ខេត្តព្រះសីហនុលោក នង ឌីណារ៉ា មេឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឪ្យដឹងថា ក្នុងយុទ្ធនាការចុះធ្វើអត្តសញ្ញាណបណ្ណគំរូថ្មីជូនដល់ប្រជាពលរដ្ឋក្នុងឃុំកែវផុសជំហានទី១ រយះពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ បានចំនួន ៧២៥នាក់ ក្នុងនោះប្រុស ៣៥៤នាក់ ។ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើង និងប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណបណ្ណគំរូថ្មី និងប្រជាពលរដ្ឋមានអត្តសញ្ញាណបណ្ណចាស់ អាចមកប្តូរ និងធ្វើអត្តសញ្ញាណបណ្ណគំរូថ្មីបានគ្រប់គ្នា ។ នៅឃុំកែវផុស មានប្រជាពលរដ្ឋ ១៨០០នាក់ មានអត្តសញ្ញាណបណ្ណគំរូចាស់ និងត្រូវមកប្តូរយកអន្តសញ្ញាណបណ្ណគំរូថ្មី ។
លោកមេឃុំបានឪ្យដឹងបន្តថា ក្នុងមួយឆ្នាំការធ្វើអត្តសញ្ញាបណ្ណជូនប្រជាពលរដ្ឋពីរដង គឺនៅដើមឆ្នាំម្តង និងចុងឆ្នាំម្តង ដើម្បីឪ្យប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំ បានមកធ្វើអត្តសញ្ញាណបណ្ណប្រើប្រាស់គ្រប់ៗគ្នាតាមតម្រូវការជាក់ស្តែង ។
ការធ្វើអត្តសញ្ញាណបណ្ណគំរូថ្មី រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃបានតម្រូវឱ្យប្រជាពលរដ្ឋបង់លុយម្នាក់ចំនួន ១០០០០រៀល គឺអនុវត្តចាប់ពីខែកក្កដា ឆ្នាំ២០១៤មក ហើយតម្លៃនេះ ត្រូវបង់ជាអាកររបស់ថវិការជាតិ និងមិនមានការបង់ប្រាក់ក្រៅសេវាទៀតនោះទេ ព្រោះអត្តសញ្ញាណប័ណ្ណគំរូថ្មី មានអត្ថប្រយោជន៍សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗដូចការងាររដ្ឋបាល ការគ្រប់គ្រងទិន្នន័យប្រវត្តិរូប កន្លែងស្នាក់នៅ ក្រយៅដៃ អត្តសញ្ញាណ ស្ថានភាពផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ព្រោះការធ្វើអត្តសញ្ញាណបណ្ណ័គំរូថ្មីតាមប្រព័ន្ឋបច្ចេកវិទ្យាទំនើបស្តង់ដារអន្តរជាតិ ហើយអត្តសញ្ញាណបណ្ណគំរូថ្មី វាជាប់ស្វិត មិនបាក់រហែក ឬឆេះភ្លើង និងរយះពេលប្រើប្រាស់មានសុពលភាពរហូតដល់រយៈពេល១០ឆ្នាំ ។
លោក សៅ ស៊ាន នាយការិយាល័យនគរបាលស្ថិតិ និងអត្តសញ្ញាណបណ្ណ័នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឪ្យដឹងថា គិតត្រឹមដើមខែមិនា ឆ្នាំ២០១៥ ប្រជាពលរដ្ឋចំនួន ៦៤.៥៧៣នាក់ បានមកបំពេញបែបបទប្តូរធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី និងទទួលបានអត្តសញ្ញាណប័ណ្ណគំរូថ្មីចំនួន៦៤.៥៧៣នាក់ តាមប្រព័ន្ឋបច្ចេកវិទ្យាទំនើប នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងចំណោមក្រុង១ និងស្រុក០៣ ហើយកិច្ចការនេះយើងនឹងកំពុងតែបន្តធ្វើបន្តទៀត ដល់ឃុំគោលដៅទាំងអស់ក្នុងខេត្តព្រះសីហនុ ។

លោក នង ឌីណារ៉ា មេឃុំកែវផុសបានបញ្ជាក់ថា ឃុំកែវផុសមាន០៣ភូមិ មានប្រជាពលរដ្ឋរស់នៅចំនួន ៨៥១គ្រួសារ ស្មើនឹង៣៧៩០នាក់ ស្រី ១៨៥២នាក់ ៕
ដោយស៊ុយ ចាន់ធា




































