលាយ​ត្រូវធ្វើ​ស្ពាន​ឆ្លង​ចំនួន​16​ស្ពាន ទី​ពីរ​សុំអោយ​រក្សាទុក​នូវ​បឹង​តា​អឿ ជា​សម្បត្តិ​រដ្ឋ និង​ទី​បី​សុំអោយ​អាជ្ញាធរ​ជួយ​រក​ទីផ្សារ​សំរាប់​កសិផល​ដែល​ប្រជាពលរដ្ឋ​ផលិត​បាន​។​image (2)
នៅពេល​នោះដែរ ស្រាប់​តែមាន​សំលេង​ទះដៃ​ហ៊ោរ​កញ្ជ្រៀវ​យ៉ាង​កងរំពង បន្ទាប់ពី​លោក​ សួន សា​វ៉េ​ត និង​លោក​អុ​ិ​ន ប៊ុន​ម៉ាត់ បានប្រកាស​សម្រេច​រក្សា​ទុក​”​បឹង​តា​អឿ​”​ជា​សម្បត្តិ​រដ្ឋ​”
ដែលមាន​ទំហំ​9347​ម៉ែត្រក្រឡា ដោយ​មិន​អនុញ្ញាតិ​អោយ​បុគ្គល​ណា​ម្នាក់​យក​ធ្វើជា​កម្ម​សិទ្ធ​
ឯកជន​បានឡើយ​។​
ចាប់តាំងពី​ពេលនោះ​មក​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​រសាយ​ចេញពី​ទ្រូង ដោយ​ម្នាក់ៗ​
គិតថា ពួកគេ​អាចមាន​បឹង​ដ៏​ធំ​មួយ​ដែលមាន​តាំងពី​បុរាណ​មក​នោះ សំរាប់​រក្សា​ទឹក​ទុក​ប្រើប្រាស់​នា​រដូវប្រាំង ហើយក៏​អាចជួយ​រំដោះ​ទឹក​ចេញ​បាន​នៅពេល​មាន​ទឹកជំនន់​ម្តងៗ​នា​រដូវវស្សា​ផងដែរ​ប៉ុន្តែ​ក្រោយមក​ដោយសារតែ​បឹង​នេះ​មានការ​រាក់​ខ្លាំងពេក​ទើប​នៅ​ថ្ងៃទី​5​ខែមករា​ឆ្នាំ​2015 លោក​ហើ​ស គី ប្រធាន​សហគមន៍​បឹង​តា​អឿ រួមជាមួយ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ទាំង​67​គ្រួសារ បានធ្វើ​ពាក្យ​ស្នើសុំ​ទៅ​អាជ្ញាធរខេត្ត តាមរយ​:​លោក​មេភូមិ​ក្បាលថ្នល់ លោក​មេឃុំ​កំពង់​ព្រៀង លោក​អភិបាល​ស្រុក​សង្កែ ក្នុង​គោលបំនង​សុំ​ស្តា​របឹង​នេះ​ឡើងវិញ​ដើម្បី​យក​ទឹ​ស្រោចស្រព​ស្រូវ​នា​រដូវប្រាំង និង​ផលដំណាំ​នានា​ផងដែរ ទើប​នៅ​ថ្ងៃទី​24​ខែកុម្ភ​:​ឆ្នាំ​2015 លោក​អភិបាលខេត្តរង​ជាម ច័ន្ទ​សោភ័ណ​បានចេញ​លិខិត​មួយច្បាប់ ដោយមាន​ចំណារ​យល់ព្រម​ចុះ​ថ្ងៃទី​19​ខែកុម្ភ​:​ឆ្នាំ​2015 របស់លោក​អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ច័ន្ទ សុផល បានសម្រេច​អោយ​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍បឹង​តា​អឿន​ធ្វើការ​ស្តា​របឹង​នេះ​ឡើងវិញ​តាម​សំណូមពរ​។​image
សកម្មភាព​ស្តា​របឹង​ដើម្បី​ផលប្រយោជន៍​រួម​នៅក្នុង​សហគមន៍​មិនទាន់​ទាំង​បាន​ពាក់កណ្តាល ផង ក៏​ស្រាប់តែ​លេចមុខ​លោក​ឡេង ស្រ៊ុន បាន​ចុះទៅ​រារាំង​ដោយបាន​ប្រកាសថា​ដី​បឹង​នេះ​គឺមាន​ម្ចាស់ ដែល​ម្ចាស់​ដី​នេះ​មានឈ្មោះ ហេង ហុង និង​អ្នកស្រី​ម៉ាក់ ចាន់ថន ដែលមាន​ទីលំនៅ នៅក្នុង​ស្រុក​គាស់ក្រឡ​ឯណោះ ព្រមទាំង​មាន​បញ្ជា​ពី​ស្ថាប័ន​តុលាការ​អោយ​ដក​គ្រឿងចក្រ​ចេញពី​ក្នុង​បឹង​នេះ​ផងដែរ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ងឿងឆ្ងល់​ជាខ្លាំង​អំពី​ការរារាំង​នូវ​ត្រា​របស់​លោក​អភិបាលខេត្ត​បែបនេះ​។​
