សៀមរាបៈនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ នៅវត្តបុព្វទិសារ៉ាម (ហៅវត្តកំពង់ក្តី) មានពិធីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតក្រោមការគ្រប់គ្រងរបបខ្មៅងងិតប៉ុលពតប្រល័យពូជសាសន៍អស់រយៈពេល៣ឆ្នាំ ៨ខែ២០ថ្ងៃ នៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។
ដែលមានការចូលរួមពីព្រះសង្ឃមន្ត្រីរាជការលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុកជីក្រែង សរុប៦៧៦នាក់ ក្នុងនោះដែរ លោក ប៉ោក សេរីរតន៍មុនី ប្រធានគណៈកម្មាធិការ នៃគណបក្សស្រុក បានអានវិយោគកថាដែលមានអត្ថន័យបញ្ជាក់អំពីទុក្ខវេទនា របស់ប្រជាពលរដ្ឋ ក្រោមការគ្រប់គ្រងរបបប្រល័យពូជសាសន៍មួយនេះធ្វើអោយប្រទេសកម្ពុជាធ្លាក់ក្រោមកម្រិតសូន្យគ្រប់វិស័យ។
ហើយអ្នកដែលស្លាប់នៅសម័យនោះអយុត្តិធម៌បំផុត ទន្ទឹមនឹងនោះដែរ ក៏មានកម្មវិធីដាក់កូរ៉ោនកម្រងផ្កានិងការស្មឹងស្មាធគោរពវិញ្ញាណក្ខ័ន្ធសមាជិកសមាជិកាក្នុងអង្គពិធីទាំងអស់អុចធូប អុចទៀនប័ង្សុកូលឧទ្ទិសកុសល និងរាប់បាត្រតាមប្រពៃណីព្រះពុទ្ធសាសនាព្រះសង្ឃស្វាធ្យាយជ័យន្តោ។
ដោយ អ៊ុក ផ្លុង 




































