សៀមរាប នៅចុងសប្តាហ៍នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៥ លោកឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្ត បានអនុញ្ញាតឲ្យលោក យ៉ាម៉ាដា ប្រធានសមាគមរ៉ាលីង អភិវឌ្ឍន៍ណាហ្គូយ៉ា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារមួយចំនួនស្តីពីគម្រោងអភិវឌ្ឍន៍ទឹកស្អាត នៅតំបន់ដាច់ស្រយាលក្នុងខេត្តសៀមរាប នៅសណ្ឋាគារ បុរីអង្គរ ខេត្តសៀមរាប ។
ក្នុងកិច្ចពិភាក្សានោះលោក យ៉ាម៉ាដា ក៏បានធ្វើការបញ្ជាក់ពីគោលបំណង របស់សមាគមរ៉ាលីង អភិវឌ្ឍន៍ ណាហ្គូយ៉ា ដោយបានផ្តោតទៅលើការងារសម្រាម និង ទឹកស្អាត ហើយបញ្ហាសម្រាមគឺនៅពុំបានទាន់ដោះស្រាយ ហើយបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាទឹកស្អាតដែលមានសារៈសំខាន់របស់មនុស្សយើងប្រចាំថ្ងៃ ។ ក្នុងនោះលោក ក៏បានឲ្យផងដែរថា សមាគមរ៉ាលីង អភិវឌ្ឍន៍ណាហ្គូយ៉ា ក៏បានធ្វើផ្នែកទឹកស្អាត និងប្រព័ន្ធលូ ។ ម្យ៉ាងទៀត នៅឆ្នាំ ២០០៥ ខេត្តសៀមរាបក៏មានទំនាក់ទំនង ក្នុងកិច្ចសហប្រតិបត្តិការជាមួយភូមិមិត្តភាព ក្រុង កូតា នៃខេត្ត ណាកូយ៉ា ប្រទេសជប៉ុន ដោយមានកិច្ចសហប្រតិបត្តិការល្អនឹងគ្នាផងដែរ។ក្នុងគម្រោងអភិវឌ្ឍន៍ទឹកស្អាត របស់ សមាគមរ៉ាលីង អភិវឌ្ឍន៍ណាហ្គូយ៉ា នៅតាមបណ្តាក្រុង ស្រុកក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់សុខមាលភាព របស់បងប្អូនប្រជា ពលរដ្ឋនៅតាមតំបន់ជនបទនៅកម្ពុជា ។ លោក យ៉ាម៉ាដា ក៏បានគូសបញ្ជាក់ថា ដើម្បីធ្វើឲ្យគម្រោងអភិវឌ្ឍន៍ទឹក ស្អាត សម្រាប់ផ្គត់ផ្គង់ទឹកជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ គឺចាំបាច់ត្រូវធ្វើការបណ្តុះបណ្តាល ធនធានមនុស្សនៅខេត្ត សៀមរាប ក្នុងការគ្រប់គ្រងទឹកស្អាត ផ្គត់ផ្គង់ឲ្យបានល្អ ដើម្បីឲ្យអង្គភាពគ្រប់គ្រងទឹកប្រកប ទៅតាមស្តង់ដារ សំខាន់ ខេត្តត្រូវមានគោលការផ្នែកទឹកស្អាតច្បាស់លាស់ផងដែរ ។ ក្នុងនោះដែរលោកក៏បាន លើកនូវពីគម្រោងក្នុងគ្រប់គ្រង ទឹកឲ្យបានល្អ ក្នុងការធានាការផ្គត់ផ្គង់ ឲ្យបានប្រើប្រាស់គ្រប់គ្រាន់នៅតាមតំបន់ នីមួយៗរបស់ខេត្តសៀមរាប ។ លោក ក៏បានឲ្យដឹងផងដែរថាគម្រោងអភិវឌ្ឍន៍ទឹកស្អាតរបស់សមាគមរ៉ាលីងដែលជាគម្រោងថ្មី ក្រោមការគាំទ្ររបស់ អង្គការចាយកា ដើម្បីដោះស្រាយទឹកស្អាតនៅខេត្តសៀមរាប ។