នៅ​ថ្ងៃទី​3​ខែមេសា​ឆ្នាំ​2015 ក្នុង​សាលាឃុំ​កំពង់​ព្រៀង បើទោះបី​ជាមាន​ក្រុម​គណ​:​កម្ម​ការ​
ដែល​ដឹកនាំ​ដោយ​លោក​អ៊ូ ដា​រី ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម​បាន​ចុះ​ទៅរក​ដំណោះស្រាយ​លើ​បញ្ហា​បឹង​តា​អឿ​នេះ​យ៉ាងណាក៏ដោយ ក៏​លទ្ធផល​គឺ​ទទួល​បានជា​អវិជ្ជមាន ដោយសារតែ​ការចាប់ផ្តើម​និង​ការលើកឡើង​របស់លោក​ប្រធាន​មន្ទីរ វា​ស្ថិតនៅលើ​ភាពលំអៀង និង​មាន​ទំនោរ​ទៅរក​បុគ្គល​ដែល​ចង់បាន​ដី​បឹង​ជា​កម្មសិទ្ធិឯកជន ដោយ​ហាក់បីដូចជា​មិន​ឈរលើ​ភាព​យុ​ត្តិ​ធ៌​ម​ទាល់តែសោះ​។​
ដោយសារតែ​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​ទៅលើ​ដំណោះស្រាយ​ដោយ​ក្តី​អន្ទះសារ​
ផង​នោះ​កម្ពុ​ជាថ្មី បាន​ព្យាយាម​សុំ​ជួប​ជាមួយ​លោក​ព្រះរាជអាជ្ញា​នួន សាន ដើម្បី​ចង់ដឹង​អំពី​និតិ​វិធីនៃ​ការផ្អាក​សកម្មភាព​រប​ស់​ប្រជាពលរដ្ឋ​ក្នុងការ​ស្តា​របឹង​ដែល​ពួកគាត់​មានច្បាប់​ក្នុង​ដៃ​ត្រឹមត្រូវ​ហើយ​បច្ចុប្បន្ន​រដូវវស្សា​ក៏​កាន់តែ​ខិតជិត​មកដល់​ផង​នោះ​។​នៅក្នុង​ជំនួប​ដែលមាន​រយ​:​ពេល​ប្រមាណ​30​នាទី លោក​ព្រះរាជអាជ្ញា​បានលើកឡើង​ថា​លោក​ពិតជា​បានចេញ​បញ្ជា​អោយ​ផ្អាក​សកម្មភាព​គ្រឿងចក្រ​យ៉ាងពិត​ប្រាកដ ដោយសារ​តែមាន​ការចូល​មក​បំភ្លឺ​ពី​ភាគី​ម្ខាង​ទៀត​ដែល​បាន​អះអាងថា​ដី​ឡូ​តិ៍​លេខ​67​នេះ​គឺជា​ដី​របស់ខ្លួន ដូច្នេះ​លោក​ត្រូវតែ​ធ្វើការ​ផ្អាក​ជា​បណ្តោះអាសន្ន ជៀសវាង​នូវ​បញ្ហា​ណាមួយ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ប៉ុន្តែ​រាល់​បញ្ហា​ខាងលើនេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យល់ថា​គឺ​មិនមាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​នោះឡើយ​។​
លោក​នួន សាន បាន​បន្ថែមថា ថ្មីៗ​នេះ​លោក​បាន​ចូលរួម​ប្រជុំ​ជាមួយនឹង​លោក​អភិបាលខេត្ត​
អំពី​បញ្ហា​ខាងលើនេះ​ដោយ​លោក​អភិបាលខេត្ត​បានស្នើ​សុំ​មក​ស្ថាប័ន​តុលាការ ដោយ​ទុក​រឿងនេះ​អោយ​លោក​ជា​អ្នកដោះស្រាយ​ព្រោះ​ខេត្ត​បាន​ឈាន​មួយ​ជំហាន​មុន​តុលាការ ហើយ​ខេត្ត​បាន​សន្យាថា​នឹងធ្វើ​ការដោះស្រាយ​រឿងនេះ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​
