កំពង់ឆ្នាំង៖ វេទិកាសាធារណៈមួយរបស់ក្រុមការងារថ្នាក់ជាតិ ដែលដឹកនាំដោយ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុករលាប្អៀរនិងឯកឧត្តម អ៊ុន សំអុល អភិបាលរងខេត្តកំពង់ឆ្នាំងនិងជាអនុប្រធានក្រុមការងារចុះ
ស្រុករលាប្អៀរ បានធ្វើឡើងនៅព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងសាលាបឋមសិក្សាព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីជួយដំណោះស្រាយទុក្ខកង្វល់របស់ពលរដ្ឋ ក្នុងស្រុករលាប្អៀរ។ក្នុងវេទិកានេះមានការចូលរួមពី ឯកឧត្តមលោកជំទាវ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត លោកគ្រូអ្នកគ្រូ និង ប្រជាពលរដ្ឋមកពីឃុំគោកបន្ទាយនិងឃុំទឹកហូតសរុបទាំងអស់ចំនួន៣៦០នាក់។
ឯកឧត្តម អ៊ុន សំអុល អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ដោះស្រាយសំណួរមួយចំនួន ដែលមិនទាន់បានដោះស្រាយបញ្ហាប្រឈម និងសំណូមពរផ្សេងៗកាលពីវេទិកាសាធារណៈមុនៗ ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។បន្ទាប់ពីប្រជាពលរដ្ឋបានស្តាប់ការបកស្រាយរបស់ឯកឧត្តម អ៊ុន សំអុល ប្រជាពលរដ្ឋដែលចូលរួមក្នុងអង្គពិធី ក៏បានទទួលយកនិងអបអរសាទរចំពោះ ឯកឧត្តម និងក្រុមការងារទាំងអស់ដែលបានជួយគិតគូរដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។
នៅក្នុងវេទិកាសាធារណៈថៃ្ងនេះដែរតំណាងប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងអំពីក្តីកង្វល់របស់ពួកគាត់មកសំណូមពរដល់ គណៈអធិបតីដូចជា៖បញ្ហាស្តារបឹងព្រែកក្រោម១.៥០០ម៉ែត្រ,ធ្វើស្ពានឆ្លងព្រែកកន្លែងភេ៨០ម៉ែត្រ ,សូមអោយចេញប័ណ្ណដីកម្មសិទ្ធិ,ធ្វើរបងសាលារៀនព្រែកសាលា,ជួយទប់ស្កាត់និងដកប្រដាប់ឆក់ត្រីពីជនល្មើស,បញ្ហាដីកន្លែងភេ២០ហិកតា,ស្តាព្រែក៤គីឡូម៉ែត្រ,ពង្រីកបណ្តាញអគ្គីសនី១គីឡូម៉ែត្រ និងបញ្ហាផ្សេងៗទៀតនៅក្នុងមូលដ្ឋាន ដាក់ជូនក្រុមការងារថ្នាក់ខេត្ត និង ថ្នាក់ជាតិជួយដោះស្រាយជូនពួកគាត់។
ឆ្លើយទៅនិងសំណូមពរក្តីកង្វល់របស់ប្រជាពលរដ្ឋលោក ជុះទាវ ម៉ាត់ ម៉ារ៉ា បានមានប្រសាសន៍ថា៖ រាល់សំណូមពរទាំងអស់របស់ប្រជាពលរដ្ឋក្រុមការងារថ្នាក់ជាតិ និង ថ្នាក់ខេត្ត និងលើកយកមកដោះស្រាយអោយមានតម្លាភាពសមស្របទាំងសងខាង ស្របតាមគោលការណ៍ច្បាប់របស់ រដ្ឋ។ ចំពោះបញ្ហាប្រឈមទាំងអស់ ដើម្បីដោះស្រាយអោយបានទាន់ពេលវេលា គឺសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួម និងរាយការណ៍ និងត្រូវសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរ ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នា ចំពោះបញ្ហានិងសំណូមពរផ្សេងៗទៀតលោកជំទាវ និងទទួលយកទាំងអស់ ដើម្បីធ្វើការសិក្សាជាមួយថ្នាក់ខេត្ត ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ជាក្រោយជាពិសេសបញ្ហាទំនាស់ដី២០ហិកតានៅភូមិកន្លែងភេ។
លោកជំទាវ ម៉ាត់ម៉ារ៉ា បានមានប្រសាសន៍បន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរដល់ បងប្អូនជានិច្ច ហើយរដ្ឋាភិបាល មិនចង់អោយប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី និងមន្ត្រីរាជការ ប៉ុន្តែការដោះស្រាយគឺផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះប្រជាពលរដ្ឋត្រូវតែមានជំនឿទុកចិត្តលើសម្តេច ហ៊ុន សែន នឹងកុំចាញ់ការញុះញង់របស់អ្នកដទៃអោយសោះដែលគេបានតែសន្យា ប៉ុន្តែមិនដែលឃើញធ្វើអ្វីអោយបានឃើញជាក់ស្តែងនោះឡើយ ។ ប្រជាពលរដ្ឋយើងពិតជាដឹងច្បាស់ហើយថា តើអ្នកណារំដោះយើងពីពួកប្រល័យពូជសាសន៍ប៉ុលពត អ្នកណាបង្រួមបង្រួមជាតិខ្មែរបានសុខសន្តិភាពដូចសព្វថ្ងៃ និងអ្នកណាជាអ្នកអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ពន្ធ័ជាតិលើគ្រប់វិស័យបានរីកចំរើននៅពេលនេះ។
ការធ្វើឡើងនៅវេទិកាសាធារណៈពេលនេះ បានធ្វើអោយប្រជាពលរដ្ឋភាគច្រើនមានការសប្បាយចិត្តនិងរីករាយយ៉ាងខ្លាំង ព្រោះគាត់បានបញ្ចេញនូវក្តីកង្វល់របស់ពួកគាត់ ដោយពួកគាត់សង្ឃឹមថា ក្តីកង្វល់និងសំណូមពរទាំងអស់របស់ពួកគាត់នឹងត្រូវដោះស្រាយបានជាមិនខានក្នុងពេលដ៏ខ្លីខាងមុខនេះ។ពួកគាត់ក៏បានសំណូមពរផងដែរសុំអោយមានវេទិការសាធារណៈមានញឹកញាប់ទៀត ដើម្បីអោយក្រុមការងារថ្នាក់ជាតិជួយដោះស្រាយរាល់ការលំបាកជូនពួកគាត់បន្តបន្ទាប់ទៀត៕




