មានប្រសាសន៍នោះដែរលោក ឃឹមប៊ុនសុងក៏បានគាំទ្រនូវគម្រោងថ្មីរបស់សមាគមរ៉ាលីង ដែលបានធ្វើការ ពន្យល់បង្ហាញ ដើម្បីបំពេញនូវតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋទាំង ១២ក្រុង ស្រុកនៃខេត្តសៀមរាប ។ ឯកឧត្តម ក៏បានលើកឡើងផងដែរថា បញ្ហាការផ្គត់ផ្គង់ទឺកស្អាតនៅតាមបណ្តាស្រុកមួយចំនួន គឺពិបាកក្នុងការរកនូវ ប្រភពទឹកក្នុងការផ្គត់ផ្គង់នៅក្នុងរដូវប្រាំង។បច្ចុប្បន្ននេះការផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុនឯកជន ក៏ត្រូវប្រើប្រាស់នូវថវិកាកម្ចីពីធនាគារនិងមួយចំនួនមានការផ្គត់ផ្គង់ពីខាងក្រៅ។ ឯកឧត្តមអភិបាលខេត្តក៏បានគូសបញ្ជាក់ថាក្នុងពេលកន្លងមករាជរដ្ឋាភិបាលជប៉ុន បានផ្តល់អំណោយស្ថានីយ៍ទឹកស្អាត សម្រាប់ផ្គត់ផ្គង់ទឹកក្នុងក្រុងសៀមរាប ដោយផលិតទឹកបាន ៨ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃតែមិនបានបំពេញទៅតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងក្រុងឡើយ។ក្នុងរយៈ ពេលកន្លងមកអង្គការចាយកាក៏បានសិក្សានឹងយកប្រភពទឹកពីបឹងទន្លេសាបសម្រាប់ ធ្វើការផ្គត់ផ្គង់ក្នុងក្រុងសៀមរាប ក្នុងគម្រោងថវិកា ៩៣លានដុល្លា ក្នុងនោះក៏មានគម្រោងនឹងធ្វើការស្តារឡើងវិញ នូវបារាយណ៍ខាងកើត ខាងលិច ជា អាងស្តុបទឹក ដែលជាប្រភពផ្គត់ផ្គង់ទឹក ក្នុងការផលិតទឹកស្អាត ។ លោក ឃឹម ប៊ុន សុង ក៏បានលើកឡើងថា បណ្តាស្រុកដែលគ្មានប្រភពទឹក ដាច់ខាតត្រូវធ្វើអាងស្តុបទឹក ដើម្បីតំកល់ទុកសម្រាប់ផលិតទឹកស្អាតក្នុងការផ្គត់ ផ្គង់ ហើយត្រូវមានផែនការកំណត់ឲ្យបានច្បាស់លាស់ផងដែរ។ម្យ៉ាងទៀតគម្រោងអភិវឌ្ឍន៍ទឹកស្អាត ដែលសមាគមរ៉ាលីងនៅតាមតំបន់ដាច់ស្រយាលនោះគឺជំហានដំបូងត្រូវឲ្យមាននៅតាមបណ្តាក្រុង ស្រុកទាំង១២បានប្រើប្រាស់ហើយនឹងបន្តពង្រីកគម្រោងទៅតាមបណ្តាឃុំសង្កាត់។លោកក៏បានគាំទ្រ លើការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាកត្តាដ៏សំខាន់ ក្នុងការកសាងនូវប្លងមេ ច្បាស់ លាស់មួយរបស់ខេត្ត សម្រាប់ស្នើទៅក្រសួងផងដែរ ។ លោកក៏មានសង្ឃឹមជឿជាក់ថា គម្រោងអភិវឌ្ឍន៍ទឹកស្អាត របស់សមាគមរ៉ាលីង ក្រោមការគាំទ្ររបស់អង្គការចាយកាផងនោះ និង ពិតជាធ្វើឲ្យគម្រោងនេះដំណើរការ ទៅបានដោយជោគជ័យ ៕



































