ប្រជាពលរដ្ឋដែលរស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានសំដែងការខកចិត្តយ៉ាងខ្លាំង ចំពោះអាជ្ញាធរខេត្តកំពង់ឆ្នាំង ជាងពីរឆ្នាំមកហើយ នៅតែមិនទាន់មានលទ្ធភាព ដោះស្រាយទំនាស់ដីផ្លូវឌឿងហែម ជូនប្រជាពលរដ្ឋបាន ដោយគ្រាន់តែដោះស្រាយអោយ
ប្រជាពលរដ្ឋ ដើរតាមផ្លូវក្រោមផ្ទះគេប៉ុណ្ណោះ គឺមិនបានផ្លូវដើរដូចពីពេលមុន មានទំនាស់កើតឡើងនោះឡើយ ។
កន្លងមកអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន សន្យាក្នុងការដោះស្រាយ រឿងទំនាស់បិទផ្លូវឌឿងហែមមួយកន្លែង មានទទឹង២.៥ម៉ែត្រ បណ្តោយប្រវែងប្រមាណ១៥០ម៉ែត្រ ភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរចេញចូល តាំងពីក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ។
ប្រជាពលរដ្ឋ ចំនួន៦៥នាក់ ស្មើ១០គ្រួសារ បានអោយដឹងថា ផ្លូវមួយខ្សែនេះ ឈ្មោះ អ៊ាម ហុកឆាយ និងឈ្មោះ យិន ភី បានធ្វើរបងបិទផ្លូវ បណ្តាលអោយពួកគាត់ទាំង១០គ្រួសារគ្មានផ្លូវដើរចេញចូល ហើយម្យ៉ាងវិញទៀត ប្រសិនបើពួកគាត់ ជួបគ្រោះអគ្គីភ័យកើតឡើង ជាយថាហេតុ គ្មានច្រកសម្រាប់សង្គ្រោះបន្ទាន់ ។
ករណីទំនាស់ផ្លូវមួយខ្សែខាងលើនេះ បានកើតឡើងជាង២ឆ្នាំកន្លងមកហើយ រហូតដល់បច្ចុប្បន្ននេះអាជ្ញាធរខេត្ត បានសន្យាថា ដោះស្រាយជូនប្រជាពលរដ្ឋ អោយខាងតែបាន ប៉ុន្តែការសន្យានេះ មានតាំងពីអតីតអភិបាលខេត្តចាស់ ឯកឧត្តម ទូច ម៉ារីម រហូតដល់អភិបាលខេត្តថ្មី ឯកឧត្តម ឈួរ ច័ន្ទឌឿន ប៉ុន្តែការសន្យា គេពុំទាន់ឃើញចេញជារូបរាងនៅឡើយទេ ខណៈអភិបាលខេត្តថ្មី ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអះអាងប្រាប់អ្នកសារពត៌មាន នាពេលកន្លងមកថា ឯកឧត្តម នឹងចាត់អោយក្រុមការងារ ចុះជួយទៅត្រួតពិនិត្យជាក់ស្តែង និងដោះស្រាយជូនប្រជាពលរដ្ឋជាមិនខាន ។ ហើយបើមានការទាល់ច្រកណាមួយ មិនអាចដោះស្រាយនោះ ឯកឧត្តម និងសុំទិញផ្លូវនេះ ដាក់ទុកអោយប្រជាពលរដ្ឋប្រើប្រាស់ ជាធម្មតាឡើងវិញ ប៉ុន្តែមកទល់ពេលនេះ ការសន្យារបស់ឯកឧត្តម អភិបាលខេត្ត ដោះស្រាយជូនប្រជាពលរដ្ឋទាំង១០គ្រួសារខាងលើបានត្រឹមអោយប្រជាពលរដ្ឋ ដើរតាមផ្លូវក្រោមផ្ទះរបស់គេ តែប៉ុណ្ណោះ រីឯផ្លូវដែលមានទំនាស់ គឺនៅបិទដដែល មិនមានលទ្ធផលសូម្បីតែបន្តិចសោះ ។
មជ្ឈដ្ឋានទូទៅ ដែលបានដឹងរឿងហេតុ ទំនាស់ផ្លូវឌឿងហែមខាងលើនេះ បានរិះគន់យ៉ាងខ្លាំង ដល់ អាជ្ញាធរ ខេត្តកំពង់ឆ្នាំង ថា គ្មានឆន្ទៈ ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ បានតែនិយាយ មិនឃើញមានការអនុវត្តអោយបាន ដូចអ្វីដែលសន្យាក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឡើយ នាពេលកន្លងមក ដល់ពេលចុងក្រោយ បានត្រឹមតែអោយប្រជាពលរដ្ឋ ដែលគ្មានផ្លូវដើរ ធ្វើដំណើរតាមក្រោមផ្ទះរបស់គេ រីឯផ្លូវដែលបានបិទនោះ គឺភាគីអ្នកបិទផ្លូវ មិនបានបើកផ្លូវឡើយ ។
ប្រភពពត៌មាន ពីប្រជាពលរដ្ឋ បានបង្ហើបអោយដឹងផងដែរថា ការដោះស្រាយនេះ មិនមានលទ្ធផល នោះ គឺបណ្តាលមកពីអ្នកបិទផ្លូវនោះ ជាអ្នកមានខ្នងបង្អែកក្រាស់ នៅពីក្រោយខ្នង ជាមន្ត្រី និងជាអាជ្ញាធរក្នុងខេត្តកំពង់ឆ្នាំង ។
ពាក់ព័ន្ធនិងករណីខាងលើនេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ផ្លូវឌឿងហែម ដែលមានទំនាស់ខាងលើនោះ ឯកឧត្តមបានប្រជុំគណៈបញ្ជាការឯកភាព អោយសាលាក្រុងកំពង់ឆ្នាំង និងសាលាសង្កាត់ខ្សាម ធ្វើការសម្របសម្រួលបើកផ្លូវហើយ ។ ប៉ុន្តែជាក់ស្តែងមកដល់រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤នេះ អ្នកយកពត៌មានយើង បានចុះទៅដល់ទីតាំងទំនាស់ផ្លូវឌឿងហែមខាងលើឃើញថា មិនមានការបើកផ្លូវនោះទេ គឺប្រជាពលរដ្ឋ ធ្វើដំណើរចេញចូលតាមផ្លូវក្រោមផ្ទះរបស់គេ តែប៉ុណ្ណោះ ។
លោក ឈួរ ថន ចៅសង្កាត់ខ្សាម បានប្រាប់អ្នកយកពត៌មានយើងថា លោកបានហៅភាគីទំនាស់ទាំងសងខាង អោយទៅជួបពិភាក្សា សម្របសម្រួលគ្នា នៅសាលាក្រុងកំពង់ឆ្នាំង ប៉ុន្តែលទ្ធផល យ៉ាងណានោះ មិនទាន់ដឹងថា មានលទ្ធផលយ៉ាងណានៅឡើយនោះទេ ។ ដោយឡែក លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង អ្នកយកពត៌មានយើង មិនអាចសុំការពន្យល់បំភ្លឺណាមួយបាននៅឡើយទេ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន ៕