ខេត្តកំពង់ឆ្នាំងថ្ងៃ១៥កើត ខែពិសាខ ត្រូវនឹងថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០១៥ ជាថ្ងៃប្រារព្ធពិធីបុណ្យវិសាខបូជា នៅគ្រប់វត្តអារាមទូទាំងខេត្តកំពង់ឆ្នាំង ។ ដោយឡែកនៅវត្តធម្មវ័ន្ត ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ក៏បានប្រារព្ធពិធីបុណ្យវិសាខបូជានេះដែរ
នាយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ ដោយមានការចូលរួមពីឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទ យ៉ាងច្រើនកុះករផងដែរ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា បុណ្យវិសាខបូជា ប្រារព្ធធ្វើឡើង ជាសក្ការៈបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធ ទ្រង់ប្រសូតទ្រង់បានត្រាស់ដឹង និងទ្រង់រលត់ខន្ធចូលកាន់និព្វាន ។ ថ្ងៃវិសាខបូជា ក្នុងព្រះពុទ្ធសាសនា ត្រូវបានកំណត់ជាថ្ងៃដែលមាន ហេតុការណ៍អស្ចារ្យ ៣យ៉ាងកើតឡើងផ្ទួនគ្នា ទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធ មានន័យថា ថ្ងៃនេះ ពុទ្ធសាសនិក នៅទូទាំងពិភពលោក នាំគ្នារលឹកដល់ថ្ងៃប្រសូតត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះ ។
ឯកឧត្តមបានបន្តទៀតថា ថ្ងៃវិសាខបូជា ជាថ្ងៃទិវាវប្បធម៌មនុស្សជាតិ ឬហៅថា ថ្ងៃវិសាខបូជាសកល មូលហេតុទទួលស្គាល់ ព្រោះអង្គការពិភពលោកនេះ កំពុងមានគោលនយោបាយ ដូចព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែរ គឺសន្តិភាព និងសន្តិសុខ មានន័យថា អង្គការសហប្រជាជាតិ កំពុងព្យាយាមកសាងសុខសន្តិភាពឡើង ក្នុងលោក ឯព្រះសម្មាសម្ពុទ្ធ ក៏ណែនាំមនុស្សជាតិ អោយលះបង់អំពើហិង្សាគ្រប់ប្រភេទ ដោយកាយវាចា និងចិត្ត កាលបើមនុស្សជាតិ មិនធ្វើអំពើហិង្សា និងគោរពសិទ្ធិគ្នា ទៅវិញទៅមក ពិភពលោកនេះបានសុខ ។
ឯ,ឧបានបន្តទៀតថា មន្ត្រីរាជការគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង បានព្រមព្រៀងគ្នាជាធ្លុងមួយ ដើម្បីប្រារព្ធធ្វើពីធីបុណ្យវិសាខបូជា គួរជាទីជ្រះថ្លា ដើម្បីលះបង់អំពើហឹង្សាទាំងឡាយ ដែលមាននៅក្នុងខ្លួន ដែលបង្កអោយមានហឹង្សា ក្នុងគ្រួសារ និងសង្គមផងដែរ ៕



































