សៀមរាប៖ ថ្នាក់ដឹកនាំកាយរឹទ្ធ សិក្ខាកាមជាតិនិងអន្តរជាតិ ព្រមជាមួយនឹងគ្រូឧទ្ទេសបរទេស សរុបប្រមាណជា ៨០រូប បានជួបជុំគ្នានៅក្រុងសៀមរាប ដើម្បីចូលរួមដំណើរការ វគ្គបណ្តុះបណ្តាល ជំនួយការ មេដឹកនាំកាយរឹទ្ធិ ប័ណ្ណសញ្ញាឈើ ៣កំណាត់ ។ នេះគឺជាការបើកវគ្គ
បណ្តុះបណ្តាលលើកទី១ហើយនៅកម្ពុជា ដោយមានការគាំទ្រពីសំណាក់អង្គការពិភពលោក នៃចលនាកាយរឹទ្ធិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៧ថ្ងៃ ! លោកជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានកាយរឹទ្ធកម្ពុជា បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលនេះ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ ។គួរបញ្ជាក់ដែរថា គ្រូឧទ្ទេសបរទេស តំណាងមកពីអង្គការពិភពលោកនៃចលនាកាយរឹទ្ធិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងសិក្ខាកាមអន្តរជាតិដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមានមកពីប្រទេសហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌា និងមានមកពីក្រុងហុងកុង ផងដែរ ។
នៅក្នុងសេចក្តីថ្លែងសន្ទរកថា របស់លោក ជុច ភឿន បានបង្ហាញឲ្យដឹងថា វគ្គបណ្តុះបណ្តាល ជំនួយការមេដឹកនាំកាយរឹទ្ធលើកទី១នេះ គឺស្ថិតក្នុងគោលបំណងពង្រឹងធនធានមនុស្ស ជាមួយនឹងការអប់រំក្នុងចលនាកាយរឹទ្ធិ ឲ្យមានការទទួលស្គាល់ពីថ្នាក់តំបន់ និងអន្តរជាតិ ។
សម្រាប់កម្ពុជា គឺស្របតាមកំណើនសមាជិកភាព និងផែនការយុទ្ធសាស្ត្រ ឆ្នាំ ២០១០-២០២០ របស់កាយរិទ្ធិកម្ពុជា ។ ឯកឧត្តម បានលើកបង្ហាញឲ្យដឹងថា បើតាមការមើលឃើញនៅក្នុងជំរឿនឆ្នាំ ២០១៣ សមាជិកភាពកាយរឹទ្ធិកម្ពុជា មានចំនួន ១១,៨៨៧នាក់ ។ ឯកឧត្តម បានវាយតម្លៃថា នេះគឺជាការរីកចំរើនយ៉ាងឆាប់រហ័ស ក្នុងការកសាងធនធានមនុស្ស បើធៀបទៅនឹងផែនការយុទ្ធសាស្ត្រជាតិ ឆ្នាំ ២០១០-២០២០ ដែលបានចង្អុលគោលដៅ កសាងនិងពង្រីកសមាជិកភាពកាយរឺទ្ធិកម្ពុជា ក្នុងចំនួនកំណត់ ១៥០,០០០ នាក់ ៕



