រាល់​បញ្ហា​នេះ​គឺ​ប្រជាពលរដ្ឋ​មិនមាន​គំនិត​ចង់បាន​បឹង​តា​អឿ​នេះ​មកជា​របស់​បុគ្គល​ណាមួយ​ឡើយ​ដោយ​គ្រាន់តែ​ចង់បាន​ទុកជា​សម្បត្តិ​រដ្ឋ​តែប៉ុណ្ណោះ ដើម្បី​ប្រើប្រាស់​ក្នុង​ផលប្រយោជន៍​រួម​នៅក្នុង​សហគមន៍​បឹង​តា​អឿ​ទាំងមូល ព្រោះ​បើ​គេ​ពិ​និត្យនៅ​រដូវប្រាំង គឺ​តំបន់​នេះ​គ្មាន​ប្រភពទឹក​ទាល់តែសោះ​ដែល​ត្រូវ​ពឹងផ្អែក​ទៅលើ​បឹង​នេះ​ទាំងស្រុង​តាំងពី​បុរាណកាល​មកម្ល៉េះ​។​ហើយ​រហូតមក​ទល់នឹង​ពេលនេះ​ការទន្ទឹងរង់ចាំ​រប​ស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ព​តានតឹង​ខ្លាំង​ឡើងៗ​ដោយសារតែ​ភាពស្ងប់ស្ងាត់​របស់​អាជ្ញាធរខេត្ត ហើយ​បើ​លោក​អភិបាលខេត្ត​ដោះស្រាយ​តាមរបៀប​ប្រគល់​នាទី​ទៅអោយ​ខាង​មន្ទីរជំនាញ​នោះ​គឺ​មិនអាច​ទៅរួច​បានឡើយ​ដោយសារតែ​ភាពលំអៀង គ្មាន​យុ​ត្តិ​ធ៌​ម ដូច្នេះ​គួរ​ណាស់​តែ​លោក​អភិបាលខេត្ត​អញ្ជើញ​ចុះទៅ​សិក្សា​ដោយ​ខ្លួនឯង​ទើប​បានដឹង​ច្បាស់​ថា​តំបន់​នេះ​វា​យ៉ាងម៉េច​បើ​មិន​ដូច្នោះ​ទេ រឿង​ទំនាស់​ផ្ទៃ​បឹង​ដែលជា​សម្បត្តិ​រដ្ឋ​នឹង​កាន់តែ​រីកធំឡើងៗ ព្រោះ​រឿងនេះ​មិនគួរ​លោក​
អភិបាលខេត្ត​ធ្វើការ​បណ្តែតបណ្តោយ និង​អូស​បន្លាយពេល​ទាល់តែសោះ​ព្រោះ​ថ្មីៗ​នេះ​គឺ​នៅមុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ក្នុង​ការចុះ​ជួប​សំណេះសំណាល​ជាមួយ​បណ្តា​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​លោក​ច័ន្ទ សុផល ធ្លាប់បាន​លើកឡើង​នូវ​ប្រយោគ​មួយ​យ៉ាង​ល្អ​ថា ហើយ​ត្រូវ​រក​វិធី​ដោះស្រាយ ឬ​ពន្លត់​អោយបាន​នូវ​កូន​ដុំ​រងើកភ្លើង​ដ៏​តូច​មួយ​ន​ដោយ​យើង​មិនត្រូវ​ទុក​កូន​ដុំ​រងើកភ្លើង​ដ៏​តូច​មួយ​នេះ​អោយក្លាយ​ទៅជា​អគ្គីភ័យ​ឡើយ ។​ដូច្នេះ​បើ​យើង​យក​រឿងនេះ​មក​វិភាគ​គឺ​មានន័យថា​ពីរ​ជំនាន់​មកហើយ​របស់​អាជ្ញាធរ​ខេត្ត​ក្នុង​ការរក​ដំណោះស្រាយ​នៅតែ​មិនទាន់មាន​ផ្លែផ្កា​ទាល់តែសោះ​បើទោះបីជា​មានការ​ឯកភាព សម្រេច​នៅក្នុង​អង្គប្រជុំ​នៅក្នុង​វត្ត​បឹង​ឈូក​ដោយ​លោក​អុ​ិ​ន ប៊ុន​ម៉ាត់ និង​លោក​សួន សា​វ៉េ​ត រួចហើយ​ក៏ដោយ​។​
នៅ​ថ្ងៃទី​24​ខែមេសា​ឆ្នាំ​2015 វេលា​ម៉ោង​11,09​នាទី កម្ពុជា​ថ្មី​បាន​ទូរស័ព្ទ​ទៅ​លោក​អភិបាលខេត្ត ដើម្បី​ចង់ដឹង​អំពី​ចំណាត់ការ​របស់លោក​ក្នុង​ការរក​ដំណោះស្រាយ​រឿង​បឹង​តា​អឿ​នេះ​
ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក​អភិបាលខេត្ត​មិនបាន​ទទួល​ទូរស័ព្ទ​យើង​ឡើយ រីឯ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង កំពុងតែ​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​យ៉ាង​អន្ទះសារ​ជាទីបំផុត​៕