កំពង់ឆ្នាំង៖ កូនឈើព្រៃលិចទឹក៥ប្រភេទចំនួន២ពាន់ដើមត្រូវបានប្រជាពលរដ្ឋនៅក្នុងសហគមន៍អន្លង់អក និងមន្ត្រីរាជការនាំគ្នាដាំដុះ នៅក្នុងតំបន់អភិវឌ្ឍន៍សហគមន៍អន្លង់អក ស្តិតក្នុងឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដើម្បីបង្កើននូវជំរកត្រីពងកូន។ពិធីនេះបាន
ប្រព្រឹត្តិឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលស្រុកជលគីរី លោកនាយ លោកនាយរងខណ្ណ័រដ្ឋបាលជល និងប្រជាពលរដ្ឋចូលរួមប្រមាណជិត៣០០នាក់។
លោក សោម ភិរុណ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានថ្លែងថា៖ក្រោយពីមានការកំណែទម្រង់វិស័យជលផល ខេត្តកំពង់ឆ្នាំងបានបង្កើតសហគមន៍នេសាទបានចំនួន៦១សហគមន៍ ដែលបច្ចុប្បន្នកន្លែងអភិរក្សត្រីមេពូជមានចំនួន៤០កន្លែង និងព្រៃឈើលិចទឹកគ្រប់គ្រងដោយសហគមន៍មាន១០កន្លែង។ពីឆ្នាំ២០១៤រហូតមកដល់បច្ចុប្បន្ន ខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានដាំកូនឈើព្រៃលិចទឹកបានចំនួន៧លើកនៅតាមបណ្តាសហគមន៍នេសាទ លើផ្ទៃដីទំហំសរុប១២ហិកតា និងប្រើប្រាស់កូនឈើប្រភេទព្រៃលិចទឹកចំនួន៣ម៉ឺន ដើម។នៅក្នុងទិសដៅបន្តខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មានគម្រោងដាំព្រៃលិចទឹកនៅក្នុងសហគមន៍នេសាទសំរិទ្ធជ័យទំហំ២ហិកតាថែមទៀត។
នៅក្នុងពិធីនេះដែរលោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលេជលផលបានមានប្រសាសន៍ថា៖ បច្ចុប្បន្នប្រភពធនធានជលផលរបស់យើង កំពុងមាននិន្នាការប្រឈមទៅនឹងការបំផ្លិចបំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ដែលបង្កឡើងដោយជនល្មើសនេសាទអនាធិបតេយ្យមួយចំនួន ធ្វើនេសាទដោយខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ របាំងលូស្បៃមុង របាំងលបលូសាច់អួន បូមបាចពង្រីកបឹងបួរ ដាក់សម្រាស់ កាប់ឆ្ការ ទន្ទ្រានយកដីព្រៃលិចទឹក ឈូសឆាយដុតបំផ្លាញព្រៃលិចទឹកយកដីធ្វើជាកម្មសិទ្ធជាដើម។ទង្វើបែបនេះ ធ្វើអោយធនធានជលផលបានថយចុះជាបន្តបន្ទាប់ស្ទើរតែ រៀងរាល់ឆ្នាំគួរអោយបារម្ភ។លោកបានសំណូមពរ ដល់ប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សហគមន៍នេសាទ រួមគ្នាបង្កានិងទប់ស្កាត់ បង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ដើម្បីរួមចំណែកជួយថែរក្សាការពារធនធានជលផលប្រកបដោយនិរន្តរភាព ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពស្បៀង
ពិសេសរួមគ្នាទប់ស្កាត់ការរំលោភបំពានយកព្រៃលិច ជួយការពារកន្លែងអភិរក្សធនធានជលផល។ ដោយឡែកលោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំងក៍បានថ្លែងទៅកាន់អង្គពិធីថា៖ក្នុងពេលនេះ យើងរួមគ្នាដាំកូនឈើព្រៃលិចទឹកនៅក្នុងដែនគ្រប់គ្រងដោយសហគមន៍នេសាទ ដែលបានបង្ហាញអោយឃើញពីសក្ខីភាពនៃកិច្ចការពារថែរក្សាគ្រប់គ្រងធនធានជលផលអោយបានស្ថិតស្ថេរគង់វង្ស និងប្រកបដោយនិរន្តរភាព រក្សាបាននូវសក្តានុពលធម្មជាតិបំពេញបន្ថែមនូវព្រៃដែលរិចរឹល ដាស់តឿនក្រើនរំលឹកដល់ស្មារតីប្រជាពលរដ្ឋ និងអ្នកនេសាទគ្រប់រូប ត្រូវបញ្ជៀសអោយបាននូវទង្វើនេសាទខុសច្បាប់ ជាពិសេសការកាប់ឆ្ការ គាស់រាន ឈូសឆាយដុតព្រៃលិចទឹកយកដីជាកម្មសិទ្ធិ និងការដាក់សម្រាស់ដែលជាប្រការខុសឆ្គងយ៉ាងធ្ងន់ធ្ងរផ្ទុយនឹងច្បាប់ស្តីពីជលផល។
លោកអភិបាលរងខេត្តបាន សំណូមពរដល់អាជ្ញាធរឃុំ ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមជួយគាំទ្រ និងសុំចាត់បញ្ចូលផែនការអភិវឌ្ឍន៍៥ឆ្នាំរំកិល និងកម្មវីធីវិនិយោគ៣ឆ្នាំរំកិល ដែលផ្តល់មូលនិធិរបស់ឃុំស្រុក និងជួយគ្នាសហការណ៍ល្អជាមួយសហគមន៍នេសាទ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការកំណែទម្រង់វិស័យជលផលអោយមានការរីកចំរើន និងគង់វង្សជានិរន្ត លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ៕




































