ដំណើរ​ចុះ​សួរសុខទុក្ខ​កងទ័ព​សមរភូមិ​មុខ​​របស់​ខេត្ត​សម្ព័ន្ធ​មេត្រីភាព​

នា​ថ្ងៃ​ទី​០៩ ខែ មេសា ឆ្នាំ​២០១៤​នេះ ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង បាន​ដឹកនាំ​គណៈប្រតិភូ និង​គ្រឿងឧបភោគ​បរិភោគ​ដែលជា​អំណោយ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប ជូន​ដល់​នាយទាហាន ពលទាហាន កងពលតូច​អន្តរាគមន៍​លេខ​៥​នៃ​

កងពលធំ​អន្តរាគមន៍​លេខ​២ ឈរជើង​នៅ  ភូមិ​ឈើ​ស្លាប់ ក្នុង​ភូមិសាស្ត្រ​ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​ដែល​អម ដំណើរ​ដោយ​ឯកឧត្តម​ក្រុមប្រឹក្សា​ខេត្ត លោក​ឧកញ៉ា អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ក្នុងនាម​ជា​ខេត្ត​សម្ព័ន្ធមេត្រីភាព​។​
​ក្នុង​កិច្ច​ស្វាគមន៍​របស់​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោសំ​រឹទ្ធ សារ៉េត មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៥​បាន​ធ្វើ​សេចក្តីរាយការណ៍  អំពី​សភាពការណ៍​សន្តិ​សុខ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ មាន​សភាព​ស្ងប់ស្ងាត់​ល្អ ប៉ុន្តែ​កងកម្លាំង​នៃ​កងយោធពល​ខេមរភូមិន្ទ នៅតែ​បន្ត​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដើម្បី​ត្រៀម​លក្ខណៈ​ទប់ទល់​ទៅនឹង ល្បិចកល​គ្រប់​រូបភាព​របស់​បច្ចាមិត្ត ដែល​មាន​បំណង​ចង់​ឈ្លានពាន​បូរណភាព​ទឹកដី​របស់​កម្ពុជា​។ ម្យ៉ាង​ទៀត​លើ​ភារកិច្ច​ថែរក្សា​សន្តិសុខ កងពលតូច​អន្តរាគមន៍​លេខ​៥​បាន​យកចិត្តទុកដាក់​ប្រើប្រាស់​កម្លាំង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​សកម្មភាព​ការពារ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង កម្មវិធី​នានា​របស់​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង អន្តរជាតិ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ផង​ដែ​រ ។ ក្នុងនោះ​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោសំ​រឹទ្ធ សារ៉េត​ក៏​បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ គណៈប្រតិភូ​ខេត្តសៀមរាប ដែល​ជា​ខេត្ត​សម្ព័ន្ធ​មេត្រីភាព​ដោយ​កន្លងមក​បាន​ធ្វើ​កិច្ច​សហ ប្រតិបត្តិការ​គ្នា​បានល្អ ព្រមទាំង​បាន​ធ្វើ​ការផ្គត់ផ្គង់ ឧបត្ថម្ភ​គាំទ្រ ក្នុង​ការកសាង​ទីតាំង​អង្គភាព​ផងដែរ ។​
​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​នាយទាហាន និង ពលទាហាន នា​ឱកាស​នោះ ឯ​.​ឧ ឃឹម ប៊ុន​សុង ក៍​បាន​បញ្ជាក់ថា កន្លងមក​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ទាំងបី ពិសេស​សម្តេច​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​យកចិត្ត​គិត​គួរ​អំពី​សុខភាព និង ជីវភាព​រស់នៅ​របស់​បងប្អូន​កងយោធពល​ខេមរភូមិន្ទ ឈរជើង​នៅ​សមរភូមិ​មុខ និង​ក្រុមគ្រួសារ​ទ័ព​នៅ​តំបន់​ទិស​ទី​៣ នៃ​យោធភូមិ​ភាគ​ទី​៤ ក៏​ដូច​កងកម្លាំងប្រដាប់អាវុធ ការពារ​តាម​បណ្តោយ​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ ។ ឯកឧត្តម​ក៏​បាន​ធ្វើការ​ក្រើនរំលឹក ដល់​នាយទាហាន ពលទាហាន​ទាំងអស់ ដោយ​បាន​បញ្ជាក់ថា ទោះបី​ស្ថានការណ៍​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ បាន​វិល​មក​រក​ដូច​សភាព​ដើម​ក៏ដោយ មាន​សភាព​ស្ងប់ស្ងាត់ នេះ បងប្អូន​ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការហ្វឹកហាត់​ឲ្យបាន​ជាប្រចាំ នូវ​យុទ្ធវិធី យុទ្ធសាស្ត្រ​របស់​កងទ័ព ហើយ​បងប្អូន​ទាំងអស់ ត្រូវ​ត្រៀម​លក្ខណៈ​នៅ​គ្រប់​វិនាទី ក្នុង​ការជួយ​អន្តរាគមន៍​នូវ​ពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង ។ ឯ​.​ឧ ឃឹម ប៊ុន​សុង ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង ធ្វើ​ការកោតសរសើរ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូន​ចំពោះ​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង ពលទាហាន​នៃ​កងពលតូច​អន្តរាគមន៍​លេខ​៥ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ពុះពារ​គ្រប់បែបយ៉ាង ក្នុង​ការកសាង​អភិវឌ្ឍន៍ អង្គភាព ដើម្បី​រួមចំណែក​បំពេញ​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម ក្នុង​កិច្ចការពារ បូរណភាព​ទឹកដី​ការពារ ខ្សែ​បន្ទាត់​ព្រំដែន​នៃ​មាតុភូមិ និង​ការថែរក្សា​សន្តិសុខ សុវត្ថិភាព​ក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ របស់​ខ្លួន​នា​ពេលកន្លងមក ។ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​កងកម្លាំង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​បញ្ហា​សុខភាព អនាម័យ និង ធ្វើ​ការកសាង ជំរក​ក្នុង​អង្គភាព ព្រមទាំង​ធ្វើការ ដាំ​ដុះ​ដំណាំ​បន្លែបង្កា និង ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​កងទ័ព​ក្នុង​អង្គភាព និង គ្រួសារ​កងទ័ព ជាពិសេស​លើ​ការគ្រប់គ្រង និង ថែរក្សា​នូវ​គ្រឿង​បំពាក់​សម្ភារៈ​កងទ័ព​ឲ្យបាន ល្អ ក្នុងការ​ទ្រទ្រង់​នៅពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង ព្រមទាំង​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព សំដៅ​ឆ្ពោះទៅ​ការអភិវឌ្ឍន៍​រីកចម្រើន​ជូន​ដល់​ប្រជាជន ឲ្យដល់​ត្រើយ​សុភ​មង្គម​តទៅ​ថ្ងៃ​អនាគត​។ ឯ​.​ឧ​ឃឹម​ប៊ុន​សុង​ក៏បាន​លើកឡើង​ថា ក្នុងឱកាស​ប្រជាជន​កម្ពុជា ទទួល​អំណរ​សាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​ក្នុង​នាម​ខេត្ត​សម្ព័ន្ធមេត្រីភាព​នឹង កងពលតូច​អន្តរាគមន៍​លេខ​៥​គណៈ​អភិបាលខេត្ត​សៀមរាប​ក៏​បាន​នាំយក​នូវ អំណោយ ជា​គ្រឿងឧបភោគ បរិភោគ ចំនួន ១៤​មុខ និង ប្រេងម៉ាស៊ូត ១​ពាន់​លីត្រ , ស៊ីម៉ង់ត៌ ១០​តោន , ស័ង្កសី ១​ពាន់​សន្លឹក និង ថវិកា​២០​លាន​រៀល ក្នុងនោះ​ថវិកា​រដ្ឋបាល​សាលាខេត្ត​១៥​លាន​រៀល​និង ៥​លាន​រៀល​ទៀត​របស់​លោក​ឧកញ៉ា ទូច សៀ​សម្រាប់​បម្រើ​ក្នុង​អង្គភាព និង​ក្រុម​គ្រួសារ​កងទ័ព​ផងដែរ ៕

1 2 3 4