សៀមរាប នាព្រឹកថ្ងៃទី ២០ ឧសភា ឆ្នាំ២០១៥នេះ នៅបរិវេណវត្តទេពពោធិវង្ស ហៅវត្តថ្មី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប មានប្រារព្វធ្វើទិវារំលឹកវិញ្ញាណក្ខ័ន្ត ជូនដល់បងប្អូន ប្រជាពលរដ្ឋស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ពិធីនេះរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាពលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តលោកនូផល្លាសមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តនិងជាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការនិមន្ត និង អញ្ជើញចូលរួមពីព្រះសង្ឃ លោកលោកឧកញ៉ា លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទជាច្រើនចូលរួម ។
ទិវា ២០ឧសភា គឺជាថ្ងៃដែលប្រជាជនកម្ពុជាទូទាំងប្រទេស បានកំណត់យកជាថ្ងៃរំលឹកដល់វិញ្ញាណក្ខ័ន្ធ បង ប្អូនប្រជាជនខ្មែរ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌បំផុត ក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ដែលជាថ្ងៃធ្វើឲ្យប្រជាជនកម្ពុជាយើង មិនអាចបំភ្លេចបាន នូវប្រវត្តិជូរចត់ រស់នៅក្នុងសមុទ្រ ឈាមនឹងទឹកភ្នែក ហើយត្រូវបានចារិកទុកនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាយើងគ្រប់ៗរូប ។
ក្នុងពិធីនោះ លោក ឃឹម ប៊ុនសុង ក៏បានអាននូវវិយោគកថា ដោយបានគូសបញ្ជាក់ថា ថ្វីត្បិតពេលវេលានៃអតីតកាលបានកន្លងផុតជាង៣ទសវត្សក៏ពិតមែន តែភាពឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជា នៅតែដិតដាមជាប់នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនយើងគ្រប់រូបនូវមហាវិនាសកម្ម របស់ប្រជាជនជាង៣លាននាក់ ដែលបានបាត់ បង់ជីវិតយ៉ាងភាពអយុត្តិធម៌ និង អណោចអធមក្រៃលែង ។ ឯកឧត្តមបានបន្តទៀតថា ដោយទ្រាំនូវភាពវេទនាលំបាក នៃនរកអវចីនេះ ក៏មានកម្លាំងអ្នកស្នេហាជាតិបរិសុទ្ធ ដែលប្រសូទ្រចេញពីគណបក្សប្រជាជនកម្ពុជាបានបង្កើតនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ធ្វើការប្រយុទ្ធប្រឆាំងនិងពួកបនប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបាន ជ័យជំនះនាថ្ងៃ ៧មករា ១៩៧៩ បាននាំមកនូវសិទ្ធិសេរីភាពជូនប្រជាជននិងបន្តខិតខំស្តារកសាងប្រទេសពីគំនរផេះផូផង់ ឲ្យប្រែក្លាយមានការអភិវឌ្ឃន៍រីកចម្រើន ព្រមទាំងការពារសុខសន្តិភាព ស្ថេរភាពនយោ បាយ និង លើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រហូតដល់ពេលបច្ចុប្បន្ន ។ លោក ឃឹម ប៊ុនសុង ក៏លើកឡើង
ផងដែរ រាល់ការអភិវឌ្ឍន៍ ការកសាង នូវសមិទ្ធិផលជូនជាតិមាតុភូមិ របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹក នាំរបស់សម្តេចទាំងបី ជាពិសេសកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី ឲ្យមាន ការអភិវឌ្ឍន៍រីកចម្រើននៅតាមបណ្តាមូលដ្ឋាន ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ។ ក្នុងនោះដែរឯកឧត្តមក៏លើកឡើងពីការកាត់ទោសមេដឹកនាំធំៗរបស់ខ្មែរក្រហម ដែលបានកំពុងដំណើរការនៅសាលាក្តីខ្មែរក្រហម ។ ម្យ៉ាងទៀតក៏បានឧទ្ទិសដល់ថ្ងៃទិវារំលឹកវិញ្ញាណក្ខ័ន្តនេះ ឲ្យប្រែក្លាយទៅជាកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិសំដៅទៅរកការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជន។ បន្តមកគណៈអធិបតី សមាជិកនៃអង្គពិធីទាំងមូល បានធ្វើការបូជា ទៀនធូក ដាក់នូវកម្រងផ្កា គោរពវិញ្ញណក្ខ័ន្ត ដល់ប្រជាជនកម្ពុជាអ្នកស្នេហាជាតិដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ ព្រមទាំងបាននិមន្តព្រះសង្ឃ ៦៥អង្គ ប្រារព្វធ្វើពិធីសូត្រមន្ត បង្សុកូល និង រាប់បាត្រ ដើម្បីឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាល អ្នកស្នេហាជាតិ និង បុព្វការីជន ដែលបានចែកឋានទៅដោយអំពើឃោឃៅ ព្រៃផ្សៃ និង អយុត្តិធម៌ នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ឲ្យបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តតរៀងទៅ ៕



































