យោងតាមសារព័ត៌មានកីឡាអន្តរជាតិបានចុះផ្សាយថា ក្លិប Inter Milan កំពុងតែត្រៀមរៀបចំសំណើរដើម្បីទិញយកខ្សែបម្រើ Javi Garcia របស់ក្លិប Manchester City នៅរដូវក្តៅនេះ ។
ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះមិនសូវជាបានចូលលេងជាជម្រើស១១នាក់ដំបូងញឹកញាប់ឡើយនៅទឹកដី អេទីហាត ស្តេឌៀម (Etihad Stadium) នៅរដូវកាលនេះស្របពេលដែលគ្រូបង្វឹក ម៉ានូអ៊ែល ប៉េឡេគ្រីនី (Manuel Pellegrini) ផ្តល់ភាពទុកចិត្តលើកីឡាករ Yaya Toure និង ហ្វឺណាន់ឌីញ៉ូ (Fernandinho) ឲ្យលេងនៅមុខតំណែងខ្សែបម្រើកណ្តាលជំនួសវិញ ។
គេហទំព័រ Goal.com បានអះអាងថា ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះអាចនឹងផ្លាស់ទៅកាន់ក្លិប Inter Milan នៅពេលបញ្ចប់រដូវកាល ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Manchester City អាចនឹងដាក់តម្លៃខ្លួនលើកីឡាកររូបនេះប្រមាណ ១៦ លានផោនដែលតម្លៃនេះគឺដូចគ្នាទៅនឹងតម្លៃដែល Man City ទិញរូបគេមកពីក្លិប Benfica កាលពីឆ្នាំ ២០១២ ។
គួរបញ្ជាក់ថា ទន្ទឹមជាមួយគ្នានោះ ក្លិប Napoli ក៏កំពុងមានការទាក់ទងលើការនាំយក Garcia ទៅកាន់ក្របណ្ឌ Serie A ផងដែរ ៕