កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយមេបញ្ជាការ យោធភូមិភាគទី២ ខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូយោពលខេមរភូមិន្ទ ទៅសំណេះសំណាលជាមួយនិង យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ខេត្តដុងណាយដែលបាន សាងសង់វិមានរលឹកគុណយុទ្ធជនកម្ពុជា ដែលមានពលីជីវិតនាសម័យសង្គ្រាមដែលមានចំនួន ៤៩ ភ្នូរ ត្រូវបានបច្ចុះសពនៅស្រុកកាំម៉ី ខេត្តដុងណាយ ប្រទេស វៀតណាម។
ពិធីគោរពវិញ្ញាណក្ខន្ទនេះត្រូវបានចូលរួម ពីសំណាក់ ឯកឧត្តម គង់ ផា មេបញ្ជាការងយោធភូមិភាគទី៤ និងឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំយោធភូមិភាគទី២ ខេត្តកំពង់ចាម បានជួបសំណេះសំណាលនិងបានថ្លែងអំណរគុណដល់យោធាខេត្តដុងណាយ ដែលបានយកចិត្តទុកដាក់សាងសង់ បូជនីយ៍ដ្ឋានយុទ្ធជនពលីកម្ពុជា និងភ្នូររបស់សាកសពបានសមរម្យ នៅលើទីតាំងកេរិ៍ដំណែលប្រវត្តិសាស្ត្រ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ថា សាកសពយុទ្ធជនកម្ពុជា ដែលបានពលីជីវិតនៅទីនេះ គឺសុទ្ធតែប្រជាពលរដ្ឋខ្មែរដែលបានរត់ទៅផ្តុំគ្នានៅប្រទេសវៀតណាម ក្នុងទីតាំងនេះ ដែលជាទីតាំប្រវត្តិសាស្ត្រក្នុងការបង្កើតចលនាតស៊ូជាមួយកងទ័ពវៀតណាម កាលពីថ្ងៃទី ១២ខែ ឧសភា ឆ្នាំ ១៩៧៨ ដើម្បីរួមគ្នាជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម រំដោះ
ប្រទេសកម្ពុជាចេញពីរបប ប្រល័យពូជសាសន៍ប៉ុលពត ហើយបងប្អូនយុទ្ធជនខ្លះបានរត់មកពីខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ពោធិសាត់ បានប្រយុទ្ធវាយផ្តួលរំលំរំដោះជាតិ ក្នុងនោះមានបងប្អូនយុទ្ធជនខ្មែរ ដែលបានស្លាប់ក្នុងសម័យសង្គ្រាមជាច្រើននាក់ ចំនែកសាកសពមួយចំនួនត្រូវបាន កងកម្លាំងប្រដាប់អាវុធភូមិភាគទី៧ កសាងភ្នូរចំនួន ៤៩ ហើយបានឆ្លាក់ឈ្មោះនិងខេត្ត ឆ្នាំ១៩៧៨ ។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពី ខាងផ្នែកយោធា បានបង្កើននូវភាពជិតស្និទក្នុងកិច្ចការពារ សន្តិសុខសុវត្តិភាពរបស់ប្រជាជនទាំងពី រួមគ្នាទប់ស្កាត់នូវបទល្មើសផ្សេងៗ និងការពារបូរណៈភាពទឹកដី និងសហការល្អក្នុងវិស័យយោធា ។
ដោយ ប៊ុន រដ្ឋា





































